គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 1:41-51 ព្រះគម្ពីរបរិសុទ្ធ (KHOV)

41. មុន​ដំបូង​គាត់​រក​ស៊ីម៉ូន ជា​បង​បង្កើត ក៏​ប្រាប់​ថា យើង​បាន​ឃើញ​ព្រះ‌មែស្ស៊ី​ហើយ (គឺ​ប្រែ​ថា​ព្រះ‌គ្រីស្ទ)

42. រួច​គាត់​នាំ​បង​ទៅ​ឯ​ព្រះ‌យេស៊ូវ ឯ​ទ្រង់ ក៏​ទត​មើល​គាត់ ហើយ​មាន​ព្រះ‌បន្ទូល​ថា អ្នក​ឈ្មោះ​ស៊ីម៉ូន ជា​កូន​យ៉ូណាស តែ​ត្រូវ​ហៅ​ថា កេផាស​វិញ (គឺ​ប្រែ​ថា ថ្ម)។

43. លុះ​ដល់​ស្អែក​ឡើង ព្រះ‌យេស៊ូវ​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​យាង​ទៅ​ឯ​ស្រុក​កាលី‌ឡេ ទ្រង់​ក៏​រក​ភីលីព កាល​បាន​ឃើញ​ហើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ចូរ​តាម​ខ្ញុំ​មក

44. ឯ​ភីលីព​នេះ គាត់​នៅ​បេតសៃដា ជា​ទី​ក្រុង​របស់​អនទ្រេ និង​ពេត្រុស

45. ភីលីព​ក៏​រក​ណាថា‌ណែល រួច​ប្រាប់​ថា យើង​បាន​ឃើញ​ព្រះ‌អង្គ​នោះ​ហើយ គឺ​ជា​ព្រះ​ដែល​លោក​ម៉ូសេ​បាន​ចែង​ទុក​ពី​ទ្រង់ នៅ​ក្នុង​ក្រឹត្យ‌វិន័យ ហើយ​ពួក​ហោរា​ក៏​បាន​ទាយ​ពី​ទ្រង់​ផង ទ្រង់​ព្រះ‌នាម​ជា យេស៊ូវ ជា​បុត្រ​យ៉ូសែប នៅ​ភូមិ​ណា‌សារ៉ែត

46. តែ​ណាថា‌ណែល​និយាយ​ថា តើ​មាន​អ្វី​ដ៏​ល្អ អាច​ចេញ​ពី​ណាសា‌រ៉ែត​មក​បាន​ឬ​ទេ ភីលីព​ឆ្លើយ​ឡើង​ថា ចូរ​តាម​ខ្ញុំ​ទៅ​មើល​ចុះ

47. ព្រះ‌យេស៊ូវ ទ្រង់​ឃើញ​ណាថា‌ណែល​មក​ឯ​ទ្រង់ ក៏​មាន​ព្រះ‌បន្ទូល​ពី​គាត់​ថា នុ៎ះ​ន៍ ជា​សាសន៍​អ៊ីស្រា‌អែល​ពិត​មែន ដែល​ឥត​មាន​ចិត្ត​ឧបាយ

48. នោះ​ណាថា‌ណែល​ទូល​សួរ​ថា លោក​ស្គាល់​ខ្ញុំ​ពី​ណា​មក ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា មុន​ដែល​ភីលីព​ហៅ​មក កាល​អ្នក​នៅ​ក្រោម​ដើម​ល្វា​នៅ​ឡើយ នោះ​ខ្ញុំ​បាន​ឃើញ​ហើយ

49. ណាថា‌ណែល​ក៏​ទូល​ទ្រង់​ថា លោក​គ្រូ លោក​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ លោក​ប្រាកដ​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល​មែន

50. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ដោយ​ព្រោះ​តែ​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​ថា ខ្ញុំ​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ល្វា​នោះ បាន​ជា​អ្នក​ជឿ​ឬ​អី អ្នក​នឹង​ឃើញ​ការ​ដ៏​ធំ​វិសេស លើស​ជាង​នេះ​ទៅ​ទៀត

51. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​ឃើញមេឃ​បើក​ចំហ និង​ពួក​ទេវតា​នៃ​ព្រះ​ហោះ​ឡើង​ហោះ​ចុះ​លើ​កូន​មនុស្ស។

សូមអានជំពូកពេញលេញ យ៉ូហាន 1