គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 20:1-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ដ្បិត​នគរ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​ថៅកែ​ម្នាក់ ដែល​ចេញ​ទៅ​ពី​ព្រលឹម ដើម្បី​នឹង​ជួល​ជើង​ឈ្នួល ឲ្យ​មក​ធ្វើ​ការ​ក្នុង​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​ខ្លួន

2. កាល​បាន​ព្រម​គ្នា​នឹង​បើក​ឲ្យ​២​កាក់​ម្នាក់​ក្នុង​១​ថ្ងៃ​ហើយ នោះ​ក៏​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ក្នុង​ចំការ

3. ដល់​ពេល​ម៉ោង​៩​ព្រឹក គាត់​ចេញ​ទៅ​ឃើញ​មនុស្ស​ខ្លះ​ទៀត​ឈរ​ទំនេរ​នៅ​ទី​ផ្សារ

4. ក៏​ប្រាប់​គេ​ថា ចូរ​អ្នក​ទាំង‌ឡាយ នាំ​គ្នា​ទៅ​ធ្វើ​ការ​ក្នុង​ចំការ​របស់​ខ្ញុំ​ទៅ ខ្ញុំ​នឹង​បើក​ឲ្យ តាម​ត្រឹម​ត្រូវ គេ​ក៏​ទៅ

5. ដល់​ថ្ងៃ​ត្រង់ ហើយ​ពេល​ម៉ោង​៣​រសៀល គាត់​ក៏​ចេញ​ទៅ​ធ្វើ​ដូច្នោះ​ទៀត

6. លុះ​ដល់​ពេល​ម៉ោង​៥ គាត់​ចេញ​ទៅ​ឃើញ​មាន​មនុស្ស​ខ្លះ​ទៀត​នៅ​ទំនេរ ក៏​សួរ​គេ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ឈរ​ទំនេរ​នៅ​ទី​នេះ តាំង​ពី​ព្រលឹម​មក​ដូច្នេះ

7. គេ​ឆ្លើយ​ថា ពី​ព្រោះ​គ្មាន​អ្នក​ណា​ជួល​យើង​ខ្ញុំ រួច​គាត់​ប្រាប់​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ការ​ក្នុង​ចំការ​របស់​ខ្ញុំ​ទៅ នោះ​អ្នក​នឹង​ទទួល​ឈ្នួល​តាម​ត្រឹម​ត្រូវ

8. ដល់​ល្ងាច ថៅកែ​ចំការ​នោះ​ប្រាប់​ទៅ​នាយ​ដំរួត​ការ​ថា ចូរ​ហៅ​ពួក​ជើង​ឈ្នួល​មក​បើក​ឈ្នួល​ឲ្យ​គេ ចាប់​តាំង​ពី​មនុស្ស​ក្រោយ​បង្អស់ រៀង​ទៅ​ដល់​អ្នក​មុន​ដំបូង

9. កាល​ពួក​អ្នក​ដែល​គាត់​ជួល​ពី​ម៉ោង​៥​បាន​មក​ដល់ នោះ​គេ​បើក​បាន​២​កាក់​ម្នាក់ៗ

10. រួច​កាល​ពួក​មុន​បង្អស់​បាន​មក​ដល់ គេ​ស្មាន​ថា នឹង​បាន​លើស​ជាង​នោះ​ទៅ​ទៀត តែ​អ្នក​ទាំង​នោះ​ក៏​បាន​ទទួល​២​កាក់​ម្នាក់​ដូច​គ្នា​ដែរ

11. គ្រា​បាន​បើក​ប្រាក់​ស្រេច​ហើយ នោះ​គេ​ត្អូញ‌ត្អែរ​នឹង​ថៅកែ​ថា

12. ពួក​អ្នក​ដែល​មក​ក្រោយ​នេះ គេ​ធ្វើ​ការ​តែ​១​ម៉ោង​សោះ ហើយ​លោក​បាន​ឲ្យ​គេ​ស្មើ​នឹង​យើង​ខ្ញុំ ដែល​ទ្រាំ​ធ្វើ​ការ​ធ្ងន់​ទាំង​ហាល​ថ្ងៃ តាំង​ពី​ព្រលឹម​មក​ដែរ

13. តែ​គាត់​ឆ្លើយ​ទៅ​ម្នាក់​នោះ​ថា សំឡាញ់​អើយ ខ្ញុំ​មិន​ធ្វើ​ខុស​នឹង​អ្នក​ទេ តើ​អ្នក​មិន​បាន​សុខ​ចិត្ត​ព្រម​ទទួល​តែ​២​កាក់​ទេ​ឬ​អី

14. ដូច្នេះ ចូរ​យក​ប្រាក់​របស់​អ្នក​ទៅៗ ខ្ញុំ​បាន​សំរេច​នឹង​ឲ្យ​ដល់​ពួក​អ្នក​ដែល​មក​ក្រោយ​នេះ ដូច​ជា​បាន​ឲ្យ​ដល់​អ្នក​ដែរ

15. តើ​ខ្ញុំ​គ្មាន​ច្បាប់​នឹង​ចាត់‌ចែង​របស់​ខ្ញុំ តាម​អំពើ​ចិត្ត​ទេ​ឬ​អី តើ​ភ្នែក​អ្នក​ឃើញ​អាក្រក់ ពី​ព្រោះ​ខ្ញុំ​ល្អ​ឬ​អី

16. គឺ​យ៉ាង​នោះ​ដែល​អស់​អ្នក​ក្រោយ​នឹង​បាន​ទៅ​ជា​មុន ហើយ​ពួក​អ្នក​មុន​នឹង​ទៅ​ជា​ក្រោយ​វិញ ដ្បិត​បាន​ហៅ​មនុស្ស​ជា​ច្រើន តែ​រើស​បាន​តិច​ទេ។

17. កាល​ព្រះ‌យេស៊ូវ​ទ្រង់​កំពុង​តែ​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​ទ្រង់​យក​ពួក​សិស្ស​ទាំង​១២​នាក់ ទៅ​ដោយ‌ឡែក​តាម​ផ្លូវ ហើយ​មាន​ព្រះ‌បន្ទូល​ថា

18. មើល​យើង​រាល់​គ្នា​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​កូន​មនុស្ស​នឹង​ត្រូវ​បញ្ជូន​ទៅ​ដល់​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ ដែល​គេ​នឹង​កាត់​ទោស​លោក​ដល់​ជីវិត

សូមអានជំពូកពេញលេញ ម៉ាថាយ 20