គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 13:34-50 ព្រះគម្ពីរបរិសុទ្ធ (KHOV)

34. ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ ដោយ​ពាក្យ​ប្រៀប​ធៀប​ដល់​ហ្វូង​មនុស្ស ទ្រង់​មិន​បាន​មាន​ព្រះ‌បន្ទូល​នឹង​គេ ឥត​ពាក្យ​ប្រៀប​ធៀប​ទេ

35. ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ​ដែល​ហោរា​បាន​ទាយ​ទុក​មក​ថា «អញ​នឹង​បើក​មាត់​និយាយ ជា​ពាក្យ​ប្រៀប​ប្រដូច អញ​នឹង​សំដែង​ពី​ការ​ដែល​លាក់​កំបាំង តាំង​ពី​កំណើត​លោកីយ៍​មក»។

36. នោះ​ទ្រង់​ក៏​ឲ្យ​ហ្វូង​មនុស្ស​ទៅ​វិញ រួច​យាង​ចូល​ទៅ​ក្នុង​ផ្ទះ ឯ​ពួក​សិស្ស​មក​ទូល​ទ្រង់​ថា សូម​អធិប្បាយ​ឲ្យ​យើង​ខ្ញុំ​យល់​ន័យ​ពាក្យ​ប្រៀប ពី​ស្មៅ​ស្រងែ​នៅ​ស្រែ​ផង

37. ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា អ្នក​ដែល​ព្រោះ​ពូជ​ល្អ នោះ​គឺ​ជា​កូន​មនុស្ស

38. ចំណែក​ស្រែ នោះ​គឺ​ជា​តួ​លោកីយ៍ ឯ​ពូជ​ល្អ គឺ​អស់​ទាំង​មនុស្ស​របស់​នគរ​ស្ថាន‌សួគ៌ ហើយ​ស្រងែ គឺ​ជា​អស់​ទាំង​មនុស្ស​របស់​អា​កំណាច​វិញ

39. ខ្មាំង​សត្រូវ​ដែល​ប្លម​ព្រោះ​ស្រងែ​នោះ គឺ​ជា​អារក្ស ចំរូត គឺ​ជា​បំផុត​កល្ប ហើយ​ពួក​ច្រូត​នោះ គឺ​ជា​ពួក​ទេវតា

40. ដូច្នេះ ដែល​គេ​ច្រូត​ស្រងែ​ដុត​បន្សុស​ក្នុង​ភ្លើង​ជា​យ៉ាង​ណា នោះ​ដល់​បំផុត​កល្ប​ក៏​នឹង​បាន​ដូច្នោះ​ដែរ

41. គឺ​កូន​មនុស្ស​នឹង​ចាត់​ពួក​ទេវតា ទៅ​ច្រូត​យក​អស់​ទាំង​ក្បួន ដែល​នាំ​ឲ្យ​មនុស្ស​រវាត​ចិត្ត និង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ទទឹង​ច្បាប់ ពី​នគរ​ចេញ

42. ហើយ​នឹង​បោះ​គេ​ចោល​ទៅ​ក្នុង​គុក​ភ្លើង នៅ​ទី​នោះ​គេ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ

43. គ្រា​នោះ ពួក​សុចរិត​នឹង​ភ្លឺ​ដូច​ជា​ថ្ងៃ នៅ​ក្នុង​នគរ​របស់​ព្រះ‌វរ‌បិតា​នៃ​គេ អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ។

44. មួយ​ទៀត នគរ​ស្ថាន‌សួគ៌​ក៏​ប្រៀប​ដូច​ជា​កំណប់​កប់​ទុក​ក្នុង​ចំការ ដែល​កាល​ណា​មនុស្ស​ម្នាក់​បាន​ឃើញ នោះ​ក៏​លាក់​ទុក រួច​ចេញ​ទៅ លក់​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់​ដោយ​អំណរ ដើម្បី​នឹង​ទិញ​ចំការ​នោះ។

45. មួយ​ទៀត នគរ​ស្ថាន‌សួគ៌​ក៏​ប្រៀប​ដូច​ជា​អ្នក​ឈ្មួញ​ម្នាក់ ដែល​រក​កែវ‌មុក្តាយ៉ាង​ល្អ

46. កាល​ណា​បាន​ឃើញ​១​ដែល​មាន​ដំឡៃ​ណាស់ នោះ​គាត់​ទៅ​លក់​របស់​ទ្រព្យ​ទាំង​អស់ មក​ទិញ​កែវ‌មុក្តា​នោះ។

47. មួយ​ទៀត នគរ​ស្ថាន‌សួគ៌​ក៏​ប្រៀប​ដូច​ជា​អួន ដែល​គេ​ទំលាក់​ទៅ​ក្នុង​សមុទ្រ ជាប់​បាន​ត្រី​គ្រប់​មុខ

48. កាល​បាន​ពេញ​ហើយ នោះ​គេ​ទាញ​ឡើង​មក​លើ​គោក រួច​អង្គុយ​ជ្រើស‌រើស​ត្រី​ល្អៗ ដាក់​ក្នុង​កញ្ឆេ​ទុក តែ​ត្រី​អាក្រក់ៗ​គេ​ចាក់​ចោល​ចេញ

49. ដល់​ទី​បំផុត​កល្ប នឹង​បាន​ដូច​គ្នា​ដែរ គឺ​ពួក​ទេវតា​នឹង​ចេញ​ទៅ​ញែក​យក​ពួក​ទុច្ចរិត​ពី​ពួក​សុចរិត​ចេញ

50. ហើយ​នឹង​បោះ​គេ​ចោល​ទៅ​ក្នុង​គុក​ភ្លើង នៅ​ទី​នោះ គេ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។

សូមអានជំពូកពេញលេញ ម៉ាថាយ 13