គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 27:39-55 ព្រះគម្ពីរបរិសុទ្ធ (KHOV)

39. ឯ​មនុស្ស​ដែល​ដើរ​តាម​ទី​នោះ គេ​ជេរ​ប្រមាថ​ដល់​ទ្រង់ ទាំង​គ្រវី​ក្បាល ហើយ​និយាយ​ថា

40. ឯង​ដែល​បំផ្លាញ​ព្រះ‌វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​៣​ថ្ងៃ​អើយ ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ចុះ បើ​ឯង​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន នោះ​ឲ្យ​ចុះ​ពី​ឈើ​ឆ្កាង​មក

41. ឯ​ពួក​សង្គ្រាជ ព្រម​ទាំង​ពួក​អាចារ្យ និង​ពួក​ចាស់‌ទុំ គេ​ក៏​ចំអក​ឲ្យ​ទ្រង់​បែប​ដូច្នោះ​ដែរ ដោយ​ថា

42. វា​ជួយ​សង្គ្រោះ​មនុស្ស​ឯ​ទៀត​បាន តែ​មិន​អាច​នឹង​ជួយ​សង្គ្រោះ​ដល់​ខ្លួន​វា​បាន​ទេ បើ​សិន​ណា​វា​ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល​មែន ចូរ​ឲ្យ​វា​ចុះ​ពី​ឈើ​ឆ្កាង​មក នោះ​យើង​នឹង​ជឿ​ដល់​វា

43. វា​បាន​ទុក​ចិត្ត​នឹង​ព្រះ ដូច្នេះ បើ​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​វា សូម​ទ្រង់​ជួយ​ដោះ​វា​ឥឡូវ​ចុះ! ដ្បិត​វា​បាន​ថា ខ្ញុំ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ

44. ហើយ​ចោរ​២​នាក់ ដែល​ត្រូវ​ឆ្កាង​ជា​មួយ​នឹង​ទ្រង់ គេ​ក៏​ស្តី​ឲ្យ​ទ្រង់​ដូច្នោះ​ដែរ។

45. តាំង​ពី​ថ្ងៃ​ទ្រង់ ដរាប​ដល់​ម៉ោង​៣​រសៀល នោះ​មាន​ងងឹត​ដាប គ្រប​ពេញ​លើ​ផែនដី

46. ប្រហែល​ជា​ម៉ោង​៣ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​បន្លឺ​ឡើង​ជា​សំឡេង​ខ្លាំង​ថា អេលីៗ​ល៉ាម៉ាសា‌បាច់ថានី គឺ​ស្រាយ​ថា ឱ​ព្រះ‌អង្គៗ​នៃ​ទូល‌បង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូល‌បង្គំ

47. មាន​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ កាល​គេ​បាន​ឮ នោះ​ក៏​និយាយ​ថា វា​ស្រែក​ហៅ​រក​លោក​អេលីយ៉ា​ហើយ

48. ស្រាប់​តែ​មាន​ម្នាក់​រត់​ទៅ យក​សារាយ‌រំហួត ជ្រលក់​ទឹក‌ខ្មេះ​ជោក​ដាក់​នឹង​ចុង​ដើម​ត្រែង ហុច​ទៅ​ថ្វាយ​ទ្រង់​សោយ

49. តែ​អ្នក​ឯ​ទៀត​និយាយ​ថា ឈប់​សិន ចាំ​មើល​លោក​អេលីយ៉ា​មក​ជួយ​សង្គ្រោះ​វា។

50. កាល​ព្រះ‌យេស៊ូវ ទ្រង់​បាន​ស្រែក​ជា​ខ្លាំង​ម្តង​ទៀត នោះ​ទ្រង់​ប្រគល់​វិញ្ញាណ​ទ្រង់​ទៅ​វិញ

51. គ្រា​នោះ វាំង‌នន​ក្នុង​ព្រះ‌វិហារ​ក៏​រហែក​ជា​២​ភាគ ចាប់​តាំង​ពី​លើ​ចុះ​ទៅ​ដល់​ក្រោម ក៏​មាន​កក្រើក​ដី ហើយ​ថ្ម​ប្រេះ​ដាច់​ពី​គ្នា

52. អស់​ទាំង​ផ្នូរ​ខ្មោច​ក៏​របើក​ឡើង ឯ​ខ្មោច​ពួក​អ្នក​បរិសុទ្ធ ដែល​ដេក​លក់​ទៅ​ហើយ បាន​រស់​ឡើង​វិញ​ជា​ច្រើន

53. ទាំង​ចេញ​ពី​ផ្នូរ ក្នុង​ពេល​ក្រោយ​ដែល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​ចូល​ទៅ​ក្នុង​ទី​ក្រុង​បរិសុទ្ធ លេច​មក​ឲ្យ​មនុស្ស​ជា​ច្រើន​ឃើញ​ដែរ

54. ឯ​មេ​ទ័ព និង​ពួក​អ្នក​ដែល​ចាំ​យាម​ព្រះ‌យេស៊ូវ​ជា​មួយ​គ្នា កាល​បាន​ឃើញ​កក្រើក​ដី និង​ការ​ទាំង​ប៉ុន្មាន ដែល​កើត​មក​ដូច្នោះ នោះ​ក៏​ភ័យ​ញ័រ​ជា​ខ្លាំង គាត់​និយាយ​ថា នេះ​ពិត​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន

55. នៅ​ទី​នោះ​ក៏​មាន​ស្ត្រី​ជា​ច្រើន​ដែល​មក​តាម​ព្រះ‌យេស៊ូវ ពី​ស្រុក​កាលី‌ឡេ ដើម្បី​បំរើ​ទ្រង់ គេ​ឈរ​មើល​ពី​ចំងាយ

សូមអានជំពូកពេញលេញ ម៉ាថាយ 27