គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 26:45-61 ព្រះគម្ពីរបរិសុទ្ធ (KHOV)

45. នោះ​ទ្រង់​យាង​មក​ឯ​ពួក​សិស្ស​មាន​ព្រះ‌បន្ទូល​ថា ឥឡូវ​នេះ អ្នក​រាល់​គ្នា​ដេក​លក់ ហើយ​សំរាក​កំឡាំង​ទៀត​ឬ មើល​កំណត់​ជិត​ដល់​ហើយ កូន​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​មាន​បាប

46. ចូរ​ក្រោក​ឡើង យើង​ទៅ ន៏ អ្នក​ដែល​បញ្ជូន​ខ្ញុំ​ជិត​មក​ដល់​ហើយ។

47. កាល​ទ្រង់​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ នោះ​ឃើញ​យូដាស ជា​ម្នាក់​ក្នុង​ពួក​១២​មក​ដល់ នាំ​ទាំង​ហ្វូង​មនុស្ស​ជា​ធំ ដែល​កាន់​ដាវ កាន់​ដំបង មក​ពី​ពួក​សង្គ្រាជ និង​ពួក​ចាស់‌ទុំ​នៃ​បណ្តា‌ជន

48. ឯ​អ្នក​ដែល​បញ្ជូន​ទ្រង់ ក៏​ប្រាប់​ទី​សំគាល់​នេះ​ដល់​គេ​ថា អ្នក​ណា​ដែល​ខ្ញុំ​ថើប គឺ​អ្នក​នោះ​ហើយ ចូរ​ចាប់​វា​ចុះ

49. ស្រាប់​តែ​វា​មក​ដល់​ព្រះ‌យេស៊ូវ​គំនាប់​ទូល​ថា ជំរាប​សួរ​លោក​គ្រូ រួច​ក៏​ថើប​ទ្រង់

50. តែ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា សំឡាញ់​អើយ ឯង​មក​ធ្វើ​អី នោះ​គេ​ក៏​មក​លូក​ដៃ​ចាប់​ព្រះ‌អង្គ

51. ខណៈ​នោះ មាន​ម្នាក់​ដែល​នៅ​ជា​មួយ​នឹង​ព្រះ‌យេស៊ូវ គាត់​លូក​ដៃ​ទៅ​ហូត​ដាវ កាប់​ដាច់​ស្លឹក​ត្រចៀក​របស់​បាវ​សំដេច​សង្ឃ​ម្នាក់

52. តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ថា ចូរ​ស៊ក​ដាវ​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ ដ្បិត​អស់​អ្នក​ដែល​យក​ដាវ នោះ​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ

53. តើ​អ្នក​ស្មាន​ថា ខ្ញុំ​មិន​អាច​នឹង​សូម​ដល់​ព្រះ‌វរ‌បិតា​ខ្ញុំ​ឥឡូវ ដែល​ទ្រង់​នឹង​ចាត់​ពួក​ទេវតា​១២​កង មក​ខ្ញុំ​ជា​១​រំពេច​ទេ​ឬ​អី

54. បើ​យ៉ាង​នោះ ធ្វើ​ដូច​ម្តេច​នឹង​បាន​សំរេច​តាម​គម្ពីរ ដែល​ថា​ត្រូវ​តែ​កើត​មាន​ដូច្នេះ។

55. នៅ​វេលា​នោះ​ឯង ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ហ្វូង​មនុស្ស​ថា តើ​អ្នក​រាល់​គ្នា​បាន​ចេញ​មក​ចាប់​ខ្ញុំ ដោយ​កាន់​ដាវ កាន់​ដំបង ដូច​ជា​មក​ចាប់​ចោរ​ឬ​អី ខ្ញុំ​បាន​អង្គុយ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ហើយ​បង្រៀន​ក្នុង​ព្រះ‌វិហារ​រាល់​តែ​ថ្ងៃ តែ​អ្នក​រាល់​គ្នា​មិន​បាន​ចាប់​ខ្ញុំ​ទេ

56. ប៉ុន្តែ ការ​ទាំង​នេះ​បាន​កើត​មក ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ​ពួក​ហោរា​វិញ នោះ​ពួក​សិស្ស​ទាំង​អស់​ក៏​រត់​ចោល​ទ្រង់​ទៅ។

57. ឯ​ពួក​អ្នក​ដែល​ចាប់​ព្រះ‌យេស៊ូវ គេ​ដឹក‌នាំ​ទ្រង់​ទៅ​ឯ​លោក​កៃផា ជា​សំដេច​សង្ឃ នៅ​កន្លែង​ដែល​ពួក​អាចារ្យ និង​ពួក​ចាស់‌ទុំ​បាន​ប្រជុំ​គ្នា

58. រីឯ​ពេត្រុស គាត់​តាម​ទ្រង់​ពី​ចំងាយ​ទៅ រហូត​ដល់​ព្រះ‌លាន​នៃ​សំដេច​សង្ឃ ក៏​ចូល​ទៅ​អង្គុយ​ខាង​ក្នុង ជា​មួយ​នឹង​ពួក​អាជ្ញា ដើម្បី​ចង់​ឃើញ​ទី​បំផុត​នៃ​ការ​នោះ។

59. ចំណែក​ពួក​សង្គ្រាជ និង​ពួក​ចាស់‌ទុំ ហើយ​ក្រុម‌ជំនុំ​ទាំង​អស់​គ្នា គេ​ស្វែង​រក​សេចក្ដី​បន្ទាល់​ក្លែង​ទាស់​នឹង​ព្រះ‌យេស៊ូវ ប្រយោជន៍​ឲ្យ​បាន​សំឡាប់​ទ្រង់

60. តែ​ទោះ​បើ​មាន​ស្មរ​បន្ទាល់​ក្លែង‌ក្លាយ​មក​ជា​ច្រើន​នាក់​ក៏​ដោយ គង់​តែ​រក​មិន​បាន​សោះ

61. តែ​ក្រោយ​បង្អស់ មាន​ស្មរ​បន្ទាល់​២​នាក់​មក​ចោទ​ថា អា​នេះ​បាន​និយាយ​ថា ខ្ញុំ​អាច​នឹង​បំផ្លាញ​ព្រះ‌វិហារ​ចេញ ហើយ​នឹង​សង់​ឡើង​វិញ ក្នុង​រវាង​៣​ថ្ងៃ​បាន

សូមអានជំពូកពេញលេញ ម៉ាថាយ 26