គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 1:18-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ​ឡើយ មាន​តែ​ព្រះ‌រាជ‌បុត្រា​តែ​១​ដែល​គង់​នៅ​ក្នុង​ឱរា​ព្រះ‌វរ‌បិតាប៉ុណ្ណោះ ទ្រង់​បាន​សំដែង​ឲ្យ​ស្គាល់​ព្រះ‌អង្គ។

19. កាល​ពួក​សាសន៍​យូដា​ចាត់​ពួក​សង្ឃ និង​ពួក​លេវី​ពី​ក្រុង​យេរូ‌សាឡិម ឲ្យ​មក​សួរ​យ៉ូហាន​ថា តើ​លោក​ជា​អ្នក​ណា នោះ​គាត់​ធ្វើ​បន្ទាល់​យ៉ាង​នេះ

20. គឺ​គាត់​ប្រាប់​តាម​ត្រង់ ឥត​មាន​លាក់​អ្វី​ឡើយ ថា ខ្ញុំ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ទេ

21. នោះ​គេ​សួរ​ថា ចុះ​លោក​ជា​អ្នក​ណា ជា​លោក​អេលីយ៉ា​ឬ​អី នោះ​គាត់​ឆ្លើយ​ថា ទេ

22. ដូច្នេះ គេ​សួរ​គាត់​ទៀត​ថា តើ​លោក​ជា​អ្នក​ណា​ទៅ​វិញ លោក​នឹង​មាន​ប្រសាសន៍​ពី​ខ្លួន​លោក​ដូច​ម្តេច ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​នាំ​ពាក្យ​ទៅ ជំរាប​ដល់​លោក ដែល​ចាត់​ឲ្យ​យើង​ខ្ញុំ​មក​ផង

23. នោះ​គាត់​ក៏​ប្រាប់​ថា ខ្ញុំ​ជា​សំឡេង ដែល​បន្លឺ​ឡើង​នៅ​ទី​រហោ‌ស្ថាន​ថា «ចូរ​ដំរង់​ផ្លូវ​ថ្វាយ​ព្រះ‌អម្ចាស់» ដូច​ជា​ហោរា​អេសាយ​បាន​ទាយ​ទុក

24. ឯ​ពួក​អ្នក​ដែល​បាន​ចាត់​មក​នោះ គេ​ជា​ពួក​ផារិ‌ស៊ី

25. គេ​ក៏​សួរ​គាត់​ថា បើ​លោក​មិន​មែន​ជា​ព្រះ‌គ្រីស្ទ ឬ​លោក​អេលីយ៉ា ឬ​ហោរា​នោះ​ទេ ចុះ​ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ដូច្នេះ

26. យ៉ូហាន​ឆ្លើយ​ថា ឯ​ខ្ញុំៗ ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក ប៉ុន្តែ នៅ​កណ្តាល​ពួក​អ្នក​រាល់​គ្នា នោះ​មាន​ព្រះ​១​អង្គ ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់

27. គឺ​ព្រះ‌អង្គ​នោះ​ហើយ ដែល​មក​ក្រោយ​ខ្ញុំ តែ​បាន​គង់​នៅ​មុន​ខ្ញុំ ខ្ញុំ​មិន​គួរ​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ទ្រង់​ទេ

28. រីឯ​ការ​ទាំង​នេះ បាន​កើត​មក​នៅ​ភូមិ​បេថានី ខាង​នាយ​ទន្លេ​យ័រដាន់ ជា​កន្លែង​ដែល​យ៉ូហាន​កំពុង​តែ​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក។

29. លុះ​ស្អែក​ឡើង យ៉ូហាន​ឃើញ​ព្រះ‌យេស៊ូវ ដែល​ទ្រង់​កំពុង​តែ​យាង​មក​ឯ​គាត់ នោះ​ក៏​ពោល​ថា នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក

30. គឺ​ពី​ព្រះ‌អង្គ​នេះ​ហើយ ដែល​ខ្ញុំ​ប្រាប់​ថា ក្រោយ​ខ្ញុំ​មាន​ព្រះ​១​អង្គ​យាង​មក ដែល​បាន​ត្រឡប់​ជា​មុន​ខ្ញុំ ដ្បិត​ទ្រង់​គង់​នៅ​មុន​ខ្ញុំ

31. ខ្ញុំ​មិន​បាន​ស្គាល់​ទ្រង់​ទេ តែ​ខ្ញុំ​មក​ធ្វើ​បុណ្យ​ជ្រមុជ​នេះ គឺ​ដើម្បី​នឹង​សំដែង ឲ្យ​សាសន៍​អ៊ីស្រា‌អែល​បាន​ស្គាល់​ទ្រង់​ប៉ុណ្ណោះ។

32. យ៉ូហាន​ក៏​ធ្វើ​បន្ទាល់​ថា ខ្ញុំ​បាន​ឃើញ​ព្រះ‌វិញ្ញាណ​យាង​ចុះ​ពី​លើ​មេឃ មាន​រូប​ដូច​ជា​ព្រាប មក​សណ្ឋិត​លើ​ទ្រង់

33. ខ្ញុំ​មិន​បាន​ស្គាល់​ទ្រង់​ទេ ប៉ុន្តែ​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ដែល​ឯង​ឃើញ​ព្រះ‌វិញ្ញាណ យាង​ចុះ​មក សណ្ឋិត​លើ​អ្នក​ណា គឺ​អ្នក​នោះ​ហើយ ដែល​ធ្វើ​បុណ្យ​ជ្រមុជ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ

សូមអានជំពូកពេញលេញ យ៉ូហាន 1