គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 14:21-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. រីឯ​ពួក​មនុស្ស​ដែល​បាន​បរិភោគ នោះ​មាន​ចំនួន​៥​ពាន់​នាក់ ឥត​រាប់​ពួក​ស្រីៗ និង​កូន​ក្មេង​ទេ។

22. ស្រាប់​តែ​ទ្រង់​បង្ខំ​ពួក​សិស្ស ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង​មុន​ទ្រង់ ទាល់​តែ​ទ្រង់​បាន​ឲ្យ​ហ្វូង​មនុស្ស​វិល​ទៅ​វិញ​អស់

23. លុះ​បាន​ឲ្យ​គេ​ទៅ​ផុត​អស់​ហើយ នោះ​ទ្រង់​យាង​ឡើង​លើ​ភ្នំ​ដោយ‌ឡែក ដើម្បី​នឹង​អធិស្ឋាន លុះ​ពេល​ព្រលប់​ហើយ ទ្រង់​ក៏​នៅ​ទី​នោះ​តែ​១​អង្គ​ទ្រង់

24. ឯ​ទូក​នៅ​កណ្តាល​សមុទ្រ ត្រូវ​រលក​បោក​ជា​ខ្លាំង ដោយ​ព្រោះ​ច្រាស​ខ្យល់

25. ដល់​យាម​៤​យប់ នោះ​ទ្រង់​យាង​កាត់​លើ​ទឹក​សមុទ្រ​ទៅ​ឯ​ពួក​សិស្ស

26. កាល​គេ​ឃើញ​ទ្រង់​យាង​លើ​ទឹក​ដូច្នោះ នេះ​ក៏​ភ័យ​វល់ ហើយ​និយាយ​ថា ខ្មោច​លង​ហើយ រួច​គេ​ស្រែក​ឡើង ដោយ​សេចក្ដី​តក់‌ស្លុត

27. តែ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​គេ​ភ្លាម​ថា ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ឲ្យ​ភ័យ​ឡើយ

28. ពេត្រុស​ទូល​តប​ថា ព្រះ‌អម្ចាស់​អើយ បើ​ជា​ទ្រង់​មែន នោះ​សូម​ឲ្យ​ទូល‌បង្គំ​ដើរ​លើ​ទឹក​ទៅ​ឯ​ទ្រង់​ផង

29. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូល​មក​ចុះ ពេត្រុស​ក៏​ចុះ​ចេញ​ពី​ទូក​ដើរ​លើ​ទឹក ដើម្បី​ទៅ​ឯ​ព្រះ‌យេស៊ូវ

30. តែ​កាល​គាត់​បាន​ឃើញ​ខ្យល់​បក់​ជា​ខ្លាំង នោះ​គាត់​មាន​ចិត្ត​ភ័យ ហើយ​ដោយ​ព្រោះ​ចាប់​តាំង​លិច​ទៅ បាន​ជា​គាត់​ស្រែក​ឡើង​ថា ព្រះ‌អម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​ទូល‌បង្គំ​ផង

31. ស្រាប់​តែ​ព្រះ‌យេស៊ូវ​ទ្រង់​លូក​ព្រះ‌ហស្ត​ទៅ​ចាប់​គាត់​ភ្លាម ដោយ​ព្រះ‌បន្ទូល​ថា ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​សង្ស័យ

32. រួច​កាល​ទ្រង់ និង​គាត់​បាន​ឡើង​ទៅ​ក្នុង​ទូក​ហើយ នោះ​ខ្យល់​ក៏​ស្ងប់​ឈឹង

33. ឯ​ពួក​អ្នក​ដែល​នៅ​ក្នុង​ទូក ក៏​មក​ថ្វាយ‌បង្គំ​ទ្រង់​ទូល​ថា ទ្រង់​ប្រាកដ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន។

សូមអានជំពូកពេញលេញ ម៉ាថាយ 14