គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 27:26-40 ព្រះគម្ពីរបរិសុទ្ធ (KHOV)

26. ដូច្នេះ លោក​ក៏​លែង​បារ៉ា‌បាស​ឲ្យ​ដល់​គេ ឯ​ព្រះ‌យេស៊ូវ​វិញ កាល​គេ​បាន​វាយ​នឹង​រំពាត់​រួច​ហើយ នោះ​ក៏​បញ្ជូន​ទៅ​ឲ្យ​គេ​ឆ្កាង​ទ្រង់។

27. នោះ​ពួក​ទាហាន​របស់​លោក​ចៅ‌ហ្វាយ គេ​ក៏​នាំ​ព្រះ‌យេស៊ូវ​ទៅ​ក្នុង​សាលា រួច​ប្រមូល​ក្រុម​ទាហាន​ទាំង​អស់​មក​ទាស់​នឹង​ទ្រង់

28. គេ​ដោះ​ព្រះ‌ពស្ត្រ​ទ្រង់​ចេញ ហើយ​យក​អាវ​ក្រហម​មក​បំពាក់​វិញ

29. ក៏​ក្រង​ភួង​បន្លា​បំពាក់​លើ​ព្រះ‌សិរ​ទ្រង់ ហើយ​យក​ដើម​ត្រែង​ដាក់​នៅ​ព្រះ‌ហស្ត​ស្តាំ រួច​គេ​លុត​ជង្គង់​នៅ​ចំពោះ​ទ្រង់ ទាំង​ពោល​ចំអក​ថា ថ្វាយ‌បង្គំ​ស្តេច​សាសន៍​យូដា

30. គេ​ស្តោះ​ដាក់​ទ្រង់ ក៏​យក​ដើម​ត្រែង​នោះ​វាយ​ព្រះ‌សិរ​ផង

31. កាល​គេ​បាន​ចំអក​មើល‌ងាយ​ទ្រង់​ស្រេច​ហើយ ក៏​ដោះ​អាវ​នោះ​ចេញ ហើយ​បំពាក់​ព្រះ‌ពស្ត្រ​ទ្រង់​ទៅ​វិញ រួច​នាំ​ចេញ​ទៅ​ឆ្កាង។

32. កាល​បាន​ចេញ​ទៅ​ហើយ នោះ​គេ​ប្រទះ​ឃើញ​មនុស្ស​ស្រុក​គីរេន​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ក៏​ចាប់​បង្ខំ​ឲ្យ​លី​ឈើ​ឆ្កាង​ទ្រង់​ទៅ

33. លុះ​បាន​ដល់​កន្លែង​ហៅ​ថា គាល់‌កូថា ដែល​ស្រាយ​ថា​ភ្នំ​លលាដ​ក្បាល

34. នោះ​គេ​យក​ទឹក‌ខ្មេះ​លាយ​នឹង​ប្រមាត់​ថ្វាយ​ទ្រង់​សោយ តែ​កាល​ទ្រង់​បាន​ភ្លក់​មើល​នោះ​ទ្រង់​មិន​ព្រម​សោយ​ទេ

35. គ្រា​បាន​ឆ្កាង​ទ្រង់​ហើយ នោះ​គេ​ធ្វើ​ឆ្នោត​ចាប់​ចែក​ព្រះ‌ពស្ត្រ​ទ្រង់ ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ ដែល​ហោរា​បាន​ទាយ​ទុក​មក​ថា «គេ​បាន​យក​អាវ​ខ្ញុំ​ចែក​គ្នា ហើយ​បាន​ធ្វើ​ឆ្នោត​ចាប់​យក​អាវ​វែង​ខ្ញុំ»

36. គេ​អង្គុយ​ចាំ​យាម​ទ្រង់​នៅ​ទី​នោះ

37. ក៏​បិទ​ប្រកាស​ដែល​កាត់​ទោស​ទ្រង់ ដាក់​ពី​លើ​ព្រះ‌សិរ​ថា «នេះ​ឈ្មោះ​យេស៊ូវ ជា​ស្តេច​សាសន៍​យូដា»

38. នៅ​វេលា​នោះ ក៏​ឆ្កាង​ចោរ​២​នាក់​ជា​មួយ​នឹង​ទ្រង់​ដែរ ១​ខាង​ស្តាំ ហើយ​១​ខាង​ឆ្វេង។

39. ឯ​មនុស្ស​ដែល​ដើរ​តាម​ទី​នោះ គេ​ជេរ​ប្រមាថ​ដល់​ទ្រង់ ទាំង​គ្រវី​ក្បាល ហើយ​និយាយ​ថា

40. ឯង​ដែល​បំផ្លាញ​ព្រះ‌វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​៣​ថ្ងៃ​អើយ ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ចុះ បើ​ឯង​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន នោះ​ឲ្យ​ចុះ​ពី​ឈើ​ឆ្កាង​មក

សូមអានជំពូកពេញលេញ ម៉ាថាយ 27