គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 26:32-48 ព្រះគម្ពីរបរិសុទ្ធ (KHOV)

32. ប៉ុន្តែ កាល​ណា​ខ្ញុំ​បាន​រស់​ឡើង​វិញ នោះ​ខ្ញុំ​នឹង​ទៅ​ឯ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា

33. ពេត្រុស​ទូល​ទ្រង់​ថា ទោះ​បើ​មនុស្ស​ទាំង​អស់​នឹង​រវាត​ចិត្ត ដោយ​ព្រោះ​ទ្រង់​ក៏​ដោយ គង់​តែ​ទូល‌បង្គំ​មិន​ដូច្នោះ​ទេ

34. ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នៅ​វេលា​យប់​នេះ មុន​ដែល​មាន់​រងាវ នោះ​អ្នក​នឹង​ប្រកែក​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ

35. ពេត្រុស​ទូល​តប​ថា ទោះ​បើ​ទូល‌បង្គំ​ត្រូវ​ស្លាប់​ជា​មួយ​នឹង​ទ្រង់​ក៏​ដោយ គង់​តែ​មិន​ព្រម​ថា មិន​ស្គាល់​ទ្រង់​ឡើយ ហើយ​ពួក​សិស្ស​ទាំង​អស់​ក៏​ថា​ឡើង​ដូច​គ្នា។

36. នោះ​ព្រះ‌យេស៊ូវ ព្រម​ទាំង​ពួក​សិស្ស ក៏​ទៅ​ដល់​កន្លែង​ហៅ​ថា ច្បារ​គែត‌សេ‌ម៉ានី ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ចូរ​អង្គុយ​នៅ​ទី​នេះ​សិន ចាំ​ខ្ញុំ​នឹង​ទៅ​អធិស្ឋាន​នៅ​ឯ​ណោះ

37. រួច​ទ្រង់​យក​ពេត្រុស និង​កូន​សេបេដេ​ទាំង​២​នាក់​ទៅ​ជា​មួយ​ផង ទ្រង់​ចាប់​តាំង​មាន​ព្រះ‌ហឫ‌ទ័យ​ព្រួយ ហើយ​តប់‌ប្រមល់​ជា​ខ្លាំង

38. ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ចិត្ត​ខ្ញុំ​ព្រួយ​ពន់‌ពេក ស្ទើរ​តែ​នឹង​ស្លាប់ ចូរ​នៅ​ទី​នេះ ចាំ​យាមជា​មួយ​នឹង​ខ្ញុំ​សិន

39. កាល​ទ្រង់​បាន​យាង​ទៅ​មុខ​បន្តិច​ទៀត នោះ​ទ្រង់​ទំលាក់​អង្គ ផ្កាប់​ព្រះ‌ភក្ត្រ​ចុះ​អធិស្ឋាន​ថា ឱ​ព្រះ‌វរ‌បិតា​នៃ​ទូល‌បង្គំ​អើយ បើ​សិន​ជា​បាន នោះ​សូម​ឲ្យ​ពែងនេះ​កន្លង​ហួស​ពី​ទូល‌បង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល‌បង្គំ​ឡើយ សូម​តាម​តែ​ព្រះ‌ហឫ‌ទ័យ​ទ្រង់​វិញ

40. នោះ​ទ្រង់​យាង​មក​ដល់​ពួក​សិស្ស ឃើញ​គេ​ដេក​លក់ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ពេត្រុស​ថា ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចាំ​យាម​ជា​មួយ​នឹង​ខ្ញុំ​តែ​១​ម៉ោង​មិន​បាន​ទេ​ឬ​អី

41. ចូរ​ចាំ​យាម ហើយ​អធិស្ឋាន​ចុះ ដើម្បី​មិន​ឲ្យ​កើត​សេចក្ដី​ល្បួង​នាំ​ចិត្ត​ឡើយ ឯ​វិញ្ញាណ ក៏​ប្រុង​ជា​ស្រេច​មែន តែ​សាច់​ឈាម​ខ្សោយ​ទេ

42. កាល​ទ្រង់​បាន​យាង​ទៅ​ម្តង​ទៀត នោះ​ក៏​អធិស្ឋាន​ថា ឱ​ព្រះ‌វរ‌បិតា​នៃ​ទូល‌បង្គំ​អើយ បើ​សិន​ជា​ពែង​នេះ​កន្លង​ហួស​ពី​ទូល‌បង្គំ​ទៅ​ពុំ​បាន លើក​តែ​ទូល‌បង្គំ​ទទួល នោះ​សូម​តាម​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ចុះ

43. កាល​ទ្រង់​បាន​យាង​មក​វិញ នោះ​ក៏​ឃើញ​ពួក​សិស្ស​ដេក​លក់​ទៀត ដ្បិត​ភ្នែក​គេ​ធ្ងន់​ជ្រប់

44. រួច​ទ្រង់​យាង​ចោល​គេ​ទៅ​ម្តង​ទៀត នឹង​អធិស្ឋាន​ជា​គំរប់​៣​ដង ដោយ​ព្រះ‌បន្ទូល​ជា​សេចក្ដី​ដដែល

45. នោះ​ទ្រង់​យាង​មក​ឯ​ពួក​សិស្ស​មាន​ព្រះ‌បន្ទូល​ថា ឥឡូវ​នេះ អ្នក​រាល់​គ្នា​ដេក​លក់ ហើយ​សំរាក​កំឡាំង​ទៀត​ឬ មើល​កំណត់​ជិត​ដល់​ហើយ កូន​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​មាន​បាប

46. ចូរ​ក្រោក​ឡើង យើង​ទៅ ន៏ អ្នក​ដែល​បញ្ជូន​ខ្ញុំ​ជិត​មក​ដល់​ហើយ។

47. កាល​ទ្រង់​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ នោះ​ឃើញ​យូដាស ជា​ម្នាក់​ក្នុង​ពួក​១២​មក​ដល់ នាំ​ទាំង​ហ្វូង​មនុស្ស​ជា​ធំ ដែល​កាន់​ដាវ កាន់​ដំបង មក​ពី​ពួក​សង្គ្រាជ និង​ពួក​ចាស់‌ទុំ​នៃ​បណ្តា‌ជន

48. ឯ​អ្នក​ដែល​បញ្ជូន​ទ្រង់ ក៏​ប្រាប់​ទី​សំគាល់​នេះ​ដល់​គេ​ថា អ្នក​ណា​ដែល​ខ្ញុំ​ថើប គឺ​អ្នក​នោះ​ហើយ ចូរ​ចាប់​វា​ចុះ

សូមអានជំពូកពេញលេញ ម៉ាថាយ 26