គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 9:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេស៊ូវ ទ្រង់​ក៏​យាង​ចុះ​ទូក ឆ្លង​ទៅ​ឯ​ក្រុងរបស់​ទ្រង់​វិញ

2. នោះ​មាន​គេ​នាំ​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់ ដេក​លើ​គ្រែ​មក​ឯ​ទ្រង់ កាល​ទ្រង់​ទត​ឃើញ​សេចក្ដី​ជំនឿ​របស់​អ្នក​ទាំង​នោះ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា ចូរ​សង្ឃឹម​ឡើង កូន​អើយ បាប​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ

3. ដូច្នេះ មាន​អាចារ្យ​ខ្លះ​នឹក​ក្នុង​ចិត្ត​ថា មនុស្ស​នេះ​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ

4. ឯ​ព្រះ‌យេស៊ូវ ទ្រង់​ឈ្វេង​យល់​គំនិត​គេ ក៏​មាន​ព្រះ‌បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់​ក្នុង​ចិត្ត​ដូច្នេះ

5. ដ្បិត​ដែល​ថា បាប​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ ឬ​ថា ឲ្យ​ក្រោក​ឡើង​ដើរ​ទៅ នោះ​តើ​ពាក្យ​ណា​ងាយ​ថា​ជា​ជាង

6. ប៉ុន្តែ នេះ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា កូន​មនុស្ស​មាន​អំណាច នឹង​អត់​ទោស​បាប​នៅ​ផែនដី​បាន​ដែរ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា ចូរ​ក្រោក​ឡើង យក​គ្រែ​ឯង​ទៅ​ផ្ទះ​ទៅ

7. អ្នក​នោះ​ក៏​ក្រោក​ឡើង​ដើរ​ទៅ​ឯ​ផ្ទះ

8. កាល​ហ្វូង​មនុស្ស​បាន​ឃើញ​ការ​នោះ គេ​កើត​មាន​សេចក្ដី​អស្ចារ្យ ក៏​សរសើរ‌ដំកើង​ដល់​ព្រះ​ដែល​ទ្រង់​បាន​ប្រទាន​អំណាច​យ៉ាង​នេះ មក​មនុស្ស​លោក។

9. លុះ​ព្រះ‌យេស៊ូវ​យាង​ហួស​ពី​ទី​នោះ​ទៅ ទ្រង់​ក៏​ទត​ឃើញ​មនុស្ស​ម្នាក់​ឈ្មោះ ម៉ាថាយ កំពុង​អង្គុយ​នៅ​កន្លែង​យក​ពន្ធ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​គាត់​ថា ចូរ​មក​តាម​ខ្ញុំ គាត់​ក៏​ក្រោក​ឡើង​ដើរ​តាម​ទ្រង់​ទៅ

10. កាល​ព្រះ‌យេស៊ូវ​កំពុង​គង់​សោយ​អាហារ​នៅ​ក្នុង​ផ្ទះ នោះ​មាន​ពួក​អ្នក​យក​ពន្ធ និង​មនុស្ស​មាន​បាប​ជា​ច្រើន បាន​មក​អង្គុយ​ជា​មួយ​នឹង​ទ្រង់ និង​ពួក​សិស្ស​ទ្រង់​ផង

11. កាល​ពួក​ផារី‌ស៊ី​បាន​ឃើញ​ដូច្នោះ គេ​ក៏​សួរ​ពួក​សិស្ស​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​គ្រូ​របស់​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​នឹង​ពួក​យក​ពន្ធ ហើយ​នឹង​មនុស្ស​មាន​បាប​ដូច្នេះ

12. តែ​ព្រះ‌យេស៊ូវ​ទ្រង់​ក៏​បាន​ឮ ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ពួក​អ្នក​ដែល​ជា​សុខ​សប្បាយ មិន​ត្រូវ​ការ​នឹង​គ្រូ‌ពេទ្យ​ទេ គឺ​ជា​ពួក​ដែល​មាន​ជំងឺ​វិញ​ទេ​តើ

សូមអានជំពូកពេញលេញ ម៉ាថាយ 9