ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ាកុប 3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

អំពី​អណ្តាត

1. បង​ប្អូន​អើយ កុំ​ឲ្យ​ធ្វើ​ជា​គ្រូ​ច្រើន​គ្នា​ពេក​ឡើយ ពី​ព្រោះ​ដឹង​ហើយ​ថា យើង​នឹង​ត្រូវ​ទោស​ធ្ងន់​ជាង​គេ

2. ដ្បិត​យើង​ទាំង​អស់​គ្នា​ក៏​ជំពប់​ជា​ញយៗ​ដែរ បើ​អ្នក​ណា​មិន​បាន​ជំពប់​ដោយ​ពាក្យ​សំដី នោះ​ជា​មនុស្ស​គ្រប់​លក្ខណ៍​ហើយ ដែល​អាច​នឹង​ទប់​រូប‌កាយ​ទាំង​មូល​បាន​ដែរ

3. មើល​យើង​ដាក់​ដែក​បង្ខាំ​ចុះ​ក្នុង​មាត់​សេះ ឲ្យ​វា​ស្តាប់​បង្គាប់​តាម ហើយ​យើង​ញាក់​រូប‌កាយ​វា​ទាំង​មូល​ទៅ​បាន

4. សូម​គិត​មើល​ពី​សំពៅ​ដែរ វា​ធំ​ដល់​ម៉្លេះ ហើយ​មាន​ខ្យល់​គំហុក​បក់​ផាត់​ទៅ​ផង តែ​តៃកុង​បើក​ទៅ​មក​បាន​តាម​ចិត្ត ក៏​ដោយ‌សារ​តែ​ចង្កូត​យ៉ាង​តូច​ប៉ុណ្ណោះ

5. ឯ​អណ្តាត​ក៏​ជា​អវយវៈ​១​យ៉ាង​តូច​ដូច្នោះ​ដែរ ប៉ុន្តែ ចេះ​អួត​អាង​យ៉ាង​សំបើម​ណាស់ មើល​ចុះ ភ្លើង​តែ​បន្តិច​ទេ អាច​នឹង​ឆេះ​ព្រៃ​ធំៗ​ទៅ​បាន

6. ហើយ​អណ្តាត​ក៏​ជា​ភ្លើង​ដែរ គឺ​ជា​លោកីយ៍​ដ៏​ពេញ​ដោយ​សេចក្ដី​ទុច្ចរិត ជា​គ្រឿង​រាប់​បញ្ចូល​ជា​១​នឹង​អវយវៈ​ឯ​ទៀត​របស់​យើង ជា​របស់​ដែល​ធ្វើ​ឲ្យ​រូប‌កាយ​ទាំង​មូល​ស្មោក‌គ្រោក ក៏​បញ្ឆេះ​ទាំង​ផ្លូវ​ជីវិត​ផង ហើយ​ភ្លើង​ឆេះ​នោះ​មក​ពី​ស្ថាន​នរក​ដែរ

7. រីឯ​គ្រប់​ទាំង​ពូជ​សត្វ​ព្រៃ សត្វ​ស្លាប សត្វ​លូន​វារ និង​សត្វ​នៅ​ក្នុង​សមុទ្រ នោះ​គេ​អាច​នឹង​ផ្សាំ​បាន ក៏​មាន​មនុស្ស​បាន​ផ្សាំង​ហើយ​ដែរ

8. តែ​ឯ​អណ្តាត​វិញ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ផ្សាំង​បាន​ឡើយ គឺ​ជា​របស់​អាក្រក់​ដែល​ទប់​មិន​បាន ក៏​មាន​ពេញ​ដោយ​ពិស ដែល​នាំ​ឲ្យ​ស្លាប់

9. ដោយ‌សារ​អណ្តាត នោះ​យើង​សរសើរ‌ដំកើង​ដល់​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ‌វរ‌បិតា​ផង ហើយ​ដាក់​បណ្តាសា​ដល់​មនុស្ស ដែល​កើត​មក​តាម​រូប​អង្គ​ព្រះ​ផង

10. មាន​ទាំង​ពាក្យ​សរសើរ និង​ពាក្យ​ប្រទេច​ផ្តាសា ចេញ​មក​ពី​មាត់​តែ​១​នោះ​ឯង បង​ប្អូន​អើយ មិន​គួរ​គប្បី​ឲ្យ​មាន​ដូច្នោះ​ឡើយ

11. តើ​រន្ធ​ទឹក​តែ​១​នឹង​អាច​ចេញ​ជា​ទឹក​សាប ហើយ​ភ្លាវ​ផង​បាន​ឬ​ទេ

12. បង​ប្អូន​អើយ តើ​ដើម​ល្វា​អាច​នឹង​បង្កើត​ផ្លែ​ជា​អូលីវ ឬ​ដើម​ទំពាំង‌បាយ‌ជូរ​បង្កើត​ផ្លែ​ជា​ល្វា​បាន​ឬ​ទេ ដូច្នេះ គ្មាន​រន្ធ​ទឹក​ណា​ចេញ​ទឹក ជា​ប្រៃ​ផង សាប​ផង​បាន​ឡើយ។

13. ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​មាន​អ្នក​ណា​មាន​ប្រាជ្ញា និង​យោបល់ ត្រូវ​ឲ្យ​អ្នក​នោះ​សំដែង​ចេញ​ជា​កិរិយា​ល្អ ដោយ‌សារ​ការ​ដែល​ខ្លួន​ប្រព្រឹត្ត ដោយ​សេចក្ដី​សុភាព​នៃ​ប្រាជ្ញា​ចុះ

14. បើ​មាន​សេចក្ដី​ច្រណែន​ដ៏​ជូរ​ល្វីង និង​សេចក្ដី​គំនុំ​ក្នុង​ចិត្ត នោះ​កុំ​ឲ្យ​អួត​ខ្លួន ឬ​កុហក​ទទឹង​នឹង​សេចក្ដី​ពិត​ឡើយ

15. ប្រាជ្ញា​យ៉ាង​នោះ​មិន​មែន​មក​ពី​ស្ថាន​លើ​ទេ គឺ​ជា​របស់​ផង​លោកីយ៍​នេះ ហើយ​ក៏​ខាង​សាច់​ឈាម និង​ខាង​អារក្ស​វិញ​ទេ​តើ

16. ដ្បិត​កន្លែង​ណា​ដែល​មាន​សេចក្ដី​ច្រណែន និង​សេចក្ដី​គំនុំ នោះ​ក៏​មាន​វឹកវរ និង​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង​ដែរ

17. តែ​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ នោះ​មុន​ដំបូង​ហៅ​ថា​បរិសុទ្ធ រួច​មក​មាន​មេត្រី​ចិត្ត សេចក្ដី​សំឡូត ចិត្ត​ទន់ ក៏​ពេញ​ដោយ​សេចក្ដី​មេត្តា‌ករុណា និង​ផល​ល្អ ឥត​រើស​មុខ ហើយ​ឥត​ពុត​មាយា​ផង

18. រីឯ​ផល​នៃ​សេចក្ដី​សុចរិត នោះ​បាន​ព្រោះ​ចុះ​ដោយ​សេចក្ដី​មេត្រី សំរាប់​ពួក​អ្នក​ដែល​រក​សេចក្ដី​មេត្រី​នោះ​ឯង។