គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 27:33-48 ព្រះគម្ពីរបរិសុទ្ធ (KHOV)

33. លុះ​បាន​ដល់​កន្លែង​ហៅ​ថា គាល់‌កូថា ដែល​ស្រាយ​ថា​ភ្នំ​លលាដ​ក្បាល

34. នោះ​គេ​យក​ទឹក‌ខ្មេះ​លាយ​នឹង​ប្រមាត់​ថ្វាយ​ទ្រង់​សោយ តែ​កាល​ទ្រង់​បាន​ភ្លក់​មើល​នោះ​ទ្រង់​មិន​ព្រម​សោយ​ទេ

35. គ្រា​បាន​ឆ្កាង​ទ្រង់​ហើយ នោះ​គេ​ធ្វើ​ឆ្នោត​ចាប់​ចែក​ព្រះ‌ពស្ត្រ​ទ្រង់ ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ ដែល​ហោរា​បាន​ទាយ​ទុក​មក​ថា «គេ​បាន​យក​អាវ​ខ្ញុំ​ចែក​គ្នា ហើយ​បាន​ធ្វើ​ឆ្នោត​ចាប់​យក​អាវ​វែង​ខ្ញុំ»

36. គេ​អង្គុយ​ចាំ​យាម​ទ្រង់​នៅ​ទី​នោះ

37. ក៏​បិទ​ប្រកាស​ដែល​កាត់​ទោស​ទ្រង់ ដាក់​ពី​លើ​ព្រះ‌សិរ​ថា «នេះ​ឈ្មោះ​យេស៊ូវ ជា​ស្តេច​សាសន៍​យូដា»

38. នៅ​វេលា​នោះ ក៏​ឆ្កាង​ចោរ​២​នាក់​ជា​មួយ​នឹង​ទ្រង់​ដែរ ១​ខាង​ស្តាំ ហើយ​១​ខាង​ឆ្វេង។

39. ឯ​មនុស្ស​ដែល​ដើរ​តាម​ទី​នោះ គេ​ជេរ​ប្រមាថ​ដល់​ទ្រង់ ទាំង​គ្រវី​ក្បាល ហើយ​និយាយ​ថា

40. ឯង​ដែល​បំផ្លាញ​ព្រះ‌វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​៣​ថ្ងៃ​អើយ ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ចុះ បើ​ឯង​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន នោះ​ឲ្យ​ចុះ​ពី​ឈើ​ឆ្កាង​មក

41. ឯ​ពួក​សង្គ្រាជ ព្រម​ទាំង​ពួក​អាចារ្យ និង​ពួក​ចាស់‌ទុំ គេ​ក៏​ចំអក​ឲ្យ​ទ្រង់​បែប​ដូច្នោះ​ដែរ ដោយ​ថា

42. វា​ជួយ​សង្គ្រោះ​មនុស្ស​ឯ​ទៀត​បាន តែ​មិន​អាច​នឹង​ជួយ​សង្គ្រោះ​ដល់​ខ្លួន​វា​បាន​ទេ បើ​សិន​ណា​វា​ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល​មែន ចូរ​ឲ្យ​វា​ចុះ​ពី​ឈើ​ឆ្កាង​មក នោះ​យើង​នឹង​ជឿ​ដល់​វា

43. វា​បាន​ទុក​ចិត្ត​នឹង​ព្រះ ដូច្នេះ បើ​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​វា សូម​ទ្រង់​ជួយ​ដោះ​វា​ឥឡូវ​ចុះ! ដ្បិត​វា​បាន​ថា ខ្ញុំ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ

44. ហើយ​ចោរ​២​នាក់ ដែល​ត្រូវ​ឆ្កាង​ជា​មួយ​នឹង​ទ្រង់ គេ​ក៏​ស្តី​ឲ្យ​ទ្រង់​ដូច្នោះ​ដែរ។

45. តាំង​ពី​ថ្ងៃ​ទ្រង់ ដរាប​ដល់​ម៉ោង​៣​រសៀល នោះ​មាន​ងងឹត​ដាប គ្រប​ពេញ​លើ​ផែនដី

46. ប្រហែល​ជា​ម៉ោង​៣ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​បន្លឺ​ឡើង​ជា​សំឡេង​ខ្លាំង​ថា អេលីៗ​ល៉ាម៉ាសា‌បាច់ថានី គឺ​ស្រាយ​ថា ឱ​ព្រះ‌អង្គៗ​នៃ​ទូល‌បង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូល‌បង្គំ

47. មាន​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ កាល​គេ​បាន​ឮ នោះ​ក៏​និយាយ​ថា វា​ស្រែក​ហៅ​រក​លោក​អេលីយ៉ា​ហើយ

48. ស្រាប់​តែ​មាន​ម្នាក់​រត់​ទៅ យក​សារាយ‌រំហួត ជ្រលក់​ទឹក‌ខ្មេះ​ជោក​ដាក់​នឹង​ចុង​ដើម​ត្រែង ហុច​ទៅ​ថ្វាយ​ទ្រង់​សោយ

សូមអានជំពូកពេញលេញ ម៉ាថាយ 27