គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 21:1-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. គ្រា​បាន​មក​ជិត​ក្រុង​យេរូ‌សាឡិម​ហើយ ដល់​ភូមិ​បេត‌ផាសេ ខាង​ភ្នំ​ដើម​អូលីវ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ចាត់​សិស្ស​២​នាក់​ឲ្យ​ទៅ

2. ដោយ​ព្រះ‌បន្ទូល​ថា ចូរ​ទៅ​ឯ​ភូមិ​នៅ​ខាង​មុខ​នោះ អ្នក​នឹង​ឃើញ​មេលា​១​គេ​ចង​ទុក នឹង​កូន​វា​នៅ​ជា​មួយ​គ្នា ចូរ​ស្រាយ​ដឹក‌នាំ​វា​មក​ឯ​ខ្ញុំ

3. បើ​អ្នក​ណា​ថា​អ្វី​ឲ្យ នោះ​ត្រូវ​ឆ្លើយ​ថា ព្រះ‌អម្ចាស់​ទ្រង់​ត្រូវ​ការ​នឹង​វា រួច​គេ​នឹង​ឲ្យ​វា​មក​ហើយ

4. ការ​ទាំង​នេះ​កើត​មក ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ ដែល​ហោរា​បាន​ទាយ​ទុក​មក​ថា

5. «ចូរ​ប្រាប់​កូន​ស្រី​ស៊ីយ៉ូន​ថា មើល ស្តេច​នៃ​នាង ទ្រង់​យាង​មក​ឯ​នាង ទ្រង់​សុភាព ហើយ​គង់​លើ​សត្វ​លា គឺ​ជា​លា​ជំទង់ ដែល​ជា​កូន​របស់​មេ​លា»

6. សិស្ស​នោះ​ក៏​ទៅ​ធ្វើ​តាម​បង្គាប់​ព្រះ‌យេស៊ូវ

7. ហើយ​នាំ​មេលា និង​កូន​វា​មក រួច​ក្រាល​អាវ​ខ្លួន​លើ​ខ្នង​ថ្វាយ​ទ្រង់​គង់

8. ឯ​ហ្វូង​មនុស្ស​ស្ទើរ​តែ​ទាំង​អស់​បាន​ក្រាល​អាវ​ខ្លួន​នៅ​ផ្លូវ ខ្លះ​ក៏​កាប់​មែក​ឈើ​យក​មក​រាយ​តាម​ផ្លូវ​ផង

9. ហើយ​បណ្តា​មនុស្ស​ដែល​ដើរ​ហែ​មុខ​ក្រោយ គេ​ស្រែក​ឡើង​ថា ហូសា‌ណា ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ ហូសា‌ណា នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត

10. រួច​កាល​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​កើត​មាន​សេចក្ដី​ជ្រួល‌ជ្រើម​ពេញ​ក្នុង​ទី​ក្រុង ហើយ​គេ​សួរ​ថា លោក​នេះ​ជា​អ្នក​ណា

11. ហ្វូង​មនុស្ស​ឆ្លើយ​ឡើង​ថា នេះ​គឺ​ជា​ហោរា​យេស៊ូវ ដែល​មក​ពី​ភូមិ​ណាសា‌រ៉ែត ស្រុក​កាលី‌ឡេ។

12. ព្រះ‌យេស៊ូវ ទ្រង់​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ក៏​បណ្តេញ​អស់​ទាំង​អ្នក​ដែល​លក់​ដូរ​ក្នុង​ព្រះ‌វិហារ​ចេញ ទ្រង់​ផ្កាប់​តុ​នៃ​ពួក​អ្នក​ដូរ​ប្រាក់ និង​ជើងម៉ា​របស់​ពួក​អ្នក​លក់​ព្រាប

13. ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា មាន​សេចក្ដី​ចែង​ទុក​មក​ដូច្នេះ «ដំណាក់​អញ​ត្រូវ​ហៅ​ថា ជា​ទី​សំរាប់​អធិស្ឋាន»វិញ

14. ឯ​ពួក​មនុស្ស​ខ្វាក់ និង​មនុស្ស​ខ្វិន គេ​ក៏​មក​ឯ​ទ្រង់​ក្នុង​ព្រះ‌វិហារ ហើយ​ទ្រង់​ប្រោស​គេ​ឲ្យ​បាន​ជា​ទាំង​អស់

15. តែ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ គេ​មាន​ចិត្ត​គ្នាន់‌ក្នាញ់​ណាស់ ដោយ​បាន​ឃើញ​ការ​អស្ចារ្យ​ដែល​ទ្រង់​ធ្វើ និង​ឮ​កូន​ក្មេង​ទាំង​ប៉ុន្មាន​ស្រែក​ក្នុង​ព្រះ‌វិហារ​ថា ហូសា‌ណា ដល់​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​ដូច្នោះ

16. ហើយ​គេ​ទូល​ទ្រង់​ថា តើ​អ្នក​ឮ​ពាក្យ​ដែល​ក្មេង​ទាំង​នេះ​ថា​ឬ​ទេ ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា ឮ​ហើយ តើ​អ្នក​រាល់​គ្នា​មិន​ដែល​មើល​សេចក្ដី​ទេ​ឬ​អី ដែល​ថា «ទ្រង់​បាន​ធ្វើ​ឲ្យ​សេចក្ដី​សរសើរ​បាន​គ្រប់​លក្ខណ៍ ដោយ​នូវ​មាត់​កូន​ក្មេង និង​កូន​ដែល​នៅ​បៅ»

សូមអានជំពូកពេញលេញ ម៉ាថាយ 21