គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 21:8-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ឯ​ហ្វូង​មនុស្ស​ស្ទើរ​តែ​ទាំង​អស់​បាន​ក្រាល​អាវ​ខ្លួន​នៅ​ផ្លូវ ខ្លះ​ក៏​កាប់​មែក​ឈើ​យក​មក​រាយ​តាម​ផ្លូវ​ផង

9. ហើយ​បណ្តា​មនុស្ស​ដែល​ដើរ​ហែ​មុខ​ក្រោយ គេ​ស្រែក​ឡើង​ថា ហូសា‌ណា ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ ហូសា‌ណា នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត

10. រួច​កាល​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​កើត​មាន​សេចក្ដី​ជ្រួល‌ជ្រើម​ពេញ​ក្នុង​ទី​ក្រុង ហើយ​គេ​សួរ​ថា លោក​នេះ​ជា​អ្នក​ណា

11. ហ្វូង​មនុស្ស​ឆ្លើយ​ឡើង​ថា នេះ​គឺ​ជា​ហោរា​យេស៊ូវ ដែល​មក​ពី​ភូមិ​ណាសា‌រ៉ែត ស្រុក​កាលី‌ឡេ។

12. ព្រះ‌យេស៊ូវ ទ្រង់​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ក៏​បណ្តេញ​អស់​ទាំង​អ្នក​ដែល​លក់​ដូរ​ក្នុង​ព្រះ‌វិហារ​ចេញ ទ្រង់​ផ្កាប់​តុ​នៃ​ពួក​អ្នក​ដូរ​ប្រាក់ និង​ជើងម៉ា​របស់​ពួក​អ្នក​លក់​ព្រាប

13. ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា មាន​សេចក្ដី​ចែង​ទុក​មក​ដូច្នេះ «ដំណាក់​អញ​ត្រូវ​ហៅ​ថា ជា​ទី​សំរាប់​អធិស្ឋាន»វិញ

14. ឯ​ពួក​មនុស្ស​ខ្វាក់ និង​មនុស្ស​ខ្វិន គេ​ក៏​មក​ឯ​ទ្រង់​ក្នុង​ព្រះ‌វិហារ ហើយ​ទ្រង់​ប្រោស​គេ​ឲ្យ​បាន​ជា​ទាំង​អស់

15. តែ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ គេ​មាន​ចិត្ត​គ្នាន់‌ក្នាញ់​ណាស់ ដោយ​បាន​ឃើញ​ការ​អស្ចារ្យ​ដែល​ទ្រង់​ធ្វើ និង​ឮ​កូន​ក្មេង​ទាំង​ប៉ុន្មាន​ស្រែក​ក្នុង​ព្រះ‌វិហារ​ថា ហូសា‌ណា ដល់​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​ដូច្នោះ

16. ហើយ​គេ​ទូល​ទ្រង់​ថា តើ​អ្នក​ឮ​ពាក្យ​ដែល​ក្មេង​ទាំង​នេះ​ថា​ឬ​ទេ ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា ឮ​ហើយ តើ​អ្នក​រាល់​គ្នា​មិន​ដែល​មើល​សេចក្ដី​ទេ​ឬ​អី ដែល​ថា «ទ្រង់​បាន​ធ្វើ​ឲ្យ​សេចក្ដី​សរសើរ​បាន​គ្រប់​លក្ខណ៍ ដោយ​នូវ​មាត់​កូន​ក្មេង និង​កូន​ដែល​នៅ​បៅ»

17. រួច​ទ្រង់​លះ​ចោល​គេ​យាង​ចេញ​ទៅ​ឯ​ភូមិ​បេថានី​ទៅ ក៏​ផ្ទំ​នៅ​ទី​នោះ​១​យប់។

18. ដល់​ព្រលឹម​ឡើង កំពុង​ដែល​ទ្រង់​យាង​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​វិញ នោះ​ទ្រង់​ក៏​ឃ្លាន

19. ទ្រង់​ទត​ឃើញ​ដើម​ល្វា​១​តាម​ផ្លូវ ក៏​យាង​ទៅ​ដល់ ឃើញ​មាន​តែ​ស្លឹក​ទទេ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា កុំ​ឲ្យ​ឯង​មាន​ផ្លែ​ទៀត​ឡើយ ស្រាប់​តែ​ដើម​ល្វា​នោះ​ក្រៀម​ទៅ

20. កាល​ពួក​សិស្ស​បាន​ឃើញ​ដូច្នោះ នោះ​គេ​មាន​សេចក្ដី​អស្ចារ្យ​ថា ដើម​ល្វា​នេះ​ក្រៀម​ទៅ​ជា​១​រំពេច​យ៉ាង​ណា​ហ្ន៎

21. ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​មាន​សេចក្ដី​ជំនឿ​ឥត​សង្ស័យ​សោះ នោះ​អ្នក​រាល់​គ្នា​នឹង​អាច​ធ្វើ​បាន មិន​ត្រឹម​តែ​ការ​ដែល​កើត​ឡើង​ដល់​ដើម​ល្វា​ប៉ុណ្ណោះ​ទេ គឺ​ទោះ​បើ​អ្នក​នឹង​និយាយ​ទៅ​ភ្នំ​នេះ​ថា ឲ្យ​ឯង​រើ​ចេញ​ពី​ទី​នេះ​ទៅ​ធ្លាក់​ក្នុង​សមុទ្រ​វិញ នោះ​គង់​តែ​នឹង​បាន​កើត​ដូច្នោះ​ដែរ

សូមអានជំពូកពេញលេញ ម៉ាថាយ 21