គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 12:18-37 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. គឺ​ដោយ​ហេតុ​នោះ បាន​ជា​មាន​ហ្វូង​មនុស្ស​ទៅ​ទទួល​ទ្រង់ ពី​ព្រោះ​គេ​ឮ​ថា ទ្រង់​បាន​ធ្វើ​ទី​សំគាល់​នោះ

19. ដូច្នេះ ពួក​ផារិ‌ស៊ី​និយាយ​គ្នា​គេ​ថា មើល ពួក​យើង​មិន​ឈ្នះ​ទេ ឃើញ​ឬ​ទេ លោកីយ៍​ទាំង​ស្រុង​ទៅ​តាម​អ្នក​នោះ​ហើយ។

20. ក្នុង​ពួក​អ្នក​ដែល​ឡើង​ទៅ​ថ្វាយ‌បង្គំ នៅ​ក្នុង​វេលា​បុណ្យ​នោះ ក៏​មាន​សាសន៍​ក្រេក​ខ្លះ​ដែរ

21. គេ​មក​ឯ​ភីលីព ជា​អ្នក​នៅ​ភូមិ​បេត‌សៃដា ស្រុក​កាលី‌ឡេ គេ​សូម​គាត់​ថា លោក​ម្ចាស់ យើង​ខ្ញុំ​ចង់​ឃើញ​ព្រះ‌យេស៊ូវ

22. ភីលីព​ក៏​ទៅ​ប្រាប់​អនទ្រេ និង​ភីលីព​ទៅ​ទូល​ដល់​ព្រះ‌យេស៊ូវ

23. តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា កំណត់​ដែល​កូន​មនុស្ស​ត្រូវ​ដំកើង​ឡើង បាន​មក​ដល់​ហើយ

24. ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​មិន​ងាប់​ទេ នោះ​ក៏​នៅ​តែ​១​ដដែល តែ​បើ​ងាប់​វិញ នោះ​ក៏​បង្កើត​ផល​ជា​ច្រើន​ឡើង

25. អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត​ខ្លួន នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​ស្អប់​ជីវិត​ខ្លួន នៅ​លោកីយ៍​នេះ​វិញ នោះ​នឹង​រក្សា​ជីវិត​ទុក ដរាប​ដល់​អស់​កល្ប​រៀង​ទៅ

26. បើ​អ្នក​ណា​បំរើ​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​មក​តាម​ខ្ញុំ​ចុះ យ៉ាង​នោះ ទោះ‌បី​ខ្ញុំ​នៅ​ឯ​ណា​ក្តី អ្នក​បំរើ​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ បើ​អ្នក​ណា​បំរើ​ខ្ញុំ ព្រះ‌វរ‌បិតា​នឹង​លើក​មុខ​អ្នក​នោះ។

27. ឥឡូវ​នេះ ខ្ញុំ​មាន​ចិត្ត​តប់‌ប្រមល់ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទូល​ដូច​ម្តេច ឱ​ព្រះ‌វរ‌បិតា​អើយ សូម​ជួយ​សង្គ្រោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​ពេល​នេះ​ផង ប៉ុន្តែ គឺ​ដោយ​ហេតុ​នេះ​ឯង បាន​ជា​ទូល‌បង្គំ​មក​ដល់​ពេល​នេះ

28. ឱ​ព្រះ‌វរ‌បិតា​អើយ សូម​ដំកើង​ព្រះ‌នាម​ទ្រង់​ឡើង នោះ​ស្រាប់​តែ​មាន​ឮ​សំឡេង​ពី​លើ​មេឃ​ថា អញ​បាន​ដំកើង​ហើយ ក៏​នឹង​ដំកើង​ឡើង​ទៀត​ដែរ

29. ដូច្នេះ បណ្តា​មនុស្ស​ដែល​ឈរ​នៅ​ទី​នោះ ហើយ​ឮ ក៏​និយាយ​ថា ឮ​ផ្គរ‌លាន់ ខ្លះ​ទៀត​ថា មាន​ទេវតា​ទូល​នឹង​ទ្រង់

30. តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា សំឡេង​នេះ​មិន​មែន​ឮ​ដោយ​ព្រោះ​ខ្ញុំ​ទេ គឺ​ដោយ​យល់​ដល់​អ្នក​រាល់​គ្នា​វិញ

31. ឥឡូវ លោកីយ៍​នេះ​ត្រូវ​ជាប់​ទោស​ហើយ ឥឡូវ​នេះ ចៅ‌ហ្វាយ​របស់​លោកីយ៍​នេះ ក៏​ត្រូវ​បោះ​ចោល​ចេញ

32. ឯ​ខ្ញុំ បើ​សិន​ជា​ខ្ញុំ​ត្រូវ​លើក​ពី​ដី​ឡើង នោះ​ខ្ញុំ​នឹង​ទាញ​មនុស្ស​ទាំង​អស់​មក​ឯ​ខ្ញុំ

33. ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ ដើម្បី​នឹង​បង្ហាញ ពី​ទ្រង់​ត្រូវ​សុគត​ជា​បែប​យ៉ាង​ណា

34. ហ្វូង​មនុស្ស​ទូល​ឆ្លើយ​ថា យើង​ខ្ញុំ​បាន​ឮ​ក្នុង​ក្រឹត្យ‌វិន័យ​ថា ព្រះ‌គ្រីស្ទ ទ្រង់​គង់​នៅ​អស់​កល្ប‌ជានិច្ច ចុះ​ធ្វើ​ដូច​ម្តេច​បាន​ជា​ថា កូន​មនុស្ស​ត្រូវ​លើក​ឡើង​ដូច្នេះ តើ​អ្នក​ណា​ជា​កូន​មនុស្ស​នេះ

35. នោះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ពន្លឺ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ទេ ចូរ​ដើរ​កំពុង​ដែល​នៅ​មាន​ពន្លឺ​ចុះ ក្រែង​លោ​សេចក្តី​ងងឹត​តាម​អ្នក​រាល់​គ្នា​ទាន់ អ្នក​ណា​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត នោះ​មិន​ដឹង​ជា​ទៅ​ឯ​ណា​ទេ

36. ចូរ​អ្នក​រាល់​គ្នា​ជឿ​ដល់​ពន្លឺ កំពុង​ដែល​នៅ​មាន​នៅ​ឡើយ​ចុះ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​នៃ​ពន្លឺ។

37. លុះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ​ហើយ នោះ​ទ្រង់​ក៏​យាង​ចេញ​ទៅ ហើយ​បាន​កំបាំង​ពី​គេ ប៉ុន្តែ ទោះ​បើ​ទ្រង់​បាន​ធ្វើ​ទី​សំគាល់ នៅ​មុខ​គេ​ជា​ច្រើន​ទាំង​ម៉្លេះ​ក៏​ដោយ គង់​តែ​គេ​មិន​បាន​ជឿ​ដល់​ទ្រង់​ដែរ

សូមអានជំពូកពេញលេញ យ៉ូហាន 12