19. ខ្ញុំប្រាប់អ្នករាល់គ្នាតាំងពីឥឡូវនេះ មុនដែលការនោះកើតមក ដើម្បីកាលណាបានកើតមកដល់ នោះឲ្យអ្នករាល់គ្នាបានជឿថា គឺខ្ញុំនេះហើយ
20. ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាទទួលអ្នកដែលខ្ញុំនឹងចាត់ឲ្យទៅ នោះឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះក៏ឈ្មោះថាទទួលព្រះអង្គ ដែលចាត់ឲ្យខ្ញុំមកដែរ។
21. កាលព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលសេចក្តីទាំងនោះរួចហើយ នោះទ្រង់មានព្រះហឫទ័យតប់ប្រមល់ ហើយក៏ធ្វើបន្ទាល់ថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មានពួកអ្នករាល់គ្នាម្នាក់នឹងបញ្ជូនខ្ញុំ
22. ដូច្នេះ ពួកសិស្សក៏ងាកមើលគ្នាទៅវិញទៅមក មិនដឹងជាទ្រង់មានព្រះបន្ទូលពីអ្នកណាទេ
23. មានសិស្សម្នាក់ដែលព្រះយេស៊ូវស្រឡាញ់ គាត់អង្គុយនៅតុ ផ្អែកលើព្រះឧរាទ្រង់
24. ដូច្នេះ ស៊ីម៉ូន-ពេត្រុសក៏ធ្វើគ្រឿងសំគាល់ ឲ្យអ្នកនោះទូលសួរព្រះយេស៊ូវ អំពីអ្នកណាដែលទ្រង់មានព្រះបន្ទូលនោះ
25. អ្នកនោះក៏ទូលសួរព្រះយេស៊ូវ ទាំងទំរេតលើព្រះឧរាទ្រង់ថា ព្រះអម្ចាស់អើយ តើអ្នកណា
26. ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា គឺជាអ្នកដែលខ្ញុំនឹងជ្រលក់ចំណិតនំបុ័ងហុចទៅឲ្យ រួចទ្រង់ជ្រលក់នំបុ័ង១ចំណិត ប្រទានទៅឲ្យយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន
27. ក្រោយដែលទទួលចំណិតនោះហើយ នោះអារក្សសាតាំងក៏ចូលវា រួចព្រះយេស៊ូវមានព្រះបន្ទូលទៅវាថា ការអ្វីដែលអ្នកគិតធ្វើ នោះចូរធ្វើជាប្រញាប់ទៅចុះ
28. ប៉ុន្តែ ក្នុងពួកអ្នកដែលអង្គុយនៅតុ គ្មានអ្នកណាដឹងជាទ្រង់មានព្រះបន្ទូលទៅវា ដោយហេតុអ្វីទេ
29. ខ្លះស្មានថា ដោយព្រោះយូដាសកាន់ថង់ប្រាក់ បានជាព្រះយេស៊ូវ ទ្រង់ប្រាប់ឲ្យវាទៅទិញអីវ៉ាន់អ្វីនីមួយ ដែលត្រូវការសំរាប់បុណ្យនោះ ឬឲ្យវាចែកទានអ្វីដល់ពួកអ្នកក្រីក្រ