គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 9:18-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. កំពុង​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​គេ ពី​ដំណើរ​ទាំង​នោះ ស្រាប់​តែ​មាន​មេ​សាលា​ម្នាក់ មក​ក្រាប​ថ្វាយ‌បង្គំ​ទូល​ថា កូន​ស្រី​របស់​ទូល‌បង្គំ​ទើប​នឹង​ស្លាប់​អម្បាញ់‌មិញ សូម​ទ្រង់​មេត្តា​យាង​ទៅ​ដាក់​ព្រះ‌ហស្ត​លើ​វា នោះ​វា​នឹង​រស់​ឡើង​វិញ

19. ព្រះ‌យេស៊ូវ​ក៏​ក្រោក​ឡើង យាង​ទៅ​តាម ព្រម​ទាំង​ពួក​សិស្ស​ទ្រង់​ដែរ

20. រីឯ​មាន​ស្ត្រី​ម្នាក់ នាង​មាន​ជំងឺ​ធ្លាក់​ឈាម​អស់​១២​ឆ្នាំ​មក​ហើយ នាង​បាន​ចូល​មក​ពី​ក្រោយ ពាល់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់

21. ដោយ​គិត​ក្នុង​ចិត្ត​ថា បើ​គ្រាន់​តែ​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់​ប៉ុណ្ណោះ នោះ​នឹង​បាន​ជា​ហើយ

22. ឯ​ព្រះ‌យេស៊ូវ ទ្រង់​បែរ​ទៅ​ឃើញ​នាង ក៏​មាន​ព្រះ‌បន្ទូល​ថា ចូរ​សង្ឃឹម​ឡើង កូន​អើយ សេចក្ដី​ជំនឿ​របស់​នាង បាន​ជួយ​សង្គ្រោះ​នាង​ហើយ នាង​ក៏​ជា ចាប់​តាំង​ពី​វេលា​នោះ​មក

23. រួច​មក កាល​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មេ​សាលា បាន​ឃើញ​ពួក​អ្នក​ផ្លុំ​ខ្លុយ និង​មនុស្ស​សន្ធឹក​កំពុង​តែ​ឆោ‌ឡោ

24. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ថយ​ចេញ​ទៅ ដ្បិត​នាង​ក្រមុំ​នេះ​មិន​មែន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ប៉ុណ្ណោះ តែ​គេ​សើច​ចំអក​ឲ្យ​ទ្រង់

សូមអានជំពូកពេញលេញ ម៉ាថាយ 9