គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 24:15-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ដូច្នេះ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​សេចក្ដី​ដែល​ហោរា​ដានី‌យ៉ែលដែល​បង្ខូច​បំផ្លាញ វា​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ (អ្នក​ណា​ដែល​អាន​មើល​ឲ្យ​យល់​ចុះ)

16. នោះ​ត្រូវ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ស្រុក​យូដា​រត់​ចេញ​ទៅ​ឯ​ភ្នំ

17. កុំ​ឲ្យ​អ្នក​ណា​ដែល​នៅ​លើ​ដំបូល​ផ្ទះ​ចុះ​មក ដើម្បី​នឹង​យក​របស់​អ្វី​ពី​ផ្ទះ​ឡើយ

18. ហើយ​កុំ​ឲ្យ​អ្នក​ដែល​នៅ​ស្រែ​ចំការ ត្រឡប់​មក​វិញ ដើម្បី​នឹង​យក​សំលៀក‌បំពាក់​ខ្លួន​ដែរ

19. នៅ​គ្រា​នោះ ស្ត្រី​ណា​ដែល​មាន​ផ្ទៃ​ពោះ ហើយ​ស្ត្រី​ណា​ដែល​បំបៅ​កូន នឹង​វេទនា​ណាស់

20. ចូរ​អធិស្ឋាន​សូម​កុំ​ឲ្យ​ត្រូវ​រត់​នៅ​រដូវ​រងា ឬ​នៅ​ថ្ងៃ​ឈប់​សំរាក​ឡើយ

21. ដ្បិត​នៅ​គ្រា​នោះ នឹង​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់ ដល់​ម៉្លេះ​បាន​ជា​តាំង​ពី​ដើម​កំណើត​លោកីយ៍ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ មិន​ដែល​មាន​យ៉ាង​ដូច្នោះ​ឡើយ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ដែរ

22. បើ​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី​ចុះ នោះ​គ្មាន​មនុស្ស​ណា​នឹង​បាន​សង្គ្រោះ​ទេ ប៉ុន្តែ ថ្ងៃ​ទាំង​នោះ​នឹង​ត្រូវ​បន្ថយ​ទៅ ដោយ​យល់​ដល់​ពួក​រើស​តាំង

23. គ្រា​នោះ បើ​មាន​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល ព្រះ‌គ្រីស្ទ​គង់​នៅ​ទី​នេះ ឬ​នៅ​ទី​នោះ នោះ​កុំ​ឲ្យ​ជឿ​គេ​ឡើយ

24. ដ្បិត​នឹង​មាន​ព្រះ‌គ្រីស្ទ​ក្លែង ហើយ​ហោរា​ក្លែង​កើត​ឡើង គេ​នឹង​ធ្វើ​ទី​សំគាល់​យ៉ាង​ធំ ហើយ​នឹង​ការ​អស្ចារ្យ ដើម្បី​នឹង​នាំ​ទាំង​ពួក​អ្នក​រើស​តាំង​ឲ្យ​វង្វេង​ផង បើ​សិន​ជា​បាន

25. មើល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ជា​មុន

26. ដូច្នេះ បើ​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល ទ្រង់​គង់​នៅ​ទី​រហោ‌ស្ថាន នោះ​កុំ​ឲ្យ​ចេញ​ទៅ​ឡើយ ឬ​ថា មើល​ទ្រង់​គង់​នៅ​ក្នុង​បន្ទប់ នោះ​ក៏​កុំ​ឲ្យ​ជឿ​ឲ្យ​សោះ

27. ព្រោះ​ដំណើរ​ដែល​កូន​មនុស្ស​មក នោះ​នឹង​បាន​ដូច​ជា​ផ្លេក‌បន្ទោរ ដែល​ភ្លឺ‌ផ្លេកៗ ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច​ដែរ

28. ដ្បិត​ខ្មោច​មាន​នៅ​កន្លែង​ណា ឥន្ទ្រី​នឹង​ប្រជុំ​គ្នា​នៅ​កន្លែង​នោះ​ឯង។

29. ក្រោយ​សេចក្ដី​វេទនា​របស់​គ្រា​នោះ​មក ស្រាប់​តែ​ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ខែ​នឹង​លែង​ភ្លឺ អស់​ទាំង​ផ្កាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ

សូមអានជំពូកពេញលេញ ម៉ាថាយ 24