គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 6:21-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. ពី​ព្រោះ​សម្បត្តិ​ទ្រព្យ​របស់​អ្នក​ស្ថិត​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ។

22. ឯ​ចង្កៀង​របស់​រូប‌កាយ គឺ​ជា​ភ្នែក ដូច្នេះ បើ​ភ្នែក​អ្នក​ល្អ នោះ​រូប‌កាយ​អ្នក​ទាំង​មូល​នឹង​បាន​ភ្លឺ

23. តែ​បើ​ភ្នែក​អ្នក​អាក្រក់​វិញ នោះ​រូប‌កាយ​អ្នក​ទាំង​មូល នឹង​ត្រូវ​ងងឹត​សូន្យ យ៉ាង​នោះ បើ​ពន្លឺ​ដែល​នៅ​ក្នុង​ខ្លួន​អ្នក ជា​សេចក្ដី​ងងឹត​ហើយ ចុះ​សេចក្ដី​ងងឹត​នោះ​នឹង​បាន​ជា​ខ្លាំង​អម្បាលម៉ាន​ទៅ​ហ្ន៎។

24. គ្មាន​អ្នក​ណា​អាច​នឹង​បំរើ​ចៅ‌ហ្វាយ​២​នាក់​បាន​ទេ ដ្បិត​អ្នក​នោះ​នឹង​ស្អប់​១ ហើយ​ស្រឡាញ់​១ ឬ​ស្មោះ‌ត្រង់​នឹង​១ ហើយ​មើល‌ងាយ​១ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​ដល់​ព្រះ និង​ទ្រព្យ‌សម្បត្តិ​ផង​បាន​ទេ

25. ដោយ​ហេតុ​នេះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ខ្វល់‌ខ្វាយ​នឹង​ជីវិត​ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូប‌កាយ ដែល​នឹង​ស្លៀក‌ពាក់​អ្វី​នោះ​ឡើយ ឯ​ជីវិត តើ​មិន​វិសេស​ជាង​ចំណី​អាហារ ហើយ​រូប‌កាយ តើ​មិន​វិសេស​ជាង​សំលៀក‌បំពាក់​ទេ​ឬ​អី

26. ចូរ​ពិចារណា​ពី​សត្វ​ស្លាប​នៅ​លើ​អាកាស វា​មិន​សាប‌ព្រោះ មិន​ច្រូត​កាត់ ឬ​ប្រមូល​ដាក់​ក្នុង​ជង្រុក​ផង តែ​ព្រះ‌វរ‌បិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ចិញ្ចឹម​វា ឯ​អ្នក​រាល់​គ្នា តើ​គ្មាន​ដំឡៃ​លើស​ជាង​សត្វ​ទាំង​នោះ​ទេ​ឬ​អី

27. ចុះ​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ឯ​ណា​ដែល​អាច​នឹង​បន្ថែម​កំពស់​ខ្លួន​១​ហត្ថ ដោយ‌សារ​សេចក្ដី​ខ្វល់‌ខ្វាយ​បាន​ឬ​ទេ

28. ហើយ​ពី​ដំណើរ​សំលៀក‌បំពាក់ តើ​អ្នក​រាល់​គ្នា​ខំ​ខ្វល់‌ខ្វាយ​ធ្វើ​អ្វី ចូរ​រំពឹង​គិត​តែ​ពី​ផ្កា​ឈូក​នៅ​ក្នុង​បឹង ដែល​វា​ដុះ​ជា​យ៉ាង​ដូច​ម្តេច គឺ​វា​មិន​នឿយ​ហត់​នឹង​ធ្វើ​ការ ឬ​ស្រាវ​រវៃ​ទេ

29. តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ហ្លួង​សាឡូ‌ម៉ូន ក្នុង​គ្រា​ដែល​មាន​គ្រប់​ទាំង​សេចក្ដី​រុងរឿង​របស់​ទ្រង់ នោះ​ទ្រង់​មិន​បាន​តែង​អង្គ ដូច​ជា​ផ្កា​១​នោះ​ផង

30. រីឯ​តិណ‌ជាតិ ដែល​ដុះ​នៅ​វាល​ក្នុង​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​គេ​ដុត​នៅ​ជើង‌ក្រាន បើ​ព្រះ​ទ្រង់​តុប‌តែង​ស្មៅ​យ៉ាង​ដូច្នោះ នោះ​ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ តើ​ទ្រង់​មិន​តុប‌តែង​ឲ្យ​អ្នក​រាល់​គ្នា លើស​ជាង​ទៅ​ទៀត​ទេ​ឬ​អី

31. ដូច្នេះ កុំ​ឲ្យ​ខ្វល់‌ខ្វាយ​ថា តើ​ត្រូវ​បរិភោគ​អ្វី ឬ​ស្លៀក‌ពាក់​អ្វី​នោះ​ឡើយ

32. ដ្បិត​គឺ​ជា​សាសន៍​ដទៃ​ទេ​តើ ដែល​ខំ​ស្វែង​រក​របស់​ទាំង​នោះ​វិញ ឯ​ព្រះ‌វរ‌បិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​របស់​ទាំង​នោះ​ដែរ

33. ចូរ​ស្វែង​រក​នគរ និង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង

34. ដូច្នេះ កុំ​ឲ្យ​ខ្វល់‌ខ្វាយ​នឹង​ថ្ងៃ​ស្អែក​ឡើយ ពី​ព្រោះ​ថ្ងៃ​ស្អែក​នឹង​ខ្វល់‌ខ្វាយ ចំពោះ​ការ​របស់​ថ្ងៃ​នោះ​ឯង សេចក្ដី​លំបាក​នៅ​ថ្ងៃ​ណា នោះ​គឺ​ល្មម​ត្រឹម​ថ្ងៃ​នោះ​ហើយ។

សូមអានជំពូកពេញលេញ ម៉ាថាយ 6