គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 16:19-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. ខ្ញុំ​នឹង​ឲ្យ​កូន​សោ​នៃ​នគរ​ស្ថាន‌សួគ៌​ដល់​អ្នក បើ​អ្នក​នឹង​ចងទុក​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ចង​ទុក​នៅ​លើ​ស្ថាន‌សួគ៌​ដែរ ហើយ​បើ​អ្នក​នឹង​ស្រាយ​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ស្រាយ​នៅ​ស្ថាន‌សួគ៌​ដែរ

20. រួច​ទ្រង់​ហាម​ពួក​សិស្ស មិន​ឲ្យ​គេ​ប្រាប់​ដល់​អ្នក​ណា​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ​ឡើយ។

21. តាំង​ពី​គ្រា​នោះ​មក ព្រះ‌យេស៊ូវទ្រង់​ចាប់​ផ្តើម​ប្រាប់​ដល់​ពួក​សិស្ស​ថា ទ្រង់​ត្រូវ​តែ​យាង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ហើយ​ត្រូវ​រង​ទុក្ខ​ជា​ច្រើន​នៅ​ដៃ​នៃ​ពួក​ចាស់‌ទុំ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ ហើយ​ត្រូវ​គេ​ធ្វើ​គុត​ផង តែ​ក្រោយ​៣​ថ្ងៃ​មក ទ្រង់​នឹង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ

22. នោះ​ពេត្រុស​ក៏​នាំ​ទ្រង់​មក​ជិត ចាប់​តាំង​ទូល​ចំទាស់​ថា ឱ​ព្រះ‌អង្គ​ម្ចាស់​អើយ សូម​ទ្រង់​ប្រណី​អង្គ​ទ្រង់​វិញ ការ​នោះ​មិន​ត្រូវ​មក​ដល់​ទ្រង់​ឡើយ

23. តែ​ទ្រង់​បែរ​ទៅ​មាន​ព្រះ‌បន្ទូល​នឹង​គាត់​ថា សាតាំង​អើយ ចូរ​ថយ​ទៅ​ក្រោយ​អញ​ទៅ ឯង​ជា​សេចក្ដី​បង្អាក់​ដល់​ចិត្ត​អញ ព្រោះ​មិន​ចេះ​គិត​តាម​គំនិត​នៃ​ព្រះ​សោះ គឺ​គិត​តាម​តែ​គំនិត​របស់​មនុស្ស​លោក​វិញ

24. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ទាំង​អស់​គ្នា​ថា បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ នោះ​ត្រូវ​ឲ្យ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល​ចេញ ហើយ​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ

25. ព្រោះ​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​វិញ

26. ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកីយ៍​ទាំង​មូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ ឬ​តើ​មនុស្ស​នឹង​យក​អ្វី​ទៅ​ដូរ ឲ្យ​បាន​ព្រលឹង​ខ្លួន​វិញ

27. ព្រោះ​កូន​មនុស្ស​នឹង​មក​ក្នុង​សិរី‌ល្អ​នៃ​ព្រះ‌វរ‌បិតា ជា​មួយ​នឹង​ពួក​ទេវតា​របស់​លោក គ្រា​នោះ​លោក​នឹង​សង​ដល់​គ្រប់​គ្នា តាម​ការ​ដែល​បាន​ធ្វើ​រៀង​ខ្លួន

28. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​ដែល​ឈរ​នៅ​ទី​នេះ មាន​អ្នក​ខ្លះ​មិន​ត្រូវ​ភ្លក់​សេចក្ដី​ស្លាប់ ទាល់​តែ​បាន​ឃើញ​កូន​មនុស្ស​មក ក្នុង​នគរ​របស់​លោក។

សូមអានជំពូកពេញលេញ ម៉ាថាយ 16