គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 27:2-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ក៏​ចង​ទ្រង់​ដឹក​បញ្ជូន​ទៅ​ឯ​ចៅ‌ហ្វាយ​ស្រុក ឈ្មោះ​ប៉ុនទាស-ពីឡាត់។

3. កាល​យូដាស ជា​អ្នក​បញ្ជូន​ទ្រង់ បាន​ឃើញ​ថា ទ្រង់​ជាប់​ទោស​ដូច្នោះ នោះ​វា​នឹក​ស្តាយ​ក៏​យក​ប្រាក់​៣០ ទៅ​ឲ្យ​ដល់​ពួក​សង្គ្រាជ និង​ពួក​ចាស់‌ទុំ​វិញ

4. ដោយ​ពាក្យ​ថា ខ្ញុំ​បាន​ជា​ធ្វើ​បាប ដោយ​បញ្ជូន​ឈាម​ឥត​មាន​ទោស​ហួស​ទៅ​ហើយ តែ​គេ​ឆ្លើយ​ថា តើ​នោះ​អំពល់​អ្វី​ដល់​យើង ការ​នោះ​ស្រេច​នៅ​ឯង​ទេ​តើ

5. វា​ក៏​បោះ​ប្រាក់​ចោល​ទៅ​ក្នុង​ព្រះ‌វិហារ រួច​ចេញ​ទៅ​ក្រៅ​អួល​ស្ទះ​ស្លាប់​ទៅ

6. ឯ​ពួក​សង្គ្រាជ គេ​រើស​ប្រាក់​នោះ​មក​និយាយ​ថា ប្រាក់​នេះ​គ្មាន​ច្បាប់​នឹង​ដាក់​ទុក​ក្នុង​ឃ្លាំង​ទេ ពី​ព្រោះ​ជា​ថ្លៃ​ឈាម

7. លុះ​គេ​បាន​ពិគ្រោះ​គ្នា​ហើយ ក៏​យក​ប្រាក់​នោះ​ទៅ​ទិញ​ដី​វាល​របស់​ជាង​ស្មូន ទុក​សំរាប់​ជា​ទី​កប់​ខ្មោច​នៃ​សាសន៍​ដទៃ​វិញ

8. ដោយ​ហេតុ​នោះ​បាន​ជា​គេ​ហៅ​វាល​នោះ​ថា «វាល​ឈាម» ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

9. នោះ​បាន​សំរេច​តាម​ទំនាយ ដែល​ហោរា​យេរេមា បាន​ទាយ​ទុក​មក​ថា «គេ​បាន​យក​ប្រាក់​៣០​ជា​ដំឡៃ​ព្រះ‌អង្គ ដែល​គេ​បាន​កាត់​ថ្លៃ​ឲ្យ គឺ​ដែល​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​បាន​កាត់​ថ្លៃ​នោះ

10. ហើយ​គេ​ឲ្យ​ប្រាក់​នោះ​ទៅ​ទិញ​ដី​វាល​របស់​ជាង​ស្មូន ដូច​ជា​ព្រះ‌អម្ចាស់​ទ្រង់​បាន​បង្គាប់​ខ្ញុំ»។

11. ឯ​ព្រះ‌យេស៊ូវ ទ្រង់​ឈរ​នៅ​មុខ​លោក​ចៅ‌ហ្វាយ ហើយ​លោក​ក៏​ពិចារណា​សួរ​ទ្រង់​ថា តើ​អ្នក​ជា​ស្តេច​របស់​សាសន៍​យូដា​ឬ​អី ព្រះ‌យេស៊ូវ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ

12. តែ​កាល​ពួក​សង្គ្រាជ និង​ពួក​ចាស់‌ទុំ​ចោទ​ប្រកាន់​ទ្រង់ នោះ​ទ្រង់​មិន​បាន​មាន​ព្រះ‌បន្ទូល​ឆ្លើយ​សោះ

13. លោក​ពីឡាត់​ក៏​ទូល​សួរ​ទ្រង់​ថា តើ​អ្នក​មិន​ឮ​រឿង​ទាំង​ប៉ុន្មាន ដែល​គេ​ចោទ​ប្រកាន់​អ្នក​ទេ​ឬ​អី

14. តែ​ព្រះ‌យេស៊ូវ ទ្រង់​មិន​មាន​ព្រះ‌បន្ទូល​ឆ្លើយ​នឹង​ពាក្យ​ណា​មួយ​របស់​លោក​សោះ បាន​ជា​លោក​ចៅ‌ហ្វាយ​ឆ្ងល់​ខ្លាំង​ណាស់។

15. ឯ​នៅ​បុណ្យ​នោះ លោក​ចៅ‌ហ្វាយ​តែង​ធ្លាប់​លែង​អ្នក​ទោស​ម្នាក់ ឲ្យ​ដល់​ហ្វូង​មនុស្ស តាម​គេ​សូម

សូមអានជំពូកពេញលេញ ម៉ាថាយ 27