គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យូដាស 1:3-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ពួក​ស្ងួនភ្ងា​អើយ កំពុង​ដែល​ខ្ញុំ​ខ្មី‌ឃ្មាត​សរសេរ​ពី​សេចក្ដី​សង្គ្រោះ ដែល​សំរាប់​យើង​ទាំង​អស់​គ្នា នោះ​ខ្ញុំ​មាន​សេចក្ដី​បង្ខំ​នឹង​សរសេរ ផ្ញើ​មក​អ្នក​រាល់​គ្នា ទាំង​ទូន្មាន​ឲ្យ​ខំ​ត‌យុទ្ធ ដើម្បី​ការ‌ពារ​សេចក្ដី​ជំនឿ ដែល​បាន​ប្រគល់​មក​ពួក​បរិសុទ្ធ​១​ដង​ជា​សំរេច

4. ដ្បិត​មាន​មនុស្ស​ខ្លះ​បាន​លួច​ចូល គឺ​ជា​ពួក​អ្នក​ដែល​មាន​ទោស​កត់​ទុក តាំង​ពី​ដើម​មក ជា​មនុស្ស​ទមិល​ល្មើស ដែល​បំផ្លាស់​ព្រះ‌គុណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ឲ្យ​ទៅ​ជា​សេចក្ដី​អាស‌អាភាស ហើយ​គេ​មិន​ព្រម​ទទួល​ព្រះ‌អម្ចាស់​យេស៊ូវ​នៃ​យើង ដែល​ទ្រង់​ជា​ម្ចាស់​តែ​១​ផង​ទេ។

5. ខ្ញុំ​ចង់​រំឭក​ដល់​អ្នក​រាល់​គ្នា ដែល​បាន​ជ្រាប​សេចក្ដី​ទាំង​នេះ​ម្តង​ហើយ​ថា ក្រោយ​ដែល​ព្រះ‌អម្ចាស់​បាន​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ទ្រង់​បាន​បំផ្លាញ​ពួក​អ្នក​ដែល​មិន​ជឿ​វិញ

6. ទោះ​ទាំង​ពួក​ទេវតា​ដែល​មិន​បាន​រក្សា​សណ្ឋាន​ដើម​របស់​ខ្លួន គឺ​ជា​ទេវតា​ដែល​បោះ​បង់​ចោល​ទី​លំនៅ​ចេញ នោះ​ទ្រង់​បាន​ឃុំ​ក្នុង​សេចក្ដី​ងងឹត ទាំង​ជាប់​ចំណង​អស់​កល្ប‌ជានិច្ច ទុក​សំរាប់​នឹង​ជំនុំ‌ជំរះ​នៅ​ថ្ងៃ​ដ៏​ធំ​នោះ

7. ដូច​ជា​ក្រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា ហើយ​អស់​ទាំង​ទី​ក្រុង​នៅ​ជុំ‌វិញ​ដែរ ដែល​គេ​បាន​ប្រគល់​ខ្លួន​ទៅ​ប្រព្រឹត្ត​សេចក្ដី​កំផិត​ដូច​គ្នា ទាំង​បណ្តោយ​ទៅ​តាម​សាច់​ដទៃ ហើយ​ទ្រង់​បាន​តាំង​អ្នក​ទាំង​នោះ​ទុក​ជា​ក្បួន ឲ្យ​គេ​រង​ទុក្ខ​ទោស ក្នុង​ភ្លើង​ដ៏​ឆេះ​អស់​កល្ប‌ជានិច្ច

8. ទោះ​បើ​មាន​ក្បួន​ដូច្នោះ​ហើយ គង់​តែ​មនុស្ស​ទាំង​នេះ​ធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​វិញ ដោយ​នឹក​តែ​ពី​ផ្លូវ​ខូច​អាក្រក់ ទាំង​មើល‌ងាយ​ដល់​អស់​ទាំង​អំណាច​គ្រប់​គ្រង ហើយ​ជេរ​ប្រមាថ​ដល់​ពួក​ប្រសើរ​ឧត្តម​ផង

