គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 7:3-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ​កំទេច ដែល​នៅ​ក្នុង​ភ្នែក​របស់​បង​ប្អូន​អ្នក តែ​មិន​ឃើញ​ធ្នឹម ដែល​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​សោះ​ដូច្នេះ

4. ឬ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​និយាយ​នឹង​បង​ប្អូន​ថា ចូរ​ឲ្យ​អញ​យក​កំទេច​ពី​ភ្នែក​ឯង​ចេញ តែ​មើល​មាន​ធ្នឹម​នៅ​ក្នុង​ភ្នែក​ខ្លួន​អ្នក​វិញ

5. អ្នក​មាន​ពុត​អើយ ចូរ​យក​ធ្នឹម​ពី​ភ្នែក​របស់​ខ្លួន​ចេញ​ជា​មុន​សិន នោះ​ទើប​នឹង​បាន​ឃើញ​ច្បាស់ អាច​នឹង​យក​កំទេច​ចេញ​ពី​ភ្នែក​របស់​បង​ប្អូន​អ្នក​បាន​ដែរ។

6. កុំ​ឲ្យ​របស់​បរិសុទ្ធ​ដល់​ឆ្កែ ឬ​បោះ​កែវ‌មុក្តា​របស់​ខ្លួន នៅ​មុខ​ជ្រូក​ឡើយ ក្រែង​វា​ជាន់​ឈ្លី រួច​ត្រឡប់​ស្ទុះ​មក​ខ្វេះ​អ្នក​វិញ។

7. ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក

8. ដ្បិត​អស់​អ្នក​ណា​ដែល​សូម នោះ​រមែង​បាន អ្នក​ណា​ដែល​រក នោះ​រមែង​ឃើញ ហើយ​នឹង​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ

9. ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​កូន​សូម​នំបុ័ង តើ​មាន​អ្នក​ណា​នឹង​ឲ្យ​ថ្ម​ដល់​វា

10. ឬ​បើ​វា​សូម​ត្រី តើ​នឹង​ឲ្យ​ពស់​វិញ​ឬ​អី

11. ចុះ​បើ​អ្នក​រាល់​គ្នា​ដែល​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​ខ្លួន​ដូច្នេះ នោះ​ចំណង​បើ​ព្រះ‌វរ‌បិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​នឹង​ប្រទាន​របស់​ល្អ មក​អស់​អ្នក​ដែល​សូម តើ​ជាង​អម្បាលម៉ាន​ទៅ​ទៀត។

12. ដូច្នេះ អស់​ទាំង​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​មនុស្ស​លោក​ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹង​គេ​ដូច្នោះ​ដែរ ដ្បិត​នេះ​ឯង​ជា​ក្រឹត្យ‌វិន័យ ហើយ​ជា​សេចក្ដី​ទំនាយ​របស់​ពួក​ហោរា។

13. ចូរ​ឲ្យ​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ដែល​នាំ​ទៅ​ឯ​សេចក្ដី​ហិន‌វិនាស នោះ​ធំ ហើយ​ទូលាយ​ផង ក៏​មាន​មនុស្ស​ជា​ច្រើន​ដែល​ចូល​តាម​ទ្វារ​នោះ

14. តែ​ឯ​ទ្វារ​ដែល​នាំ​ទៅ​ឯ​ជីវិត នោះ​តូច ហើយ​ចង្អៀត​វិញ ក៏​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ។

15. ចូរ​ប្រយ័ត្ន​នឹង​ពួក​គ្រូ​ក្លែង‌ក្លាយ ដែល​គេ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ពាក់​រោម​ចៀម​បំប្លែង​ខ្លួន តែ​ខាង​ក្នុង​របស់​គេ ជា​ឆ្កែ​ចចក​ដែល​ឆ្មក់​ស៊ី​វិញ

16. អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន ដោយ‌សារ​ផល​គេ​បង្កើត តើ​ដែល​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ពី​គុម្ព​បន្លា ឬ​ផ្លែ​ល្វា​ពី​ដំបង‌យក្ស​ឬ​ទេ

17. ដូច្នេះ អស់​ទាំង​ដើម​ឈើ​ល្អ តែង​មាន​ផ្លែ​ល្អ ឯ​ដើម​ឈើ​អាក្រក់ ក៏​តែង​មាន​ផ្លែ​អាក្រក់​ដែរ

18. ធម្មតា​ដើម​ឈើ​ល្អ មិន​ដែល​បញ្ចេញ​ផល​អាក្រក់​បាន​ទេ ហើយ​ដើម​ដែល​អាក្រក់ ក៏​ពុំ​អាច​បញ្ចេញ​ផល​ល្អ​បាន​ដែរ

19. អស់​ទាំង​ដើម​ឈើ​ណា ដែល​មិន​កើត​ផល​ផ្លែ​ល្អ នោះ​ត្រូវ​តែ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​ចេញ

20. ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន គឺ​ដោយ‌សារ​ផល​គេ​បង្កើត។

សូមអានជំពូកពេញលេញ ម៉ាថាយ 7