4. ដើម្បីឲ្យអំពើទានរបស់អ្នក បានស្ងាត់កំបាំង នោះព្រះវរបិតានៃអ្នក ដែលទ្រង់ទតឃើញក្នុងទីសំងាត់ ទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រចក្សច្បាស់។
5. កាលណាអ្នកអធិស្ឋាន កុំឲ្យធ្វើដូចមនុស្សមានពុត ដែលចូលចិត្តអធិស្ឋាននៅក្នុងសាលាប្រជុំ ហើយនៅជ្រុងផ្លូវ ឲ្យមនុស្សលោកឃើញនោះឡើយ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានរង្វាន់របស់គេហើយ
6. តែឯអ្នក កាលណាអធិស្ឋាន នោះត្រូវឲ្យចូលទៅក្នុងបន្ទប់ ហើយបិទទ្វារ រួចអធិស្ឋានដល់ព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅទីលាក់កំបាំងចុះ នោះព្រះវរបិតានៃអ្នក ដែលទតឃើញក្នុងទីលាក់កំបាំង ទ្រង់នឹងប្រទានរង្វាន់ ដល់អ្នកនៅទីប្រចក្សច្បាស់
7. ហើយកាលណាអធិស្ឋាន នោះកុំឲ្យពោលពាក្យឥតប្រយោជន៍ផ្ទួនៗ ដូចពួកសាសន៍ដទៃឡើយ ដ្បិតគេស្មានថា ព្រះទ្រង់នឹងស្តាប់គេ ដោយគេពោលពាក្យជាច្រើន
8. ដូច្នេះ កុំឲ្យអ្នករាល់គ្នាធ្វើដូចគេឡើយ ដ្បិតព្រះវរបិតានៃអ្នក ទ្រង់ជ្រាបនូវរបស់អ្វីដែលអ្នកត្រូវការ មុនដែលអ្នកសូមផង
9. ដូច្នេះ ចូរអធិស្ឋានបែបយ៉ាងនេះវិញថា ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ
10. សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ
11. សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ
12. សូមអត់ទោសសេចក្ដីកំហុសរបស់យើងខ្ញុំ ដូចជាយើងខ្ញុំបានអត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ
13. សូមកុំនាំយើងខ្ញុំទៅកាន់សេចក្ដីល្បួងឡើយ តែសូមប្រោសឲ្យយើងខ្ញុំរួចពីសេចក្ដីអាក្រក់វិញ ដ្បិតរាជ្យ ព្រះចេស្តា និងសិរីល្អជារបស់ផងទ្រង់ នៅអស់កល្បជានិច្ច អាម៉ែន