គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 7:16-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន ដោយ‌សារ​ផល​គេ​បង្កើត តើ​ដែល​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ពី​គុម្ព​បន្លា ឬ​ផ្លែ​ល្វា​ពី​ដំបង‌យក្ស​ឬ​ទេ

17. ដូច្នេះ អស់​ទាំង​ដើម​ឈើ​ល្អ តែង​មាន​ផ្លែ​ល្អ ឯ​ដើម​ឈើ​អាក្រក់ ក៏​តែង​មាន​ផ្លែ​អាក្រក់​ដែរ

18. ធម្មតា​ដើម​ឈើ​ល្អ មិន​ដែល​បញ្ចេញ​ផល​អាក្រក់​បាន​ទេ ហើយ​ដើម​ដែល​អាក្រក់ ក៏​ពុំ​អាច​បញ្ចេញ​ផល​ល្អ​បាន​ដែរ

19. អស់​ទាំង​ដើម​ឈើ​ណា ដែល​មិន​កើត​ផល​ផ្លែ​ល្អ នោះ​ត្រូវ​តែ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​ចេញ

20. ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន គឺ​ដោយ‌សារ​ផល​គេ​បង្កើត។

21. មិន​មែន​អស់​អ្នក​ណា​ដែល​គ្រាន់​តែ​និយាយ​មក​ខ្ញុំ​ថា ឱ​ព្រះ‌អម្ចាស់ៗ​អើយ ដែល​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថាន‌សួគ៌​នោះ​ទេ គឺ​ជា​អស់​អ្នក​ដែល​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ‌វរ‌បិតា ដែល​គង់​នៅ​ស្ថាន‌សួគ៌​វិញ​ទេ​តើ

22. នៅ​ថ្ងៃ​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​និយាយ​មក​ខ្ញុំ​ថា ឱ​ព្រះ‌អម្ចាស់ៗ​អើយ តើ​យើង​ខ្ញុំ​មិន​បាន​ទាយ​ដោយ​នូវ​ព្រះ‌នាម​ទ្រង់ ហើយ​ដេញ​អារក្ស​ដោយ​នូវ​ព្រះ‌នាម​ទ្រង់ ព្រម​ទាំង​ធ្វើ​ការ​ឫទ្ធិ‌បារមី​ជា​ច្រើន ដោយ​នៅ​ព្រះ‌នាម​ទ្រង់​ទេ​ឬ​អី

23. នោះ​ខ្ញុំ​នឹង​និយាយ​ដោយ​ត្រង់​ថា អញ​មិន​ដែល​បាន​ស្គាល់​ឯង​រាល់​គ្នា​ទេ នែ ពួក​ទទឹង​ច្បាប់​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ។

24. ដូច្នេះ អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម ខ្ញុំ​នឹង​ធៀប​អ្នក​នោះ​ដូច​ជា​មនុស្ស​ប៉ិន​ប្រយ័ត្ន ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ថ្ម

25. រួច​ភ្លៀង​ធ្លាក់​មក ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​ប៉ះ​នឹង​ផ្ទះ​នោះ តែ​មិន​បាន​រលំ​ទេ ពី​ព្រោះ​បាន​សង់​នៅ​លើ​ថ្ម

26. ឯ​អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ តែ​មិន​ប្រព្រឹត្ត​តាម អ្នក​នោះ​ត្រូវ​ធៀប​ដូច​ជា​មនុស្ស​ល្ងង់ ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ខ្សាច់​វិញ

27. រួច​ភ្លៀង​ធ្លាក់​មក ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​ប៉ះ​នឹង​ផ្ទះ​នោះ ផ្ទះ​នោះ​ក៏​រលំ​ទៅ ហើយ​មាន​ការ​ខូច​ខាត​ជា​ធំ។

28. កាល​ព្រះ‌យេស៊ូវ ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​រួច​ហើយ នោះ​បណ្តា​មនុស្ស​ក៏​នឹក​ប្លែក ពី​សេចក្ដី​ដែល​ទ្រង់​បង្រៀន

29. ពី​ព្រោះ​ទ្រង់​បង្រៀន ដូច​ជា​មាន​អំណាច មិន​មែន​ដូច​ពួក​អាចារ្យ​របស់​គេ​ទេ។

សូមអានជំពូកពេញលេញ ម៉ាថាយ 7