គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 13:42-52 ព្រះគម្ពីរបរិសុទ្ធ (KHOV)

42. ហើយ​នឹង​បោះ​គេ​ចោល​ទៅ​ក្នុង​គុក​ភ្លើង នៅ​ទី​នោះ​គេ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ

43. គ្រា​នោះ ពួក​សុចរិត​នឹង​ភ្លឺ​ដូច​ជា​ថ្ងៃ នៅ​ក្នុង​នគរ​របស់​ព្រះ‌វរ‌បិតា​នៃ​គេ អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ។

44. មួយ​ទៀត នគរ​ស្ថាន‌សួគ៌​ក៏​ប្រៀប​ដូច​ជា​កំណប់​កប់​ទុក​ក្នុង​ចំការ ដែល​កាល​ណា​មនុស្ស​ម្នាក់​បាន​ឃើញ នោះ​ក៏​លាក់​ទុក រួច​ចេញ​ទៅ លក់​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់​ដោយ​អំណរ ដើម្បី​នឹង​ទិញ​ចំការ​នោះ។

45. មួយ​ទៀត នគរ​ស្ថាន‌សួគ៌​ក៏​ប្រៀប​ដូច​ជា​អ្នក​ឈ្មួញ​ម្នាក់ ដែល​រក​កែវ‌មុក្តាយ៉ាង​ល្អ

46. កាល​ណា​បាន​ឃើញ​១​ដែល​មាន​ដំឡៃ​ណាស់ នោះ​គាត់​ទៅ​លក់​របស់​ទ្រព្យ​ទាំង​អស់ មក​ទិញ​កែវ‌មុក្តា​នោះ។

47. មួយ​ទៀត នគរ​ស្ថាន‌សួគ៌​ក៏​ប្រៀប​ដូច​ជា​អួន ដែល​គេ​ទំលាក់​ទៅ​ក្នុង​សមុទ្រ ជាប់​បាន​ត្រី​គ្រប់​មុខ

48. កាល​បាន​ពេញ​ហើយ នោះ​គេ​ទាញ​ឡើង​មក​លើ​គោក រួច​អង្គុយ​ជ្រើស‌រើស​ត្រី​ល្អៗ ដាក់​ក្នុង​កញ្ឆេ​ទុក តែ​ត្រី​អាក្រក់ៗ​គេ​ចាក់​ចោល​ចេញ

49. ដល់​ទី​បំផុត​កល្ប នឹង​បាន​ដូច​គ្នា​ដែរ គឺ​ពួក​ទេវតា​នឹង​ចេញ​ទៅ​ញែក​យក​ពួក​ទុច្ចរិត​ពី​ពួក​សុចរិត​ចេញ

50. ហើយ​នឹង​បោះ​គេ​ចោល​ទៅ​ក្នុង​គុក​ភ្លើង នៅ​ទី​នោះ គេ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។

51. ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ដល់​គេ​ថា តើ​អ្នក​រាល់​គ្នា​យល់​សេចក្ដី​ទាំង​នេះ​ឬ​ទេ គេ​ទូល​ឆ្លើយ​ថា យើង​ខ្ញុំ​យល់​ហើយ ព្រះ‌អម្ចាស់

52. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ទៀត​ថា ដូច្នេះ គ្រប់​អស់​ទាំង​អាចារ្យ​ណា​ដែល​មាន​គេ​បង្ហាត់​បង្រៀន ឲ្យ​ធ្វើ​ជា​សិស្ស​នៃ​នគរ​ស្ថាន‌សួគ៌ នោះ​ធៀប​ដូច​ជា​ថៅកែ​ម្នាក់ ដែល​បញ្ចេញ​របស់​ទាំង​ថ្មី​ទាំង​ចាស់​ពី​ឃ្លាំង​របស់​ខ្លួន។

សូមអានជំពូកពេញលេញ ម៉ាថាយ 13