គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 1:28-44 ព្រះគម្ពីរបរិសុទ្ធ (KHOV)

28. រីឯ​ការ​ទាំង​នេះ បាន​កើត​មក​នៅ​ភូមិ​បេថានី ខាង​នាយ​ទន្លេ​យ័រដាន់ ជា​កន្លែង​ដែល​យ៉ូហាន​កំពុង​តែ​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក។

29. លុះ​ស្អែក​ឡើង យ៉ូហាន​ឃើញ​ព្រះ‌យេស៊ូវ ដែល​ទ្រង់​កំពុង​តែ​យាង​មក​ឯ​គាត់ នោះ​ក៏​ពោល​ថា នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក

30. គឺ​ពី​ព្រះ‌អង្គ​នេះ​ហើយ ដែល​ខ្ញុំ​ប្រាប់​ថា ក្រោយ​ខ្ញុំ​មាន​ព្រះ​១​អង្គ​យាង​មក ដែល​បាន​ត្រឡប់​ជា​មុន​ខ្ញុំ ដ្បិត​ទ្រង់​គង់​នៅ​មុន​ខ្ញុំ

31. ខ្ញុំ​មិន​បាន​ស្គាល់​ទ្រង់​ទេ តែ​ខ្ញុំ​មក​ធ្វើ​បុណ្យ​ជ្រមុជ​នេះ គឺ​ដើម្បី​នឹង​សំដែង ឲ្យ​សាសន៍​អ៊ីស្រា‌អែល​បាន​ស្គាល់​ទ្រង់​ប៉ុណ្ណោះ។

32. យ៉ូហាន​ក៏​ធ្វើ​បន្ទាល់​ថា ខ្ញុំ​បាន​ឃើញ​ព្រះ‌វិញ្ញាណ​យាង​ចុះ​ពី​លើ​មេឃ មាន​រូប​ដូច​ជា​ព្រាប មក​សណ្ឋិត​លើ​ទ្រង់

33. ខ្ញុំ​មិន​បាន​ស្គាល់​ទ្រង់​ទេ ប៉ុន្តែ​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ដែល​ឯង​ឃើញ​ព្រះ‌វិញ្ញាណ យាង​ចុះ​មក សណ្ឋិត​លើ​អ្នក​ណា គឺ​អ្នក​នោះ​ហើយ ដែល​ធ្វើ​បុណ្យ​ជ្រមុជ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ

34. ខ្ញុំ​បាន​ឃើញ​មែន ហើយ​ក៏​ធ្វើ​បន្ទាល់​ពី​ព្រះ‌អង្គ​នោះ​ថា ទ្រង់​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ពិត​មែន។

35. លុះ​ស្អែក​ឡើង​ទៀត យ៉ូហាន​ឈរ​នៅ​ជា​មួយ​នឹង​សិស្ស​គាត់​២​នាក់

36. គាត់​មើល​ទៅ​ព្រះ‌យេស៊ូវ ដែល​ទ្រង់​កំពុង​តែ​យាង​ទៅ ក៏​ពោល​ថា នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះ

37. សិស្ស​គាត់​ទាំង​២​នាក់​នោះ​ក៏​ឮ​ដែរ រួច​គេ​ដើរ​តាម​ព្រះ‌យេស៊ូវ​ទៅ

38. ឯ​ព្រះ‌យេស៊ូវ ទ្រង់​ងាក​បែរ​មក ឃើញ​អ្នក​ទាំង​២ កំពុង​តែ​ដើរ​តាម ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា អ្នក​មក​រក​អី គេ​ទូល​ឆ្លើយ​ថា រ៉ាប៊ី (គឺ​ប្រែ​ថា លោក​គ្រូ) តើ​លោក​នៅ​ឯ​ណា

39. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​តាម​ខ្ញុំ​ទៅ​មើល គេ​ក៏​ទៅ​ឃើញ​កន្លែង​ដែល​ទ្រង់​គង់​នៅ រួច​នៅ​ជា​មួយ​នឹង​ទ្រង់​ក្នុង​ថ្ងៃ​នោះ ពេល​នោះ​ប្រហែល​ជា​ម៉ោង​៤​ល្ងាច​ហើយ

40. ក្នុង​អ្នក​២​នាក់ ដែល​ឮ​យ៉ូហាន​ពោល​នោះ​ហើយ​ក៏​តាម​ទ្រង់​ទៅ នោះ​មាន​ម្នាក់​ឈ្មោះ​អនទ្រេ ជា​ប្អូន​ស៊ីម៉ូន-ពេត្រុស

41. មុន​ដំបូង​គាត់​រក​ស៊ីម៉ូន ជា​បង​បង្កើត ក៏​ប្រាប់​ថា យើង​បាន​ឃើញ​ព្រះ‌មែស្ស៊ី​ហើយ (គឺ​ប្រែ​ថា​ព្រះ‌គ្រីស្ទ)

42. រួច​គាត់​នាំ​បង​ទៅ​ឯ​ព្រះ‌យេស៊ូវ ឯ​ទ្រង់ ក៏​ទត​មើល​គាត់ ហើយ​មាន​ព្រះ‌បន្ទូល​ថា អ្នក​ឈ្មោះ​ស៊ីម៉ូន ជា​កូន​យ៉ូណាស តែ​ត្រូវ​ហៅ​ថា កេផាស​វិញ (គឺ​ប្រែ​ថា ថ្ម)។

43. លុះ​ដល់​ស្អែក​ឡើង ព្រះ‌យេស៊ូវ​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​យាង​ទៅ​ឯ​ស្រុក​កាលី‌ឡេ ទ្រង់​ក៏​រក​ភីលីព កាល​បាន​ឃើញ​ហើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ចូរ​តាម​ខ្ញុំ​មក

44. ឯ​ភីលីព​នេះ គាត់​នៅ​បេតសៃដា ជា​ទី​ក្រុង​របស់​អនទ្រេ និង​ពេត្រុស

សូមអានជំពូកពេញលេញ យ៉ូហាន 1