គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 23:11-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. តែ​អ្នក​ណា​ដែល​ធំ​ជាង​គេ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ

12. អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ​វិញ ហើយ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង។

13. វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​បិទ​នគរ​ស្ថាន‌សួគ៌​នៅ​មុខ​មនុស្ស ខ្លួន​អ្នក​រាល់​គ្នា​មិន​ព្រម​ចូល ហើយ​ក៏​មិន​បើក​ដល់​អស់​អ្នក ដែល​កំពុង​តែ​ចូល ឲ្យ​គេ​ចូល​ដែរ

14. វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ខំ​សូត្រ​ធម៌​ឲ្យ​ច្រើន ដើម្បី​ឲ្យ​បាន​ឆ​ស៊ី​ផ្ទះ​ពួក​មេម៉ាយ ហេតុ​ដូច្នោះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ទោស​ធ្ងន់​ជាង​ទៅ​ទៀត

15. វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ដើរ​ជុំ​ជើង​ទឹក ជើង​គោក ដើម្បី​នឹង​នាំ​មនុស្ស​តែ​ម្នាក់​ឲ្យ​ចូល​កាន់​សាសនា តែ​កាល​ណា​គេ​ចូល​កាន់​ហើយ នោះ​អ្នក​រាល់​គ្នា​តែង​ធ្វើ​ឲ្យ​គេ​ទៅ​ជា​គួរ​ធ្លាក់​ទៅ​នរក ជា​ជាង​ខ្លួន​១​ជា​២​ផង

16. វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​កង្វាក់​ដែល​នាំ​ផ្លូវ​គេ​អើយ អ្នក​រាល់​គ្នា​ថា បើ​អ្នក​ណា​ស្បថ​នឹង​ព្រះ‌វិហារ នោះ​មិន​ជា​អ្វី​ទេ តែ​បើ​ស្បថ​នឹង​មាស​របស់​ព្រះ‌វិហារ នោះ​ត្រូវ​ជាប់​សម្បថ​ខ្លួន​ហើយ

17. ឱ​ពួក​មនុស្ស​ល្ងី‌ល្ងើ ហើយ​កង្វាក់​អើយ តើ​របស់​ណា​ធំ​ជាង មាស ឬ ព្រះ‌វិហារ​ដែល​ធ្វើ​ឲ្យ​មាស​នោះ​បរិសុទ្ធ

18. ហើយ​ក៏​ថា បើ​អ្នក​ណា​ស្បថ​នឹង​អាសនា នោះ​មិន​ជា​អ្វី​ទេ តែ​បើ​ស្បថ​នឹង​ដង្វាយ​នៅ​លើ​អាសនា នោះ​ត្រូវ​ជាប់​សម្បថ​ខ្លួន​ហើយ

19. ឱ​ពួក​មនុស្ស​ល្ងី‌ល្ងើ ហើយ​កង្វាក់​អើយ តើ​របស់​ណា​ធំ​ជាង ដង្វាយ ឬ អាសនា​ដែល​ធ្វើ​ឲ្យ​ដង្វាយ​នោះ​បាន​បរិសុទ្ធ

20. ដូច្នេះ​អ្នក​ណា​ដែល​ស្បថ​នឹង​អាសនា នោះ​ឈ្មោះ​ថា​ស្បថ​នឹង​អាសនា ហើយ​នឹង​របស់​ទាំង​អស់​ដែល​នៅ​លើ​អាសនា​នោះ

21. ឯ​អ្នក​ណា​ដែល​ស្បថ​នឹង​ព្រះ‌វិហារ នោះ​ឈ្មោះ​ថា​ស្បថ​នឹង​ព្រះ‌វិហារ ហើយ​នឹង​ព្រះ​ដែល​គង់​នៅ​ក្នុង​ព្រះ‌វិហារ​នោះ​ដែរ

22. ហើយ​អ្នក​ណា​ដែល​ស្បថ​នឹង​ស្ថាន‌សួគ៌ នោះ​ឈ្មោះ​ថា​ស្បថ​នឹង​បល្ល័ង្ក​នៃ​ព្រះ ហើយ​នឹង​ព្រះ​ដែល​គង់​លើ​បល្ល័ង្ក​នោះ​ផង

23. វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ថ្វាយ​១​ភាគ​ក្នុង​១០ ទាំង​ជីរ‌អង្កាម ជីរ​លីង‌លាក់ និង​ល្ង​ផង តែ​បាន​ចោល​សេចក្ដី​សំខាន់​ជាង ដែល​នៅ​ក្នុង​ក្រឹត្យ‌វិន័យ​វិញ ដូច​ជា​សេចក្ដី​យុត្តិ‌ធម៌ សេចក្ដី​មេត្តា‌ករុណា និង​សេចក្ដី​ជំនឿ គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ការណ៍​ទាំង​នេះ ហើយ​ការ​ឯ​ទៀត​នោះ ក៏​មិន​ត្រូវ​ចោល​ផង

24. ឱ​ពួក​មនុស្ស​កង្វាក់ ដែល​នាំ​ផ្លូវ​គេ​អើយ អ្នក​រាល់​គ្នា​ត្រង​សុច​ចេញ តែ​លេប​សត្វ​អូដ្ឋ​វិញ

25. វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​លាង​ចាន​លាង​ថាស​តែ​ខាង​ក្រៅ ឯ​ខាង​ក្នុង​វិញ នោះ​ពេញ​ដោយ​អំពើ​ប្លន់ និង​សេចក្ដី​ហួស​ខ្នាត​ទទេ

26. ឱ​ពួក​ផារី‌ស៊ី​កង្វាក់​អើយ ចូរ​លាង​ចាន​លាង​ថាស​ខាង​ក្នុង​ជា​មុន ដើម្បី​ឲ្យ​ខាង​ក្រៅ​បាន​ស្អាត​ដែរ

27. វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ដូច​ជា​ម៉ុង​ខ្មោច​ដែល​លាប​ស ឯ​ខាង​ក្រៅ ល្អ​មើល​ពិត​មែន តែ​ខាង​ក្នុង​មាន​ពេញ​ដោយ​ឆ្អឹង​ខ្មោច និង​សេចក្ដី​ស្មោក‌គ្រោក​គ្រប់​មុខ​វិញ

សូមអានជំពូកពេញលេញ ម៉ាថាយ 23