គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 17:14-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. កាល​បាន​មក​ដល់​ហ្វូង​មនុស្ស​ហើយ នោះ​មាន​ម្នាក់​មក​លុត​ជង្គង់ ក្រាប​នៅ​ចំពោះ​ទ្រង់​ទូល​ថា

15. ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ដល់​កូន​ទូល‌បង្គំ ដែល​ឆ្កួត​ជ្រូក​ផង វា​វេទនា​ណាស់ ចេះ​តែ​ដួល​ទៅ​ក្នុង​ភ្លើង និង​ក្នុង​ទឹក​ជា​ញយៗ

16. ទូល‌បង្គំ​បាន​នាំ​វា​មក​ឯ​ពួក​សិស្ស​ទ្រង់​ដែរ តែ​គេ​មើល​មិន​ជា​សោះ

17. ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ឱ​ដំណ​មនុស្ស​ដែល​មិន​ជឿ ហើយ​មាន​ចិត្ត​វៀច​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា​ទៀត ចូរ​នាំ​វា​មក​ឯ​ខ្ញុំ​ឯ​ណេះ

18. នោះ​ព្រះ‌យេស៊ូវ​ទ្រង់​បន្ទោស​ដល់​អារក្ស ហើយ​វា​ក៏​ចេញ​ពី​ក្មេង​នោះ​ទៅ រួច​ក្មេង​នោះ​បាន​ជា ចាប់​តាំង​ពី​វេលា​នោះ​មក។

19. នោះ​ពួក​សិស្ស​មក​ឯ​ព្រះ‌យេស៊ូវ​ដោយ‌ឡែក ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ ដេញ​អារក្ស​នោះ​មិន​បាន

20. ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា គឺ​ដោយ​ព្រោះ​តែ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ជំនឿ​តិច​ពេក​ប៉ុណ្ណោះ ដ្បិត​ខ្ញុំ​ប្រាប់​ជា​ប្រាកដ​ថា បើ​មាន​សេចក្ដី​ជំនឿ ដូច​គ្រាប់​ពូជ​១​យ៉ាង​ល្អិត នោះ​អ្នក​រាល់​គ្នា​អាច​នឹង​និយាយ​ទៅ​ភ្នំ​នេះ​ថា ចូរ​រើ​ចេញ​ពី​ទី​នេះ​ទៅ​ទី​នោះ​ចុះ នោះ​នឹង​បាន​ដូច្នោះ​ហើយ ក៏​គ្មាន​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​មិន​កើត​នោះ​ទេ

21. តែ​អារក្ស​បែប​យ៉ាង​នេះ វា​ចេញ​ទៅ​ដោយ‌សារ​តែ​អធិស្ឋាន ហើយ​នឹង​តម​អត់​ប៉ុណ្ណោះ។

22. កាល​គង់​នៅ​ស្រុក​កាលី‌ឡេ នោះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា បន្តិច​ទៀត កូន​មនុស្ស​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស

23. គេ​នឹង​សំឡាប់​លោក ហើយ​៣​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ នោះ​ពួក​សិស្ស​កើត​មាន​សេចក្ដី​ព្រួយ​ជា​ខ្លាំង។

24. កាល​បាន​មក​ដល់​ក្រុង​កាពើ‌ណិម​ហើយ នោះ​ពួក​អ្នក​ដែល​ទារ​ពន្ធ​ព្រះ‌វិហារ គេ​មក​សួរ​ពេត្រុស​ថា តើ​គ្រូ​អ្នក​មិន​បង់​ពន្ធ​ព្រះ‌វិហារ​ទេ​ឬ​អី

25. គាត់​ឆ្លើយ​ថា បង់​ដែរ រួច​មក កាល​គាត់​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​ហើយ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ជា​មុន សួរ​គាត់​ថា នែ ស៊ីម៉ូន អ្នក​គិត​ដូច​ម្តេច តើ​អស់​ទាំង​ស្តេច​នៅ​ផែនដី​ហូត​សួយ​រៃ ឬ​ពន្ធ‌ដារ​ពី​អ្នក​ណា ពី​កូន​ចៅ ឬ​ពី​អ្នក​ដទៃ

26. ពេត្រុស​ទូល​ឆ្លើយ​ថា ពី​មនុស្ស​ដទៃ​ទេ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដូច្នេះ កូន​ចៅ​បាន​រួច​ហើយ

27. ប៉ុន្តែ ចូរ​អ្នក​ទៅ​សមុទ្រ ហើយ​បោះ​សន្ទូច ចាប់​យក​ត្រី​ដែល​ជាប់​មុន​ដំបូង​មក​បើក​មាត់​វា នោះ​អ្នក​នឹង​ឃើញ​ប្រាក់​១​រៀល ឲ្យ​យក​ប្រាក់​នោះ​ទៅ​បង់​សំរាប់​ខ្ញុំ ហើយ​នឹង​អ្នក​ទៅ ដើម្បី​កុំ​ឲ្យ​យើង​បាន​ជា​ទី​អាក់‌អន់​ចិត្ត​ដល់​គេ។

សូមអានជំពូកពេញលេញ ម៉ាថាយ 17