គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 23:11-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. តែ​អ្នក​ណា​ដែល​ធំ​ជាង​គេ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ

12. អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ​វិញ ហើយ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង។

13. វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​បិទ​នគរ​ស្ថាន‌សួគ៌​នៅ​មុខ​មនុស្ស ខ្លួន​អ្នក​រាល់​គ្នា​មិន​ព្រម​ចូល ហើយ​ក៏​មិន​បើក​ដល់​អស់​អ្នក ដែល​កំពុង​តែ​ចូល ឲ្យ​គេ​ចូល​ដែរ

14. វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ខំ​សូត្រ​ធម៌​ឲ្យ​ច្រើន ដើម្បី​ឲ្យ​បាន​ឆ​ស៊ី​ផ្ទះ​ពួក​មេម៉ាយ ហេតុ​ដូច្នោះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ទោស​ធ្ងន់​ជាង​ទៅ​ទៀត

15. វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ដើរ​ជុំ​ជើង​ទឹក ជើង​គោក ដើម្បី​នឹង​នាំ​មនុស្ស​តែ​ម្នាក់​ឲ្យ​ចូល​កាន់​សាសនា តែ​កាល​ណា​គេ​ចូល​កាន់​ហើយ នោះ​អ្នក​រាល់​គ្នា​តែង​ធ្វើ​ឲ្យ​គេ​ទៅ​ជា​គួរ​ធ្លាក់​ទៅ​នរក ជា​ជាង​ខ្លួន​១​ជា​២​ផង

16. វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​កង្វាក់​ដែល​នាំ​ផ្លូវ​គេ​អើយ អ្នក​រាល់​គ្នា​ថា បើ​អ្នក​ណា​ស្បថ​នឹង​ព្រះ‌វិហារ នោះ​មិន​ជា​អ្វី​ទេ តែ​បើ​ស្បថ​នឹង​មាស​របស់​ព្រះ‌វិហារ នោះ​ត្រូវ​ជាប់​សម្បថ​ខ្លួន​ហើយ

17. ឱ​ពួក​មនុស្ស​ល្ងី‌ល្ងើ ហើយ​កង្វាក់​អើយ តើ​របស់​ណា​ធំ​ជាង មាស ឬ ព្រះ‌វិហារ​ដែល​ធ្វើ​ឲ្យ​មាស​នោះ​បរិសុទ្ធ

18. ហើយ​ក៏​ថា បើ​អ្នក​ណា​ស្បថ​នឹង​អាសនា នោះ​មិន​ជា​អ្វី​ទេ តែ​បើ​ស្បថ​នឹង​ដង្វាយ​នៅ​លើ​អាសនា នោះ​ត្រូវ​ជាប់​សម្បថ​ខ្លួន​ហើយ

19. ឱ​ពួក​មនុស្ស​ល្ងី‌ល្ងើ ហើយ​កង្វាក់​អើយ តើ​របស់​ណា​ធំ​ជាង ដង្វាយ ឬ អាសនា​ដែល​ធ្វើ​ឲ្យ​ដង្វាយ​នោះ​បាន​បរិសុទ្ធ

សូមអានជំពូកពេញលេញ ម៉ាថាយ 23