គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 5:22-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ដូច្នេះ​វិញ ថា សូម្បី​តែ​អ្នក​ណា​ដែល​ខឹង​នឹង​បង​ប្អូន នោះ​ក្រែង​ត្រូវ​ជាប់​ជំនុំ​ជំរះ​ដែរ ហើយ​អ្នក​ណា ដែល​ស្តីឲ្យ​បង​ប្អូន​ថា «អា​ចោល‌ម្សៀត» នោះ​ក្រែង​ពួក​ក្រុម​ជំនុំ​ធ្វើ​ទោស តែ​ចំណែក​អ្នក​ណា​ដែល​ថា «អា​ឆ្កួត» នោះ​ក្រែង​ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក

23. ដូច្នេះ បើ​កាល​ណា​អ្នក​នាំ​យក​ដង្វាយ​មក​ដល់​អាសនា ហើយ​នៅ​ទី​នោះ​អ្នក​នឹក​ឃើញ​ថា បង​ប្អូន​ណា​មាន​ហេតុ​អ្វី​ទាស់​នឹង​អ្នក

24. នោះ​ត្រូវ​ទុក​ដង្វាយ​របស់​អ្នក​នៅ​មុខ​អាសនា ហើយ​ទៅ​រក​ជា​នឹង​បង​ប្អូន​ជា​មុន​សិន រួច​សឹម​មក​ថ្វាយ​ដង្វាយ​អ្នក​ចុះ

25. ចូរ​ឲ្យ​អ្នក​ជា​ស្រុះ​ស្រួល នឹង​អ្នក​ដើម​ចោទ​វិញ​ជា​ប្រញាប់ ដែល​កំពុង​តែ​ដើរ​តាម​ផ្លូវ​ជា​មួយ​គ្នា ក្រែង​គេ​បញ្ជូន​អ្នក​ទៅ​ឯ​ចៅ‌ក្រម ហើយ​ចៅ‌ក្រម​ប្រគល់​អ្នក​ទៅ​នាយ​ភូមិ​ឃុំ រួច​អ្នក​ត្រូវ​ជាប់​គុក

26. ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ដែល​អ្នក​នៅ​ខ្វះ​តែ​១​សេន នឹង​សង​គេ​ឲ្យ​គ្រប់ នោះ​នឹង​ចេញ​ពី​ទី​នោះ​មិន​រួច​ឡើយ។

27. អ្នក​រាល់​គ្នា​បាន​ឮ​សេចក្ដី ដែល​សំដែង​ពី​ដើម​ថា «កុំ​ផិត​ឲ្យ​សោះ»

28. ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​អ្នក​ណា​ដែល​គ្រាន់​តែ​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​ដំរេក​សំរើប​ចង់​បាន នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​នឹង​នាង​នោះ នៅ​ក្នុង​ចិត្ត​ខ្លួន​ហើយ

29. បើ​ភ្នែក​ស្តាំ​អ្នក​នាំ​ឲ្យ​រវាត​ចិត្ត នោះ​ចូរ​ខ្វេះ​ចេញ​បោះ​ចោល​ទៅ ដ្បិត​ដែល​ភ្នែក​អ្នក​១​ត្រូវ​វិនាស នោះ​មាន​ប្រយោជន៍ ជា​ជាង​ឲ្យ​រូប‌កាយ​ទាំង​មូល ត្រូវ​បោះ​ទៅ​ក្នុង​នរក

30. ហើយ​បើ​ដៃ​ស្តាំ​អ្នក​នាំ​ឲ្យ​រវាត​ចិត្ត នោះ​ចូរ​កាត់​ចេញ​បោះ​ចោល​ទៅ ដ្បិត​ដែល​ដៃ​អ្នក​ម្ខាង​ត្រូវ​វិនាស នោះ​មាន​ប្រយោជន៍ ជា​ជាង​ឲ្យ​រូប‌កាយ​ទាំង​មូល ត្រូវ​បោះ​ទៅ​ក្នុង​នរក។

សូមអានជំពូកពេញលេញ ម៉ាថាយ 5