9. រីឯ​មីកែល ជា​មហា​ទេវតា លោក​មិន​ហ៊ាន​ប្តឹង​ប្រមាថ​ដល់​អារក្ស ក្នុង​កាល​ដែល​កំពុង​តែ​ជជែក​នឹង​វា ទាំង​ប្រកែក​ពី​ដំណើរ​សព​របស់​លោក​ម៉ូសេ​នោះ​ទេ គឺ​បាន​និយាយ​ដូច្នេះ​វិញ​ថា សូម​ឲ្យ​ព្រះ‌អម្ចាស់​បន្ទោស​ឯង​ចុះ

10. តែ​ពួក​នោះ គេ​ហ៊ាន​ជេរ​ប្រមាថ​ដល់​ទាំង​អ្វីៗ ដែល​គេ​មិន​ស្គាល់​ផង ព្រម​ទាំង​បង្ខូច​ខ្លួន ក្នុង​ការ​អ្វី​ដែល​គេ​យល់​ដោយ​ធម្មតា​វិញ ហាក់​ដូច​ជា​សត្វ​តិរច្ឆាន

11. វេទនា​ដល់​មនុស្ស​ទាំង​នោះ ពី​ព្រោះ​គេ​បាន​ទៅ​តាម​ផ្លូវ​របស់​កាអ៊ីនទៅ

12. ពួក​នោះ​ជា​ដុំ​ស្មោក‌គ្រោក ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​បរិភោគ ជា​មួយ​គ្នា​ដោយ​ស្រឡាញ់ គេ​បរិភោគ​ជា​មួយ​ឥត​ខ្លាច ទាំង​ចិញ្ចឹម​តែ​ខ្លួន​គេ គេ​ជា​ពពក​ឥត​ទឹក ដែល​ត្រូវ​ខ្យល់​បក់​ផាត់​ទៅ​មក ជា​ដើម​ឈើ​ឥត​ផ្លែ​ក្នុង​រដូវ​កាល​ដែល​ស្លាប់​២​ដង​រួច​ហើយ ក៏​ត្រូវ​រលើង​ផង

13. គេ​ជា​រលក​សមុទ្រ​យ៉ាង​សំបើម ដែល​បែក​ពពុះ​ចេញ ជា​សេចក្ដី​អាម៉ាស់​ខ្មាស​របស់​គេ ក៏​ជា​ផ្កាយ​មិន​ទៀង ដែល​សេចក្ដី​ងងឹត​សូន្យ​ឈឹង​អស់​កល្ប‌ជានិច្ច បាន​បំរុង​ទុក​ឲ្យ​គេ

14. ឯ​ហេណុក ជា​ដំណ​ទី​៧​ពី​លោក​អ័ដាម​មក គាត់​បាន​ទាយ​ពី​មនុស្ស​ទាំង​នោះ​ថា មើល ព្រះ‌អម្ចាស់​ទ្រង់​យាង​មក នៅ​កណ្តាល​ពួក​បរិសុទ្ធ​ទ្រង់​ទាំង​សល់​សែន

15. ដើម្បី​នឹង​កាត់​ទោស​ដល់​គ្រប់​មនុស្ស​ទាំង‌ឡាយ ហើយ​នឹង​រំឭក​ពួក​ទមិល​ល្មើស​ទាំង​អម្បាលម៉ាន ឲ្យ​ដឹង​ខ្លួន​ពី​គ្រប់​ទាំង​ការ​ទមិល​ល្មើស ដែល​គេ​បាន​ប្រព្រឹត្ត​ធ្វើ ដោយ​ចិត្ត​ល្មើស ហើយ​ពី​អស់​ទាំង​សេចក្ដី​រឹង‌ទទឹង​ទាំង​ប៉ុន្មាន ដែល​អស់​ពួក​ទមិល​ល្មើស​ដ៏​មាន​បាប​ទាំង​នោះ បាន​ពោល​ទាស់​នឹង​ទ្រង់

សូមអានជំពូកពេញលេញ យូដាស 1