គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 6:12-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. សូម​អត់​ទោស​សេចក្ដី​កំហុស​របស់​យើង​ខ្ញុំ ដូច​ជា​យើង​ខ្ញុំ​បាន​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ

13. សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​កាន់​សេចក្ដី​ល្បួង​ឡើយ តែ​សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​រួច​ពី​សេចក្ដី​អាក្រក់​វិញ ដ្បិត​រាជ្យ ព្រះ‌ចេស្តា និង​សិរី‌ល្អ​ជា​របស់​ផង​ទ្រង់ នៅ​អស់​កល្ប‌ជានិច្ច អាម៉ែន

14. ដ្បិត​បើ​អ្នក​រាល់​គ្នា​អត់​ទោស​ចំពោះ​ការ​រំលង​ច្បាប់ ដែល​មនុស្ស​លោក​ប្រព្រឹត្ត​ធ្វើ នោះ​ព្រះ‌វរ‌បិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​នឹង​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ

15. តែ​បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស ចំពោះ​ការ​រំលង​ច្បាប់​ឲ្យ​គេ​ទេ នោះ​ព្រះ‌វរ‌បិតា​នៃ​អ្នក ទ្រង់​ក៏​មិន​អត់​ទោស ចំពោះ​ការ​រំលង​ច្បាប់ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ធ្វើ​ដែរ។

16. កាល​ណា​អ្នក​រាល់​គ្នា​តម​អាហារ នោះ​កុំ​ឲ្យ​ធ្វើ​ទឹក​មុខ​ក្រៀម ដូច​ជា​មនុស្ស​មាន​ពុត​ឡើយ ដ្បិត​គេ​ក្លែង​ទឹក​មុខ​ស្រងូត ឲ្យ​មនុស្ស​លោក​ឃើញ​ថា​គេ​តម ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​រង្វាន់​គេ​ហើយ

17. តែ​អ្នក កាល​ណា​តម នោះ​ចូរ​ឲ្យ​លាប​គ្រឿង​ក្រអូប​នៅ​លើ​ក្បាល ហើយ​លប់​មុខ​ចេញ

18. ដើម្បី​កុំ​ឲ្យ​មនុស្ស​លោក​ឃើញ​ថា អ្នក​តម​ឡើយ គឺ​ឲ្យ​ព្រះ‌វរ‌បិតា​នៃ​អ្នក ដែល​គង់​នៅ​ទី​លាក់​កំបាំង បាន​ឃើញ​វិញ នោះ​ព្រះ‌វរ‌បិតា​នៃ​អ្នក ដែល​ទ្រង់​ទត​ឃើញ​នៅ​ទី​លាក់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក នៅ​ទី​ប្រចក្ស​ច្បាស់។

19. កុំ​ឲ្យ​ប្រមូល​ទ្រព្យ‌សម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ផែនដី ជា​កន្លែង​ដែល​មាន​កន្លាត និង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ចោរ​ទំលុះ​ប្លន់​នោះ​ឡើយ

20. ត្រូវ​ប្រមូល​ទ្រព្យ‌សម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ឯ​ស្ថាន‌សួគ៌​វិញ ដែល​ជា​កន្លែង​គ្មាន​កន្លាត ឬ​ច្រែះ​ស៊ី​បំផ្លាញ​ឡើយ ក៏​គ្មាន​ចោរ​ទំលុះ ឬ​ប្លន់​ផង

21. ពី​ព្រោះ​សម្បត្តិ​ទ្រព្យ​របស់​អ្នក​ស្ថិត​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ។

22. ឯ​ចង្កៀង​របស់​រូប‌កាយ គឺ​ជា​ភ្នែក ដូច្នេះ បើ​ភ្នែក​អ្នក​ល្អ នោះ​រូប‌កាយ​អ្នក​ទាំង​មូល​នឹង​បាន​ភ្លឺ

23. តែ​បើ​ភ្នែក​អ្នក​អាក្រក់​វិញ នោះ​រូប‌កាយ​អ្នក​ទាំង​មូល នឹង​ត្រូវ​ងងឹត​សូន្យ យ៉ាង​នោះ បើ​ពន្លឺ​ដែល​នៅ​ក្នុង​ខ្លួន​អ្នក ជា​សេចក្ដី​ងងឹត​ហើយ ចុះ​សេចក្ដី​ងងឹត​នោះ​នឹង​បាន​ជា​ខ្លាំង​អម្បាលម៉ាន​ទៅ​ហ្ន៎។

24. គ្មាន​អ្នក​ណា​អាច​នឹង​បំរើ​ចៅ‌ហ្វាយ​២​នាក់​បាន​ទេ ដ្បិត​អ្នក​នោះ​នឹង​ស្អប់​១ ហើយ​ស្រឡាញ់​១ ឬ​ស្មោះ‌ត្រង់​នឹង​១ ហើយ​មើល‌ងាយ​១ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​ដល់​ព្រះ និង​ទ្រព្យ‌សម្បត្តិ​ផង​បាន​ទេ

25. ដោយ​ហេតុ​នេះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ខ្វល់‌ខ្វាយ​នឹង​ជីវិត​ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូប‌កាយ ដែល​នឹង​ស្លៀក‌ពាក់​អ្វី​នោះ​ឡើយ ឯ​ជីវិត តើ​មិន​វិសេស​ជាង​ចំណី​អាហារ ហើយ​រូប‌កាយ តើ​មិន​វិសេស​ជាង​សំលៀក‌បំពាក់​ទេ​ឬ​អី

សូមអានជំពូកពេញលេញ ម៉ាថាយ 6