គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 17:9-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. កំពុង​ដែល​នាំ​គ្នា​ចុះ​ពី​ភ្នំ​មក នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ហាម​គេ​ថា កុំ​ឲ្យ​ប្រាប់​អ្នក​ណា​ពី​ការ​ជាក់​ស្តែង​នេះ​ឲ្យ​សោះ ទាល់​តែ​កូន​មនុស្ស​បាន​រស់​ពី​ស្លាប់​ឡើង​វិញ

10. ពួក​សិស្ស​ទូល​សួរ​ថា ចុះ​ហេតុ​អ្វី​បាន​ជា​ពួក​អាចារ្យ​ប្រាប់​ថា លោក​អេលីយ៉ា​ត្រូវ​តែ​មក​ជា​មុន

11. ទ្រង់​ឆ្លើយ​តប​ថា លោក​អេលីយ៉ា​ត្រូវ​មក​មុន​មែន ដើម្បី​នឹង​តាំង​ការ​ទាំង​អស់​ឡើង​វិញ

12. ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា លោក​អេលីយ៉ា​បាន​មក​ហើយ គេ​មិន​បាន​ស្គាល់​លោក​ទេ ហើយ​គេ​ប្រព្រឹត្ត​នឹង​លោក​តាម​តែ​ចិត្ត​ផង បន្តិច​ទៀត កូន​មនុស្ស​នឹង​ត្រូវ​គេ​ធ្វើ​ទុក្ខ​ដូច្នោះ​ដែរ

13. នោះ​ពួក​សិស្ស​ក៏​យល់​ថា ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​យ៉ូហាន-បាទីស្ទ​ទេ។

14. កាល​បាន​មក​ដល់​ហ្វូង​មនុស្ស​ហើយ នោះ​មាន​ម្នាក់​មក​លុត​ជង្គង់ ក្រាប​នៅ​ចំពោះ​ទ្រង់​ទូល​ថា

15. ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ដល់​កូន​ទូល‌បង្គំ ដែល​ឆ្កួត​ជ្រូក​ផង វា​វេទនា​ណាស់ ចេះ​តែ​ដួល​ទៅ​ក្នុង​ភ្លើង និង​ក្នុង​ទឹក​ជា​ញយៗ

16. ទូល‌បង្គំ​បាន​នាំ​វា​មក​ឯ​ពួក​សិស្ស​ទ្រង់​ដែរ តែ​គេ​មើល​មិន​ជា​សោះ

17. ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ឱ​ដំណ​មនុស្ស​ដែល​មិន​ជឿ ហើយ​មាន​ចិត្ត​វៀច​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា​ទៀត ចូរ​នាំ​វា​មក​ឯ​ខ្ញុំ​ឯ​ណេះ

18. នោះ​ព្រះ‌យេស៊ូវ​ទ្រង់​បន្ទោស​ដល់​អារក្ស ហើយ​វា​ក៏​ចេញ​ពី​ក្មេង​នោះ​ទៅ រួច​ក្មេង​នោះ​បាន​ជា ចាប់​តាំង​ពី​វេលា​នោះ​មក។

19. នោះ​ពួក​សិស្ស​មក​ឯ​ព្រះ‌យេស៊ូវ​ដោយ‌ឡែក ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ ដេញ​អារក្ស​នោះ​មិន​បាន

20. ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា គឺ​ដោយ​ព្រោះ​តែ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ជំនឿ​តិច​ពេក​ប៉ុណ្ណោះ ដ្បិត​ខ្ញុំ​ប្រាប់​ជា​ប្រាកដ​ថា បើ​មាន​សេចក្ដី​ជំនឿ ដូច​គ្រាប់​ពូជ​១​យ៉ាង​ល្អិត នោះ​អ្នក​រាល់​គ្នា​អាច​នឹង​និយាយ​ទៅ​ភ្នំ​នេះ​ថា ចូរ​រើ​ចេញ​ពី​ទី​នេះ​ទៅ​ទី​នោះ​ចុះ នោះ​នឹង​បាន​ដូច្នោះ​ហើយ ក៏​គ្មាន​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​មិន​កើត​នោះ​ទេ

21. តែ​អារក្ស​បែប​យ៉ាង​នេះ វា​ចេញ​ទៅ​ដោយ‌សារ​តែ​អធិស្ឋាន ហើយ​នឹង​តម​អត់​ប៉ុណ្ណោះ។

សូមអានជំពូកពេញលេញ ម៉ាថាយ 17