គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 26:63-75 ព្រះគម្ពីរបរិសុទ្ធ (KHOV)

63. ឯ​ព្រះ‌យេស៊ូវ​ទ្រង់​នៅ​តែ​ស្ងៀម រួច​សំដេច​សង្ឃ​បង្គាប់​ទ្រង់​ថា ចូរ​ស្បថ​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ចុះ បើ​ឯង​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន នោះ​ចូរ​ប្រាប់​យើង​មក

64. ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ ១​ទៀត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អំណឹះ​ទៅ​មុខ អ្នក​រាល់​គ្នា​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ នៅ​ខាង​ស្តាំ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ហើយ​ទាំង​មក​លើ​ពពក​នៅ​លើ​មេឃផង

65. នោះ​សំដេច​សង្ឃ​ក៏​ហែក​អាវ​ខ្លួន ហើយ​និយាយ​ឡើង​ថា វា​បាន​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ ដូច្នេះ តើ​យើង​ចាំ​បាច់​ត្រូវ​ការ​នឹង​ទី​បន្ទាល់​ណា​ថែម​ទៀត មើល​អ្នក​រាល់​គ្នា​ទើប​នឹង​ឮ​ពាក្យ ដែល​វា​ប្រមាថ​នោះ​ស្រាប់​ហើយ

66. តើ​គិត​យ៉ាង​ដូច​ម្តេច អ្នក​ទាំង​នោះ​ឆ្លើយ​ឡើង​ថា វា​គួរ​ស្លាប់​ហើយ

67. គេ​ក៏​ស្តោះ​ដាក់​ព្រះ‌ភក្ត្រ ហើយ​ដាល់​តប់​ទ្រង់ មាន​អ្នក​ខ្លះ​ទះ​ទ្រង់ ទាំង​ទូល​ថា

68. ចូរ​ទាយ​ប្រាប់​យើង​ចុះ ព្រះ‌គ្រីស្ទ​អើយ តើ​អ្នក​ណា​បាន​វាយ​ឯង។

69. ឯ​ពេត្រុស គាត់​អង្គុយ​នៅ​ក្នុង​ព្រះ‌លាន​ឰដ៏​ខាង​ក្រៅ នោះ​មាន​បាវ​ស្រី​ម្នាក់​មក​ឯ​គាត់​និយាយ​ថា អ្នក​ឯង​បាន​នៅ​ជា​មួយ​នឹង​យេស៊ូវ ជា​អ្នក​ស្រុក​កាលី‌ឡេ​នេះ​ដែរ

70. តែ​គាត់​ប្រកែក​នៅ​មុខ​អ្នក​ទាំង​អស់​ថា ខ្ញុំ​មិន​ដឹង​ជា​អ្នក​ថា​អ្វី​ទេ

71. កាល​គាត់​បាន​ចេញ​ទៅ​ដល់​មាត់​ទ្វារ​ហើយ នោះ​បាវ​ស្រី​ម្នាក់​ទៀត​ឃើញ​គាត់ ក៏​ប្រាប់​ដល់​ពួក​អ្នក​នៅ​ទី​នោះ​ថា អ្នក​នេះ​បាន​នៅ​ជា​មួយ​នឹង​យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត​ដែរ

72. គាត់​ក៏​ប្រកែក​ម្តង​ទៀត ទាំង​ស្បថ​ថា ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ទេ

73. ក្រោយ​បន្តិច​មក ពួក​អ្នក​ដែល​នៅ​ទី​នោះ គេ​មក​ឯ​ពេត្រុស​ចោទ​ថា ឯង​ប្រាកដ​ជា​ពួក​មនុស្ស​នោះ​ដែរ ដ្បិត​សំដី​ឯង​ស​ពី​ខ្លួន​ឯង​ឲ្យ​ដឹង​ហើយ

74. នោះ​គាត់​ចាប់​តាំង​ប្រមាថ ហើយ​ស្បថ​ថា ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ទេ ស្រាប់​តែ​មាន់​ក៏​រងាវ​ឡើង

75. ពេត្រុស​នឹក​ឃើញ​ពី​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេស៊ូវ ដែល​ទ្រង់​ប្រាប់​គាត់​ថា មុន​ដែល​មាន់​រងាវ នោះ​អ្នក​នឹង​ប្រកែក​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ រួច​គាត់​ក៏​ចេញ​ទៅ​ដោយ​យំ​ក្តួល។

សូមអានជំពូកពេញលេញ ម៉ាថាយ 26