23. នោះលោកចៅហ្វាយសួរថា តើអ្នកនេះបានធ្វើខុសអ្វី តែគេស្រែកកាន់តែខ្លាំងឡើងថា ចូរឆ្កាងវាទៅ
24. កាលលោកពីឡាត់ឃើញថា មិនឈ្នះទេ កើតមានកោលាហលកាន់តែខ្លាំងឡើងដូច្នោះ នោះលោកយកទឹកមកលាងដៃ នៅមុខហ្វូងមនុស្ស ទាំងមានប្រសាសន៍ថា ខ្ញុំគ្មានទោសនឹងឈាមនៃអ្នកសុចរិតនេះទេ ការនេះស្រេចនៅអ្នករាល់គ្នាចុះ
25. បណ្តាជនទាំងអស់គ្នាក៏ឆ្លើយឡើងថា ចូរឲ្យឈាមវាធ្លាក់មកលើយើងរាល់គ្នា និងកូនចៅរបស់យើងចុះ
26. ដូច្នេះ លោកក៏លែងបារ៉ាបាសឲ្យដល់គេ ឯព្រះយេស៊ូវវិញ កាលគេបានវាយនឹងរំពាត់រួចហើយ នោះក៏បញ្ជូនទៅឲ្យគេឆ្កាងទ្រង់។
27. នោះពួកទាហានរបស់លោកចៅហ្វាយ គេក៏នាំព្រះយេស៊ូវទៅក្នុងសាលា រួចប្រមូលក្រុមទាហានទាំងអស់មកទាស់នឹងទ្រង់
28. គេដោះព្រះពស្ត្រទ្រង់ចេញ ហើយយកអាវក្រហមមកបំពាក់វិញ
29. ក៏ក្រងភួងបន្លាបំពាក់លើព្រះសិរទ្រង់ ហើយយកដើមត្រែងដាក់នៅព្រះហស្តស្តាំ រួចគេលុតជង្គង់នៅចំពោះទ្រង់ ទាំងពោលចំអកថា ថ្វាយបង្គំស្តេចសាសន៍យូដា
30. គេស្តោះដាក់ទ្រង់ ក៏យកដើមត្រែងនោះវាយព្រះសិរផង
31. កាលគេបានចំអកមើលងាយទ្រង់ស្រេចហើយ ក៏ដោះអាវនោះចេញ ហើយបំពាក់ព្រះពស្ត្រទ្រង់ទៅវិញ រួចនាំចេញទៅឆ្កាង។
32. កាលបានចេញទៅហើយ នោះគេប្រទះឃើញមនុស្សស្រុកគីរេនម្នាក់ឈ្មោះស៊ីម៉ូន ក៏ចាប់បង្ខំឲ្យលីឈើឆ្កាងទ្រង់ទៅ
33. លុះបានដល់កន្លែងហៅថា គាល់កូថា ដែលស្រាយថាភ្នំលលាដក្បាល
34. នោះគេយកទឹកខ្មេះលាយនឹងប្រមាត់ថ្វាយទ្រង់សោយ តែកាលទ្រង់បានភ្លក់មើលនោះទ្រង់មិនព្រមសោយទេ
35. គ្រាបានឆ្កាងទ្រង់ហើយ នោះគេធ្វើឆ្នោតចាប់ចែកព្រះពស្ត្រទ្រង់ ដើម្បីឲ្យបានសំរេចតាមទំនាយ ដែលហោរាបានទាយទុកមកថា «គេបានយកអាវខ្ញុំចែកគ្នា ហើយបានធ្វើឆ្នោតចាប់យកអាវវែងខ្ញុំ»
36. គេអង្គុយចាំយាមទ្រង់នៅទីនោះ
37. ក៏បិទប្រកាសដែលកាត់ទោសទ្រង់ ដាក់ពីលើព្រះសិរថា «នេះឈ្មោះយេស៊ូវ ជាស្តេចសាសន៍យូដា»
38. នៅវេលានោះ ក៏ឆ្កាងចោរ២នាក់ជាមួយនឹងទ្រង់ដែរ ១ខាងស្តាំ ហើយ១ខាងឆ្វេង។
39. ឯមនុស្សដែលដើរតាមទីនោះ គេជេរប្រមាថដល់ទ្រង់ ទាំងគ្រវីក្បាល ហើយនិយាយថា
40. ឯងដែលបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាង៣ថ្ងៃអើយ ចូរជួយសង្គ្រោះខ្លួនចុះ បើឯងជាព្រះរាជបុត្រានៃព្រះមែន នោះឲ្យចុះពីឈើឆ្កាងមក