គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 28:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ក្រោយ​ថ្ងៃ​ឈប់​សំរាក កាល​រៀប​នឹង​ចូល​ថ្ងៃ​ទី​១​ក្នុង​អាទិត្យនោះ ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា និង​ម៉ារា​១​ទៀត ក៏​នាំ​គ្នា​ទៅ​មើល​ផ្នូរ

2. នោះ​មាន​កក្រើក​ដី​ជា​ខ្លាំង ដ្បិត​មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់ ចុះ​ពី​លើ​មេឃ​មក​ប្រមៀល​ថ្ម​ចេញ​ពី​ផ្នូរ ហើយ​ក៏​អង្គុយ​លើ

3. សណ្ឋាន​របស់​ទេវតា​នោះ​ដូច​ផ្លេក‌បន្ទោរ ហើយ​សំលៀក‌បំពាក់​ក៏​ស‌ស្គុស​ដូច​ហិមៈ

4. ពួក​យាម​ល្បាត​ក៏​ញ័រ‌រន្ធត់ ដោយ​ភ័យ​ខ្លាច​ទេវតា ហើយ​ត្រឡប់​ដូច​ជា​មនុស្ស​ស្លាប់

5. តែ​ទេវតា​និយាយ​នឹង​ស្ត្រី​២​នាក់​ថា កុំ​ឲ្យ​ភ័យ​អី ដ្បិត​ខ្ញុំ​ដឹង​ហើយ​ថា នាង​រក​ព្រះ‌យេស៊ូវ​ដែល​ត្រូវ​ឆ្កាង

6. តែ​ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ទុក ចូរ​មក​មើល​កន្លែង​ដែល​ទ្រង់​បាន​ផ្ទំ​ចុះ

7. រួច​ទៅ​ឲ្យ​ឆាប់ ប្រាប់​ដល់​ពួក​សិស្ស​ទ្រង់​ថា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ មើល ទ្រង់​យាង​ទៅ​ឯ​ស្រុក​កាលី‌ឡេ មុន​អ្នក​រាល់​គ្នាៗ នឹង​ឃើញ​ទ្រង់​នៅ​ស្រុក​នោះ នែ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ

8. ស្ត្រី​២​នាក់​នោះ ក៏​ដើរ​ចេញ​ពី​ផ្នូរ​ជា​ប្រញាប់​ទាំង​ភ័យ ហើយ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង​ផង ក៏​រត់​ទៅ​ប្រាប់​ដល់​ពួក​សិស្ស​ទ្រង់

9. តែ​កាល​នាង​កំពុង​តែ​ទៅ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​មក​ជួប​នឹង​នាង មាន​ព្រះ‌បន្ទូល​ថា ជំរាប​សួរ រួច​អ្នក​ទាំង​២​ក៏​ចូល​ទៅ ឱប​ព្រះ‌បាទ​ថ្វាយ‌បង្គំ​ទ្រង់

10. នោះ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា កុំ​ខ្លាច​អី ចូរ​ទៅ​ប្រាប់​ដល់​បង​ប្អូន​ខ្ញុំ​ផង ឲ្យ​គេ​ទៅ​ឯ​ស្រុក​កាលី‌ឡេ​ទៅ គេ​នឹង​ឃើញ​ខ្ញុំ​នៅ​ស្រុក​នោះ​ហើយ។

សូមអានជំពូកពេញលេញ ម៉ាថាយ 28