គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 12:37-49 ព្រះគម្ពីរបរិសុទ្ធ (KHOV)

37. ដ្បិត​អ្នក​នឹង​បាន​រាប់​ជា​សុចរិត ដោយ‌សារ​ពាក្យ​សំដី​របស់​ខ្លួន ឬ​នឹង​ត្រូវ​ទោស ក៏​ដោយ‌សារ​តែ​ពាក្យ​សំដី​នោះ​ដែរ។

38. គ្រា​នោះ ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី​ខ្លះ គេ​ទូល​ទ្រង់​ថា លោក​គ្រូ យើង​ខ្ញុំ​ចង់​ឃើញ​ទី​សំគាល់​ពី​លោក

39. តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ដំណ​មនុស្ស​អាក្រក់ ហើយ​កំផិត គេ​ចេះ​តែ​ចង់​ឃើញ​ទី​សំគាល់ តែ​នឹង​គ្មាន​ទី​សំគាល់​ណា​បាន​ប្រទាន​មក​គេ ក្រៅ​ពី​ទី​សំគាល់​របស់​ហោរា​យ៉ូណាស​ឡើយ

40. ដ្បិត​លោក​យ៉ូណាស​បាន​នៅ​ក្នុង​ពោះ​ត្រី​ធំ អស់​៣​ថ្ងៃ​៣​យប់​យ៉ាង​ណា កូន​មនុស្ស​ក៏​នឹង​នៅ​ក្នុង​ផ្ទៃ​ផែនដី​៣​ថ្ងៃ​៣​យប់​យ៉ាង​នោះ​ដែរ

41. ឯ​មនុស្ស​នៅ​ក្រុង​នីនីវេ​នឹង​ឈរ​ឡើង​ជា​មួយ​នឹង​មនុស្ស​ដំណ​នេះ ក្នុង​គ្រា​ជំនុំ​ជំរះ ហើយ​នឹង​កាត់​ទោស​ឲ្យ​ផង ដ្បិត​គេ​បាន​ប្រែ​ចិត្ត ដោយ​ឮ​សេចក្ដី​ដែល​លោក​យ៉ូណាស​បាន​ប្រកាស​ប្រាប់ ហើយ​មើល​នៅ​ទី​នេះ​មាន​១​អង្គ ដែល​វិសេស​ជាង​លោក​យ៉ូណាស​ទៅ​ទៀត

42. មហា‌ក្សត្រី​នៅ​ស្រុក​ខាង​ត្បូង នឹង​ឈរ​ឡើង​ជា​មួយ​នឹង​មនុស្ស​ដំណ​នេះ ក្នុង​គ្រា​ជំនុំ​ជំរះ ហើយ​នឹង​កាត់​ទោស​ឲ្យ​ផង ដោយ​ព្រះ‌នាង​បាន​យាង​មក​ពី​ចុង​ផែនដី ដើម្បី​នឹង​ស្តាប់​ចំណេះ​របស់​ហ្លួង​សាឡូ‌ម៉ូន ហើយ​មើល​នៅ​ទី​នេះ​មាន​១​អង្គ​វិសេស​ជា​ហ្លួង​សាឡូ‌ម៉ូន​ទៅ​ទៀត។

43. កាល​ណា​អារក្ស‌អសោច​បាន​ចេញ​ពី​មនុស្ស​ទៅ​ហើយ នោះ​វា​ដើរ​ចុះ​ឡើង នៅ​កន្លែង​ហួត‌ហែង ដើម្បី​រក​ទី​ឈប់​សំរាក តែ​រក​មិន​បាន​សោះ

44. នោះ​វា​គិត​ថា អញ​នឹង​ត្រឡប់​ទៅ​ឯ​ផ្ទះ​អញ ដែល​ទើប​នឹង​ចេញ​មក​នោះ រួច​កាល​វា​មក​ដល់ ឃើញ​ផ្ទះ​នៅ​ទំនេរ បោស​ស្អាត ហើយ​តុប‌តែង​យ៉ាង​ល្អ

45. នោះ​វា​ចេញ​ទៅ​នាំ​យក​អារក្ស​៧​ទៀត ដែល​កាចៗ ជាង​វា មក​ជា​មួយ​ផង ក៏​នាំ​គ្នា​ចូល​ទៅ​នៅ​ទី​នោះ ហើយ​សណ្ឋាន​ក្រោយ​របស់​មនុស្ស​នោះ បាន​អាក្រក់​ជាង​មុន​ទៅ​ទៀត ឯ​មនុស្ស​ដំណ​អាក្រក់​នេះ គេ​នឹង​បាន​ដូច្នោះ​ដែរ។

46. កាល​ទ្រង់​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នឹង​ហ្វូង​មនុស្ស​នៅ​ឡើយ នោះ​មាតា និង​ពួក​ប្អូន​ទ្រង់​ក៏​ឈរ​ពី​ខាង​ក្រៅ​រក​ទូល​នឹង​ទ្រង់

47. មាន​ម្នាក់​ទូល​ទ្រង់​ថា មើល​ន៏ ម្តាយ និង​ប្អូន​លោក ឈរ​នៅ​ខាង​ក្រៅ​ចង់​និយាយ​នឹង​លោក

48. តែ​ទ្រង់​ឆ្លើយ​ទៅ​អ្នក​ដែល​ទូល​នឹង​ទ្រង់​ថា តើ​អ្នក​ណា​ជា​ម្តាយ ហើយ​ជា​ប្អូន​ខ្ញុំ

49. រួច​ទ្រង់​លាត​ព្រះ‌ហស្ត ចង្អុល​ទៅ​ពួក​សិស្ស ដោយ​ព្រះ‌បន្ទូល​ថា នុ៎ះ​ន៏ ម្តាយ ហើយ​នឹង​ប្អូន​ខ្ញុំ

សូមអានជំពូកពេញលេញ ម៉ាថាយ 12