គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យូដាស 1:11-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. វេទនា​ដល់​មនុស្ស​ទាំង​នោះ ពី​ព្រោះ​គេ​បាន​ទៅ​តាម​ផ្លូវ​របស់​កាអ៊ីនទៅ

12. ពួក​នោះ​ជា​ដុំ​ស្មោក‌គ្រោក ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​បរិភោគ ជា​មួយ​គ្នា​ដោយ​ស្រឡាញ់ គេ​បរិភោគ​ជា​មួយ​ឥត​ខ្លាច ទាំង​ចិញ្ចឹម​តែ​ខ្លួន​គេ គេ​ជា​ពពក​ឥត​ទឹក ដែល​ត្រូវ​ខ្យល់​បក់​ផាត់​ទៅ​មក ជា​ដើម​ឈើ​ឥត​ផ្លែ​ក្នុង​រដូវ​កាល​ដែល​ស្លាប់​២​ដង​រួច​ហើយ ក៏​ត្រូវ​រលើង​ផង

13. គេ​ជា​រលក​សមុទ្រ​យ៉ាង​សំបើម ដែល​បែក​ពពុះ​ចេញ ជា​សេចក្ដី​អាម៉ាស់​ខ្មាស​របស់​គេ ក៏​ជា​ផ្កាយ​មិន​ទៀង ដែល​សេចក្ដី​ងងឹត​សូន្យ​ឈឹង​អស់​កល្ប‌ជានិច្ច បាន​បំរុង​ទុក​ឲ្យ​គេ

14. ឯ​ហេណុក ជា​ដំណ​ទី​៧​ពី​លោក​អ័ដាម​មក គាត់​បាន​ទាយ​ពី​មនុស្ស​ទាំង​នោះ​ថា មើល ព្រះ‌អម្ចាស់​ទ្រង់​យាង​មក នៅ​កណ្តាល​ពួក​បរិសុទ្ធ​ទ្រង់​ទាំង​សល់​សែន

15. ដើម្បី​នឹង​កាត់​ទោស​ដល់​គ្រប់​មនុស្ស​ទាំង‌ឡាយ ហើយ​នឹង​រំឭក​ពួក​ទមិល​ល្មើស​ទាំង​អម្បាលម៉ាន ឲ្យ​ដឹង​ខ្លួន​ពី​គ្រប់​ទាំង​ការ​ទមិល​ល្មើស ដែល​គេ​បាន​ប្រព្រឹត្ត​ធ្វើ ដោយ​ចិត្ត​ល្មើស ហើយ​ពី​អស់​ទាំង​សេចក្ដី​រឹង‌ទទឹង​ទាំង​ប៉ុន្មាន ដែល​អស់​ពួក​ទមិល​ល្មើស​ដ៏​មាន​បាប​ទាំង​នោះ បាន​ពោល​ទាស់​នឹង​ទ្រង់

16. មនុស្ស​ទាំង​នោះ​ជា​ពួក​ដែល​ចេះ​តែ​រទូ‌រទាំ ហើយ​ត្អូញ‌ត្អែរ ដែល​ដើរ​តាម​តែ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ខ្លួន ហើយ​មាត់​គេ​ពោល​សុទ្ធ​តែ​ពាក្យ​អំនួត​អួត​យ៉ាង​សំបើម គេ​រាប់​អាន​មនុស្ស​ឲ្យ​តែ​បាន​កំរៃ​ទេ។

17. ពួក​ស្ងួនភ្ងា​អើយ ចូរ​នឹក​ចាំ​ពី​ព្រះ‌បន្ទូល ដែល​ពួក​សាវក​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង បាន​ផ្សាយ​ប្រាប់​ពី​ដើម​រៀង​មក​ចុះ

18. គេ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា​ថា នៅ​ជាន់​ក្រោយ​បង្អស់ នឹង​មាន​មនុស្ស​ចំអក ដែល​នឹង​ប្រព្រឹត្ត តាម​តែ​សេចក្ដី​ប៉ង‌ប្រាថ្នា​ទមិល​ល្មើស​របស់​ខ្លួន

19. ពួក​នោះ​ជា​អ្នក​ដែល​បង្កើត​បក្ស‌ពួក គឺ​ជា​មនុស្ស​ដែល​នៅ​ដោយ​វិស័យ​សាច់​ឈាម ដែល​គ្មាន​ព្រះ‌វិញ្ញាណ​ទេ

20. ប៉ុន្តែ ឯ​អ្នក​រាល់​គ្នា ជា​ពួក​ស្ងួនភ្ងា​អើយ ចូរ​រក្សា​ខ្លួន​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចុះ ព្រម​ទាំង​រង់‌ចាំ​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ឲ្យ​បាន​ជីវិត​អស់​កល្ប‌ជានិច្ច​វិញ

21. ដោយ​ស្អាង​ចិត្ត​ឡើង​ក្នុង​សេចក្ដី​ជំនឿ​ដ៏​បរិសុទ្ធ​បំផុត​របស់​អ្នក​រាល់​គ្នា ហើយ​ទាំង​អធិស្ឋាន ដោយ​នូវ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ផង

22. ចូរ​មាន​ចិត្ត​អាណិត​ដល់​ពួក​អ្នក​ខ្លះ ដែល​មាន​សេចក្ដី​សង្ស័យ​ផង

23. ហើយ​ជួយ​សង្គ្រោះ​ដល់​អ្នក​ដទៃ ទាំង​ឆក់​យក​គេ​ចេញ​ពី​ភ្លើង ហើយ​ត្រូវ​មាន​ចិត្ត​មេត្តា​ដល់​មនុស្ស​ឯ​ទៀត​ដោយ​ភ័យ​ខ្លាច ហើយ​ស្អប់​ដល់​ទាំង​អាវ ដែល​ត្រូវ​ស្មោក‌គ្រោក ដោយ​សាច់​ឈាម​ផង។

24. រីឯ​ព្រះ ដែល​អាច​នឹង​ថែ​រក្សា មិន​ឲ្យ​អ្នក​រាល់​គ្នា​ជំពប់​ដួល ហើយ​នឹង​ដាក់​អ្នក​រាល់​គ្នា នៅ​ចំពោះ​សិរី‌ល្អ​ទ្រង់ ដោយ​ឥត​មាន​កន្លែង​បន្ទោស​បាន ព្រម​ទាំង​មាន​ចិត្ត​ត្រេក‌អរ​ផង

25. គឺ​ជា​ព្រះ‌អង្គ​ដ៏​ជា​ព្រះ​តែ​មួយ ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង នោះ​សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ ឫទ្ធា‌នុភាព ព្រះ‌ចេស្តា និង​អំណាច តាំង​ពី​មុន​អស់​កល្ប នៅ​ជាន់​ឥឡូវ​នេះ ហើយ​ទៅ​ដល់​អស់​កល្ប‌ជានិច្ច​ត​ទៅ។ អាម៉ែន។:៚

សូមអានជំពូកពេញលេញ យូដាស 1