គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 12:29-47 ព្រះគម្ពីរបរិសុទ្ធ (KHOV)

29. ដូច្នេះ បណ្តា​មនុស្ស​ដែល​ឈរ​នៅ​ទី​នោះ ហើយ​ឮ ក៏​និយាយ​ថា ឮ​ផ្គរ‌លាន់ ខ្លះ​ទៀត​ថា មាន​ទេវតា​ទូល​នឹង​ទ្រង់

30. តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា សំឡេង​នេះ​មិន​មែន​ឮ​ដោយ​ព្រោះ​ខ្ញុំ​ទេ គឺ​ដោយ​យល់​ដល់​អ្នក​រាល់​គ្នា​វិញ

31. ឥឡូវ លោកីយ៍​នេះ​ត្រូវ​ជាប់​ទោស​ហើយ ឥឡូវ​នេះ ចៅ‌ហ្វាយ​របស់​លោកីយ៍​នេះ ក៏​ត្រូវ​បោះ​ចោល​ចេញ

32. ឯ​ខ្ញុំ បើ​សិន​ជា​ខ្ញុំ​ត្រូវ​លើក​ពី​ដី​ឡើង នោះ​ខ្ញុំ​នឹង​ទាញ​មនុស្ស​ទាំង​អស់​មក​ឯ​ខ្ញុំ

33. ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ ដើម្បី​នឹង​បង្ហាញ ពី​ទ្រង់​ត្រូវ​សុគត​ជា​បែប​យ៉ាង​ណា

34. ហ្វូង​មនុស្ស​ទូល​ឆ្លើយ​ថា យើង​ខ្ញុំ​បាន​ឮ​ក្នុង​ក្រឹត្យ‌វិន័យ​ថា ព្រះ‌គ្រីស្ទ ទ្រង់​គង់​នៅ​អស់​កល្ប‌ជានិច្ច ចុះ​ធ្វើ​ដូច​ម្តេច​បាន​ជា​ថា កូន​មនុស្ស​ត្រូវ​លើក​ឡើង​ដូច្នេះ តើ​អ្នក​ណា​ជា​កូន​មនុស្ស​នេះ

35. នោះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ពន្លឺ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ទេ ចូរ​ដើរ​កំពុង​ដែល​នៅ​មាន​ពន្លឺ​ចុះ ក្រែង​លោ​សេចក្តី​ងងឹត​តាម​អ្នក​រាល់​គ្នា​ទាន់ អ្នក​ណា​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត នោះ​មិន​ដឹង​ជា​ទៅ​ឯ​ណា​ទេ

36. ចូរ​អ្នក​រាល់​គ្នា​ជឿ​ដល់​ពន្លឺ កំពុង​ដែល​នៅ​មាន​នៅ​ឡើយ​ចុះ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​នៃ​ពន្លឺ។

37. លុះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ​ហើយ នោះ​ទ្រង់​ក៏​យាង​ចេញ​ទៅ ហើយ​បាន​កំបាំង​ពី​គេ ប៉ុន្តែ ទោះ​បើ​ទ្រង់​បាន​ធ្វើ​ទី​សំគាល់ នៅ​មុខ​គេ​ជា​ច្រើន​ទាំង​ម៉្លេះ​ក៏​ដោយ គង់​តែ​គេ​មិន​បាន​ជឿ​ដល់​ទ្រង់​ដែរ

38. ដើម្បី​ឲ្យ​ពាក្យ​របស់​ហោរា​អេសាយ​បាន​សំរេច ដែល​ទាយ​ថា «ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា​បាន​ជឿ​សេចក្តី​ដែល​យើង​ខ្ញុំ​ប្រាប់ ហើយ​តើ​ព្រះ‌ហស្ត​ព្រះ‌អម្ចាស់​បាន​បើក​សំដែង​មក ឲ្យ​អ្នក​ណា​ឃើញ»

39. គឺ​ដោយ​ហេតុ​នោះ​បាន​ជា​គេ​ជឿ​ពុំ​បាន ពី​ព្រោះ​លោក​អេសាយ​ក៏​ទាយ​ទៀត​ថា

40. «ទ្រង់​បាន​ធ្វើ​ឲ្យ​ភ្នែក​គេ​ខ្វាក់ ហើយ​ឲ្យ​ចិត្ត​គេ​រឹង ក្រែង​ភ្នែក​គេ​មើល​ឃើញ ចិត្ត​គេ​យល់ ហើយ​គេ​ប្រែ​គំនិត ដើម្បី​ឲ្យ​អញ​បាន​ប្រោស​ឲ្យ​ជា»

41. លោក​អេសាយ​មាន​ប្រសាសន៍​សេចក្តី​ទាំង​នេះ ពី​ព្រោះ​លោក​បាន​ឃើញ​សិរី‌ល្អ​ទ្រង់ ហើយ​ក៏​ទាយ​ពី​ទ្រង់

42. ប៉ុន្តែ នៅ​ក្នុង​ពួក​នាម៉ឺន ក៏​មាន​ជា​ច្រើន​នាក់​បាន​ជឿ​ដល់​ទ្រង់​ដែរ តែ​គេ​មិន​ហ៊ាន​ប្រាប់​ដល់​អ្នក​ណា​សោះ ដោយ​ព្រោះ​ពួក​ផារិ‌ស៊ី ក្រែង​ត្រូវ​កាត់​ចេញ​ពី​ពួក​ជំនុំ​គេ​ទៅ

43. ពី​ព្រោះ​គេ​ចូល​ចិត្ត​នឹង​សេចក្តី​សរសើរ​របស់​មនុស្ស ជា​ជាង​សេចក្តី​សរសើរ​របស់​ព្រះ​វិញ។

44. ព្រះ‌យេស៊ូវ​ទ្រង់​បន្លឺ​ឡើង​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​មិន​មែន​ជឿ​ដល់​ខ្ញុំ គឺ​ជឿ​ដល់​ព្រះ‌អង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ

45. ហើយ​អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​ឃើញ​ព្រះ‌អង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ

46. ខ្ញុំ​បាន​មក​ក្នុង​លោកីយ៍​ជា​ពន្លឺ​ភ្លឺ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ត្រូវ​នៅ​ក្នុង​សេចក្តី​ងងឹត​ឡើយ

47. បើ​អ្នក​ណា​ឮ​ពាក្យ​ខ្ញុំ តែ​មិន​ជឿ នោះ​ខ្ញុំ​មិន​កាត់​ទោស​គេ ដ្បិត​ខ្ញុំ​មិន​បាន​មក ដើម្បី​នឹង​កាត់​ទោស​ដល់​លោកីយ៍​ទេ គឺ​មក​ប្រយោជន៍​នឹង​សង្គ្រោះ​វិញ

សូមអានជំពូកពេញលេញ យ៉ូហាន 12