គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 6:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ទាននៅ​មុខ​មនុស្ស ឲ្យ​តែ​គេ​ឃើញ​ឡើយ បើ​ធ្វើ​ដូច្នោះ នោះ​អ្នក​រាល់​គ្នា​គ្មាន​រង្វាន់ នៅ​នឹង​ព្រះ‌វរ‌បិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ស្ថាន‌សួគ៌​ទេ

2. ដូច្នេះ កាល​ណា​អ្នក​ធ្វើ​ទាន នោះ​កុំ​ឲ្យ​ផ្លុំ​ត្រែ​នៅ​មុខ​អ្នក ដូច​ពួក​មាន​ពុត ដែល​ប្រព្រឹត្ត​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​តាម​ផ្លូវ ដើម្បី​ឲ្យ​បាន​មនុស្ស​លោក​សរសើរ​ខ្លួន​នោះ​ឡើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​រង្វាន់​គេ​ហើយ

3. ប៉ុន្តែ កាល​ណា​អ្នក​ធ្វើ​ទាន នោះ​កុំ​ឲ្យ​ដៃ​ឆ្វេង​ដឹង​ការ​ដែល​ដៃ​ស្តាំ​ធ្វើ​ឡើយ

4. ដើម្បី​ឲ្យ​អំពើ​ទាន​របស់​អ្នក បាន​ស្ងាត់​កំបាំង នោះ​ព្រះ‌វរ‌បិតា​នៃ​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​សំងាត់ ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់។

5. កាល​ណា​អ្នក​អធិស្ឋាន កុំ​ឲ្យ​ធ្វើ​ដូច​មនុស្ស​មាន​ពុត ដែល​ចូល​ចិត្ត​អធិស្ឋាន​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​នៅ​ជ្រុង​ផ្លូវ ឲ្យ​មនុស្ស​លោក​ឃើញ​នោះ​ឡើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​រង្វាន់​របស់​គេ​ហើយ

6. តែ​ឯ​អ្នក កាល​ណា​អធិស្ឋាន នោះ​ត្រូវ​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់ ហើយ​បិទ​ទ្វារ រួច​អធិស្ឋាន​ដល់​ព្រះ‌វរ‌បិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ទី​លាក់​កំបាំង​ចុះ នោះ​ព្រះ‌វរ‌បិតា​នៃ​អ្នក ដែល​ទត​ឃើញ​ក្នុង​ទី​លាក់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់ ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់

7. ហើយ​កាល​ណា​អធិស្ឋាន នោះ​កុំ​ឲ្យ​ពោល​ពាក្យ​ឥត​ប្រយោជន៍​ផ្ទួនៗ ដូច​ពួក​សាសន៍​ដទៃ​ឡើយ ដ្បិត​គេ​ស្មាន​ថា ព្រះ​ទ្រង់​នឹង​ស្តាប់​គេ ដោយ​គេ​ពោល​ពាក្យ​ជា​ច្រើន

8. ដូច្នេះ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​គេ​ឡើយ ដ្បិត​ព្រះ‌វរ‌បិតា​នៃ​អ្នក ទ្រង់​ជ្រាប​នូវ​របស់​អ្វី​ដែល​អ្នក​ត្រូវ​ការ មុន​ដែល​អ្នក​សូម​ផង

9. ដូច្នេះ ចូរ​អធិស្ឋាន​បែប​យ៉ាង​នេះ​វិញ​ថា ឱ​ព្រះ‌វរ‌បិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​អើយ សូម​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​បរិសុទ្ធ

10. សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ‌ហឫ‌ទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថាន‌សួគ៌​ដែរ

11. សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ

12. សូម​អត់​ទោស​សេចក្ដី​កំហុស​របស់​យើង​ខ្ញុំ ដូច​ជា​យើង​ខ្ញុំ​បាន​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ

សូមអានជំពូកពេញលេញ ម៉ាថាយ 6