គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 26:21-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. កាល​កំពុង​តែ​បរិភោគ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​បញ្ជូន​ខ្ញុំ

22. នោះ​គ្រប់​គ្នា​មាន​សេចក្ដី​ព្រួយ​ជា​ខ្លាំង ហើយ​ចាប់​តាំង​ទូល​សួរ​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​ទូល‌បង្គំ​ឬ​អី

23. តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា គឺ​ជា​អ្នក​មួយ ដែល​លូក​ដៃ​ចុះ​ក្នុង​ចាន​ជា​មួយ​នឹង​ខ្ញុំ អ្នក​នោះ​ឯង​នឹង​បញ្ជូន​ខ្ញុំទៅ

24. ឯ​កូន​មនុស្ស ត្រូវ​ទៅ​មែន តាម​សេចក្ដី​ដែល​បាន​ចែង​ទុក​ពី​ដំណើរ​លោក ប៉ុន្តែ វេទនា​ដល់​អ្នក​នោះ ដែល​នឹង​បញ្ជូន​កូន​មនុស្ស​ទៅ បើ​វា​មិន​បាន​កើត​មក នោះ​ល្អ​ដល់​វា​ជា​ជាង

25. នោះ​យូដាស ជា​អ្នក​ដែល​បញ្ជូន​ទ្រង់ វា​ចាប់​ពាក្យ​ទូល​ថា លោក​គ្រូ​អើយ តើ​ខ្ញុំ​ឬ​អី ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​វា​ថា ត្រូវ​ដូច​អ្នក​និយាយ​ហើយ។

26. គ្រា​ដែល​កំពុង​តែ​បរិភោគ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យក​នំបុ័ង ហើយ​កាល​ទ្រង់​បាន​ប្រទាន​ពរ នោះ​ក៏​កាច់​ប្រទាន​ទៅ​ពួក​សិស្ស ដោយ​ព្រះ‌បន្ទូល​ថា ចូរ​យក​បរិភោគ​ចុះ នេះ​ហើយ​ជា​រូប‌កាយ​ខ្ញុំ

27. រួច​ទ្រង់​យក​ពែង​មក​ប្រទាន​ពរ ក៏​ហុច​ទៅ​ឲ្យ​គេ ដោយ​ព្រះ‌បន្ទូល​ថា ចូរ​បរិភោគ​ពី​ពែង​នេះ​ទាំង​អស់​គ្នា​ចុះ

28. ដ្បិត​នេះ​ជា​ឈាម​ខ្ញុំ គឺ​ជា​ឈាម​នៃ​សញ្ញា​ថ្មី ដែល​បាន​ច្រួច​ចេញ សំរាប់​មនុស្ស​ជា​ច្រើន​ប្រយោជន៍​នឹង​ផ្តាច់​បាប

29. តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ពី​នេះ​ត​ទៅ​មុខ ខ្ញុំ​មិន​ផឹក​ពី​ផល​ផ្លែ​ទំពាំង‌បាយ‌ជូរ​ទៀត​ទេ ដរាប​ដល់​ថ្ងៃ​ណា​ដែល​ខ្ញុំ​នឹង​ផឹក​ជា​ថ្មី ជា​មួយ​នឹង​អ្នក​រាល់​គ្នា នៅ​ក្នុង​នគរ​ព្រះ‌វរ‌បិតា​នៃ​ខ្ញុំ

30. រួច​កាល​បាន​ច្រៀង​ទំនុក​មួយ​ហើយ នោះ​ក៏​នាំ​គ្នា​ចេញ​ទៅ​ឯ​ភ្នំ​ដើម​អូលីវ។

31. ខណៈ​នោះ ព្រះ‌យេស៊ូវ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា នៅ​វេលា​យប់​នេះ​ឯង អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​រវាត​ចេញ

32. ប៉ុន្តែ កាល​ណា​ខ្ញុំ​បាន​រស់​ឡើង​វិញ នោះ​ខ្ញុំ​នឹង​ទៅ​ឯ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា

33. ពេត្រុស​ទូល​ទ្រង់​ថា ទោះ​បើ​មនុស្ស​ទាំង​អស់​នឹង​រវាត​ចិត្ត ដោយ​ព្រោះ​ទ្រង់​ក៏​ដោយ គង់​តែ​ទូល‌បង្គំ​មិន​ដូច្នោះ​ទេ

34. ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នៅ​វេលា​យប់​នេះ មុន​ដែល​មាន់​រងាវ នោះ​អ្នក​នឹង​ប្រកែក​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ

សូមអានជំពូកពេញលេញ ម៉ាថាយ 26