គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 13:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. កាល​មុន​បុណ្យ​រំលង នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប​ថា ពេល​កំណត់ ដែល​ទ្រង់​ត្រូវ​ចេញ​ពី​លោកីយ៍​នេះ ទៅ​ឯ​ព្រះ‌វរ‌បិតា​វិញ បាន​មក​ដល់​ហើយ ដូច្នេះ ដែល​ទ្រង់​បាន​ស្រឡាញ់​ដល់​ពួក​ទ្រង់​នៅ​ក្នុង​លោកីយ៍​នេះ នោះ​ទ្រង់​ក៏​ចេះ​តែ​ស្រឡាញ់​គេ ដរាប​ដល់​ចុង​បំផុត

2. កំពុង​ពេល​បាយ​យប់​នោះ​ឯង កាល​អារក្ស​បាន​បញ្ចូល​ចិត្ត​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​កូន​ស៊ីម៉ូន ឲ្យ​បញ្ជូន​ទ្រង់​ហើយ

3. នោះ​ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​បាន​ជ្រាប​ថា ព្រះ‌វរ‌បិតា​បាន​ប្រគល់​ការ​ទាំង​អស់​មក​ក្នុង​ព្រះ‌ហស្ត​ទ្រង់ ហើយ​ថា ទ្រង់​មក​ពី​ព្រះ ក៏​ត្រូវ​ទៅ​ឯ​ព្រះ​វិញ

4. បាន​ជា​ទ្រង់​ក្រោក​ពី​សោយ​ឡើង ដោះ​ព្រះ‌ពស្ត្រ​ពេញ រួច​យក​ក្រមា​មក​ក្រវាត់​អង្គ

5. ក្រោយ​នោះ​ទ្រង់​ចាក់​ទឹក​ក្នុង​ចាន​ក្លាំ ចាប់​តាំង​លាង​ជើង​ពួក​សិស្ស ហើយ​យក​ក្រមា​ដែល​ទ្រង់​ក្រវាត់​នោះ​មក​ជូត

6. កាល​ទ្រង់​មក​ដល់​ស៊ីម៉ូន-ពេត្រុស នោះ​គាត់​ទូល​ថា ព្រះ‌អម្ចាស់​អើយ ទ្រង់​លាង​ជើង​ឲ្យ​ទូល‌បង្គំ​ឬ

7. ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា ការ​ដែល​ខ្ញុំ​ធ្វើ នោះ​អ្នក​មិន​យល់​ក្នុង​ពេល​ឥឡូវ​នេះ​ទេ តែ​ទៅ​មុខ​ទើប​នឹង​បាន​យល់​វិញ

8. ពេត្រុស​ទូល​ប្រកែក​ថា ទ្រង់​មិន​ត្រូវ​លាង​ជើង​ឲ្យ​ទូល‌បង្គំ​សោះ​ឡើយ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា បើ​ខ្ញុំ​មិន​លាង​ឲ្យ​អ្នក នោះ​អ្នក​គ្មាន​ចំណែក​ជា​មួយ​នឹង​ខ្ញុំ​ទេ

9. ស៊ីម៉ូន-ពេត្រុស​ទូល​ទ្រង់​ថា ឱ​ព្រះ‌អម្ចាស់​អើយ បើ​ដូច្នោះ សូម​កុំ​លាង​ត្រឹម​តែ​ជើង​ទូល‌បង្គំ​ប៉ុណ្ណោះ​ឡើយ គឺ​សូម​លាង​ដល់​ទាំង​ដៃ​ទាំង​ក្បាល​ផង​ចុះ

10. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា អ្នក​ដែល​ងូត​ទឹក​ហើយ នោះ​ត្រូវ​ការ​លាង​តែ​ជើង​ប៉ុណ្ណោះ ឲ្យ​បាន​ស្អាត​ទាំង​អស់ ឯ​អ្នក​រាល់​គ្នា​ក៏​បាន​ស្អាត​ហើយ តែ​មិន​មែន​ទាំង​អស់​គ្នា​ទេ

11. នេះ​ព្រោះ​ទ្រង់​ជ្រាប​នូវ​អ្នក​ណា​ដែល​នឹង​បញ្ជូន​ទ្រង់ ហេតុ​នោះ​បាន​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អ្នក​រាល់​គ្នា​មិន​មែន​ស្អាត​គ្រប់​គ្នា​ទេ។

12. កាល​ទ្រង់​បាន​លាង​ជើង​គេ​រួច ហើយ​បាន​ពាក់​ព្រះ‌ពស្ត្រ​ទ្រង់​វិញ នោះ​ក៏​គង់​នៅ​តុ មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា តើ​អ្នក​រាល់​គ្នា​យល់​ការ​ដែល​ខ្ញុំ​ទើប​នឹង​ធ្វើ​នេះ​ឬ​ទេ

13. អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ជា​លោក​គ្រូ ហើយ​ជា​ព្រះ‌អម្ចាស់ នោះ​ក៏​ត្រូវ​មែន ពី​ព្រោះ​គឺ​ខ្ញុំ​នេះ​ហើយ

សូមអានជំពូកពេញលេញ យ៉ូហាន 13