គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 24:17-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. កុំ​ឲ្យ​អ្នក​ណា​ដែល​នៅ​លើ​ដំបូល​ផ្ទះ​ចុះ​មក ដើម្បី​នឹង​យក​របស់​អ្វី​ពី​ផ្ទះ​ឡើយ

18. ហើយ​កុំ​ឲ្យ​អ្នក​ដែល​នៅ​ស្រែ​ចំការ ត្រឡប់​មក​វិញ ដើម្បី​នឹង​យក​សំលៀក‌បំពាក់​ខ្លួន​ដែរ

19. នៅ​គ្រា​នោះ ស្ត្រី​ណា​ដែល​មាន​ផ្ទៃ​ពោះ ហើយ​ស្ត្រី​ណា​ដែល​បំបៅ​កូន នឹង​វេទនា​ណាស់

20. ចូរ​អធិស្ឋាន​សូម​កុំ​ឲ្យ​ត្រូវ​រត់​នៅ​រដូវ​រងា ឬ​នៅ​ថ្ងៃ​ឈប់​សំរាក​ឡើយ

21. ដ្បិត​នៅ​គ្រា​នោះ នឹង​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់ ដល់​ម៉្លេះ​បាន​ជា​តាំង​ពី​ដើម​កំណើត​លោកីយ៍ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ មិន​ដែល​មាន​យ៉ាង​ដូច្នោះ​ឡើយ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ដែរ

22. បើ​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី​ចុះ នោះ​គ្មាន​មនុស្ស​ណា​នឹង​បាន​សង្គ្រោះ​ទេ ប៉ុន្តែ ថ្ងៃ​ទាំង​នោះ​នឹង​ត្រូវ​បន្ថយ​ទៅ ដោយ​យល់​ដល់​ពួក​រើស​តាំង

23. គ្រា​នោះ បើ​មាន​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល ព្រះ‌គ្រីស្ទ​គង់​នៅ​ទី​នេះ ឬ​នៅ​ទី​នោះ នោះ​កុំ​ឲ្យ​ជឿ​គេ​ឡើយ

24. ដ្បិត​នឹង​មាន​ព្រះ‌គ្រីស្ទ​ក្លែង ហើយ​ហោរា​ក្លែង​កើត​ឡើង គេ​នឹង​ធ្វើ​ទី​សំគាល់​យ៉ាង​ធំ ហើយ​នឹង​ការ​អស្ចារ្យ ដើម្បី​នឹង​នាំ​ទាំង​ពួក​អ្នក​រើស​តាំង​ឲ្យ​វង្វេង​ផង បើ​សិន​ជា​បាន

25. មើល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ជា​មុន

26. ដូច្នេះ បើ​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល ទ្រង់​គង់​នៅ​ទី​រហោ‌ស្ថាន នោះ​កុំ​ឲ្យ​ចេញ​ទៅ​ឡើយ ឬ​ថា មើល​ទ្រង់​គង់​នៅ​ក្នុង​បន្ទប់ នោះ​ក៏​កុំ​ឲ្យ​ជឿ​ឲ្យ​សោះ

27. ព្រោះ​ដំណើរ​ដែល​កូន​មនុស្ស​មក នោះ​នឹង​បាន​ដូច​ជា​ផ្លេក‌បន្ទោរ ដែល​ភ្លឺ‌ផ្លេកៗ ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច​ដែរ

28. ដ្បិត​ខ្មោច​មាន​នៅ​កន្លែង​ណា ឥន្ទ្រី​នឹង​ប្រជុំ​គ្នា​នៅ​កន្លែង​នោះ​ឯង។

29. ក្រោយ​សេចក្ដី​វេទនា​របស់​គ្រា​នោះ​មក ស្រាប់​តែ​ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ខែ​នឹង​លែង​ភ្លឺ អស់​ទាំង​ផ្កាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ

30. នោះ​ទី​សំគាល់​របស់​កូន​មនុស្ស​នឹង​លេច​មក​នៅ​លើ​មេឃ គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​គក់​ទ្រូង មាន​ទាំង​ព្រះ‌ចេស្តា និង​សិរី‌ល្អ​ជា​ខ្លាំង

31. ហើយ​លោក​នឹង​ចាត់​ពួក​ទេវតា​របស់​លោក ឲ្យ​មក​ដោយ​សូរ​ផ្លុំ​ត្រែ​ជា​ខ្លាំង ទេវតា​ទាំង​នោះ​នឹង​ប្រមូល​ពួក​រើស​តាំង​របស់​លោក​ពី​ទិស​ទាំង​៤ ចាប់​តាំង​ពី​ជើង​មេឃ​ម្ខាង រហូត​ដល់​ជើង​មេឃ​ម្ខាង។

សូមអានជំពូកពេញលេញ ម៉ាថាយ 24