គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 11:45-57 ព្រះគម្ពីរបរិសុទ្ធ (KHOV)

45. ដូច្នេះ កាល​ពួក​សាសន៍​យូដា ដែល​មក​តាម​នាង​ម៉ារា បាន​ឃើញ​ការ​ដែល​ព្រះ‌យេស៊ូវ​ធ្វើ នោះ​មាន​គ្នា​ជា​ច្រើន​ជឿ​ដល់​ទ្រង់

46. តែ​មាន​ខ្លះ​ទៅ​ជំរាប​ដល់​ពួក​ផារិ‌ស៊ី ពី​ការ​ដែល​ព្រះ‌យេស៊ូវ​បាន​ធ្វើ

47. នោះ​ពួក​សង្គ្រាជ និង​ពួក​ផារិ‌ស៊ី គេ​ប្រមូល​ក្រុម​ប្រឹក្សា​មក​និយាយ​ថា តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ព្រោះ​មនុស្ស​នេះ​ធ្វើ​ទី​សំគាល់​ច្រើន​ណាស់

48. បើ​យើង​ទុក​ឲ្យ​ធ្វើ​តែ​យ៉ាង​ដូច្នេះ​ទៅ នោះ​មុខ​ជា​មនុស្ស​ទាំង​អស់​នឹង​ជឿ​តាម​វា​ហើយ រួច​សាសន៍​រ៉ូម​នឹង​មក​ចាប់​យក​ទាំង​ស្រុក និង​ជាតិ​យើង​ផង

49. មាន​ក្រុម‌ជំនុំ​ម្នាក់​ឈ្មោះ​កៃផា ដែល​ធ្វើ​ជា​សំដេច​សង្ឃ​ក្នុង​ឆ្នាំ​នោះ លោក​មាន​ប្រសាសន៍​ថា អ្នក​រាល់​គ្នា​មិន​ដឹង​អ្វី​សោះ

50. ក៏​មិន​គិត​ពិចារណា​ឃើញ​ថា បើ​មាន​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​បណ្តា‌ជន នោះ​មាន​ប្រយោជន៍ ដល់​អ្នក​រាល់​គ្នា​ជា​ជាង ដើម្បី​កុំ​ឲ្យ​ជាតិ​យើង​នេះ​ត្រូវ​វិនាស​ទាំង​អស់​ឡើយ

51. តែ​លោក​មិន​និយាយ​សេចក្តី​នោះ ដោយ​អាង​តែ​ខ្លួន​លោក​ទេ គឺ​ដោយ​ព្រោះ​លោក​ជា​សំដេច​សង្ឃ​នៅ​ឆ្នាំ​នោះ បាន​ជា​លោក​ទាយ​ថា ព្រះ‌យេស៊ូវ​ត្រូវ​សុគត​ជំនួស​សាសន៍​នោះ

52. ហើយ​មិន​ជំនួស​ត្រឹម​តែ​សាសន៍​នោះ​ប៉ុណ្ណោះ គឺ​សុគត​ដើម្បី​ឲ្យ​អស់​ទាំង​កូន​នៃ​ព្រះ ដែល​ខ្ចាត់​ខ្ចាយ​ទៅ បាន​ប្រមូល​រួម​មក​ជា​សាសន៍​តែ​១​ដែរ

53. ដូច្នេះ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក គេ​ក៏​ពិគ្រោះ​គ្នា​នឹង​សំឡាប់​ទ្រង់​ចេញ

54. ហេតុ​នោះ​បាន​ជា​ព្រះ‌យេស៊ូវ មិន​បាន​យាង​នៅ​ក្នុង​ពួក​សាសន៍​យូដា ឲ្យ​គេ​ឃើញ​ទៀត​ទេ គឺ​ទ្រង់​យាង​ទៅ​ឯ​ស្រុក​ស្រែ​ក្បែរ​ទី​រហោ‌ស្ថាន​វិញ ដល់​ភូមិ​១​ហៅ​ថា អេប្រា‌អិម ក៏​គង់​នៅ​ទី​នោះ​ជា​មួយ​នឹង​ពួក​សិស្ស។

55. រីឯ​បុណ្យ​រំលង​របស់​សាសន៍​យូដា នោះ​ជិត​ដល់​ហើយ ក៏​មាន​មនុស្ស​ជា​ច្រើន​ចេញ​ពី​ស្រុក​ស្រែ ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​មុន​បុណ្យ​នោះ ដើម្បី​ឲ្យ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ

56. ពួក​អ្នក​ទាំង​នោះ​កំពុង​តែ​ឈរ​នៅ​ក្នុង​ព្រះ‌វិហារ សួរ​គ្នា​រក​ព្រះ‌យេស៊ូវ​ថា លោក​នោះ​មិន​មក​ឯ​បុណ្យ​នេះ​ទេ​ឬ​អី តើ​គិត​ដូច​ម្តេច

57. ឯ​ពួក​សង្គ្រាជ និង​ពួក​ផារិ‌ស៊ី​បាន​បង្គាប់​មក​ថា បើ​អ្នក​ណា​ដឹង​ជា​ទ្រង់​គង់​នៅ​ឯ​ណា នោះ​ត្រូវ​ប្រាប់​ឲ្យ​គេ​ដឹង​ផង ដើម្បី​ឲ្យ​គេ​បាន​ទៅ​ចាប់​ទ្រង់។

សូមអានជំពូកពេញលេញ យ៉ូហាន 11