គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 26:7-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. នោះ​មាន​ស្ត្រី​ម្នាក់​មក​ឯ​ទ្រង់ កាន់​ទាំង​ដប​ថ្ម​កែវ ដាក់​ប្រេង​ក្រអូប​មាន​ដំឡៃ​ដ៏​វិសេស នាង​ក៏​ចាក់​ប្រេង​នោះ​លើ​ព្រះ‌សិរ​ទ្រង់ ដែល​ទ្រង់​កំពុង​តែ​គង់​នៅ​តុ

8. តែ​កាល​ពួក​សិស្ស​ទ្រង់​ឃើញ គេ​ក៏​នឹក​តូច​ចិត្ត ហើយ​និយាយ​ថា ធ្វើ​បង្ខាត​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី

9. ដ្បិត​ប្រេង​នេះ​នឹង​លក់​បាន​ប្រាក់​ជា​ច្រើន ដើម្បី​នឹង​ចែក​ឲ្យ​ដល់​មនុស្ស​ក្រីក្រ

10. តែ​ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប ហើយ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ហេតុ​អ្វី​បាន​ជា​បង្អាក់​ដល់​ចិត្ត​នាង​ដូច្នេះ ដ្បិត​នាង​បាន​ធ្វើ​ការ​ល្អ​ដល់​ខ្ញុំ​ណាស់

11. ពី​ព្រោះ​អ្នក​រាល់​គ្នា​មាន​ពួក​អ្នក​ក្រ​នៅ​ជា​មួយ​ជា​ដរាប តែ​ខ្ញុំ​មិន​នៅ​ជា​មួយ​ជា​ដរាប​ទេ

12. ដែល​នាង​នេះ​បាន​ចាក់​ប្រេង​ក្រអូប​លើ​ខ្លួន​ខ្ញុំ នោះ​គឺ​បាន​ធ្វើ​សំរាប់​រៀប​កប់​ខ្មោច​ខ្ញុំ

13. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា កន្លែង​ណា​ដែល​គេ​នឹង​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នេះ នៅ​គ្រប់​ក្នុង​លោកីយ៍​ទាំង​មូល នោះ​គេ​នឹង​ដំណាល​ពី​ការ​ដែល​នាង​បាន​ធ្វើ​នេះ​ដែរ ទុក​សំរាប់​ជា​កេរ្តិ៍​នាង។

14. នៅ​គ្រា​នោះ មាន​ម្នាក់​ក្នុង​ពួក​១២​នាក់ ឈ្មោះ​យូដាស-អ៊ីស្កា‌រីយ៉ុត វា​ទៅ​ឯ​ពួក​សង្គ្រាជ​សួរ​ថា

15. បើ​ខ្ញុំ​បញ្ជូន​អ្នក​នោះ​មក​លោក តើ​លោក​នឹង​ឲ្យ​អ្វី​ដល់​ខ្ញុំ រួច​គេ​សំរេច​នឹង​ឲ្យ​ប្រាក់​៣០​រៀលដល់​វា

16. ចាប់​តាំង​ពី​វេលា​នោះ​មក វា​ក៏​ចេះ​តែ​រក​ឱកាស​នឹង​បញ្ជូន​ទ្រង់​ទៅ។

17. នៅ​ថ្ងៃ​ដំបូង ក្នុង​បុណ្យ​នំបុ័ង​ឥត​ដំបែ នោះ​ពួក​សិស្ស​មក​ឯ​ព្រះ‌យេស៊ូវ​ទូល​ថា តើ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​យើង​ខ្ញុំ​រៀប​បុណ្យ​រំលង ថ្វាយ​ទ្រង់​សោយ​នៅ​ទី​ណា

18. ទ្រង់​ឆ្លើយ​ថា ឲ្យ​ចូល​ទៅ​ក្នុង​ទី​ក្រុង ដល់​ម្នាក់​ណា​មួយ​នោះ ហើយ​ប្រាប់​ថា លោក​គ្រូ​មាន​ប្រសាសន៍​ថា កំណត់​ខ្ញុំ​ជិត​ដល់​ហើយ ខ្ញុំ​នឹង​ធ្វើ​បុណ្យ​រំលង​ជា​មួយ​នឹង​ពួក​សិស្ស​ខ្ញុំ​នៅ​ផ្ទះ​អ្នក

19. ដូច្នេះ ពួក​សិស្ស​ក៏​ធ្វើ​តាម​បង្គាប់​ព្រះ‌យេស៊ូវ ហើយ​គេ​រៀប‌ចំ​ធ្វើ​បុណ្យ​រំលង។

20. ដល់​ល្ងាច ទ្រង់​គង់​នៅ​តុ​ជា​មួយ​នឹង​ពួក​១២​នាក់

សូមអានជំពូកពេញលេញ ម៉ាថាយ 26