គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 11:37-48 ព្រះគម្ពីរបរិសុទ្ធ (KHOV)

37. ហើយ​ពួក​ខ្លះ​និយាយ​ថា លោក​នេះ​ដែល​បាន​ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​ភ្លឺ តើ​ពុំ​អាច​នឹង​ឃាត់​មិន​ឲ្យ​មនុស្ស​នេះ​ស្លាប់​បាន​ដែរ​ឬ។

38. នោះ​ព្រះ‌យេស៊ូវ​យាង​ទៅ​ដល់​ផ្នូរ ទាំង​មាន​សេចក្តី​ក្នាញ់​ក្នុង​ព្រះ‌ហឫ‌ទ័យ​ម្តង​ទៀត ឯ​ផ្នូរ​នោះ​ជា​រអាង​ភ្នំ ហើយ​មាន​ថ្ម​១​បិទ​សន្ធប់

39. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា ចូរ​យក​ថ្ម​ចេញ តែ​ម៉ាថា ជា​បង​របស់​រូប​បុគ្គល​នោះ​ទូល​ថា ព្រះ‌អម្ចាស់​អើយ ខ្មោច​នេះ​ធុំ​ក្លិន​ហើយ ព្រោះ​ស្លាប់​កន្លង​មក​បាន​៤​ថ្ងៃ

40. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា តើ​ខ្ញុំ​មិន​បាន​ប្រាប់​នាង​ថា បើ​សិន​ជា​នាង​ជឿ នោះ​នាង​នឹង​ឃើញ​សិរី‌ល្អ​នៃ​ព្រះ​ទេ​ឬ​អី

41. ដូច្នេះ គេ​ក៏​យក​ថ្ម​ចេញ រួច​ព្រះ‌យេស៊ូវ​ងើប​ព្រះ‌នេត្រ​ទៅ​លើ ទូល​ថា ឱ​ព្រះ‌វរ‌បិតា​អើយ ទូល‌បង្គំ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ដោយ​ព្រោះ​ទ្រង់​បាន​អនុញ្ញាត​តាម​ទូល‌បង្គំ

42. ទូល‌បង្គំ​ដឹង​ថា ទ្រង់​អនុញ្ញាត​តាម​ទូល‌បង្គំ​ជា​ដរាប តែ​ដែល​ទូល‌បង្គំ​ទូល​ដូច្នេះ គឺ​ដោយ​ព្រោះ​តែ​បណ្តា​មនុស្ស​ដែល​ឈរ​នៅ​ជុំ‌វិញ​ទេ ដើម្បី​ឲ្យ​គេ​ជឿ​ថា ទ្រង់​បាន​ចាត់​ឲ្យ​ទូល‌បង្គំ​មក​មែន

43. កាល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ក៏​បន្លឺ​វាចា​ថា ឡាសារ​អើយ ចូរ​ចេញ​មក

44. នោះ​អ្នក​ដែល​បាន​ស្លាប់ ក៏​ចេញ​មក មាន​ទាំង​សំពត់‌ស្នប​រុំ​ជាប់​នៅ​ជើង​ដៃ​ផង ហើយ​មាន​កន្សែង​គ្រប​មុខ​ដែរ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ចូរ​ស្រាយ​គាត់​ឲ្យ​ទៅ​ចុះ។

45. ដូច្នេះ កាល​ពួក​សាសន៍​យូដា ដែល​មក​តាម​នាង​ម៉ារា បាន​ឃើញ​ការ​ដែល​ព្រះ‌យេស៊ូវ​ធ្វើ នោះ​មាន​គ្នា​ជា​ច្រើន​ជឿ​ដល់​ទ្រង់

46. តែ​មាន​ខ្លះ​ទៅ​ជំរាប​ដល់​ពួក​ផារិ‌ស៊ី ពី​ការ​ដែល​ព្រះ‌យេស៊ូវ​បាន​ធ្វើ

47. នោះ​ពួក​សង្គ្រាជ និង​ពួក​ផារិ‌ស៊ី គេ​ប្រមូល​ក្រុម​ប្រឹក្សា​មក​និយាយ​ថា តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ព្រោះ​មនុស្ស​នេះ​ធ្វើ​ទី​សំគាល់​ច្រើន​ណាស់

48. បើ​យើង​ទុក​ឲ្យ​ធ្វើ​តែ​យ៉ាង​ដូច្នេះ​ទៅ នោះ​មុខ​ជា​មនុស្ស​ទាំង​អស់​នឹង​ជឿ​តាម​វា​ហើយ រួច​សាសន៍​រ៉ូម​នឹង​មក​ចាប់​យក​ទាំង​ស្រុក និង​ជាតិ​យើង​ផង

សូមអានជំពូកពេញលេញ យ៉ូហាន 11