គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 12:23-39 ព្រះគម្ពីរបរិសុទ្ធ (KHOV)

23. ឯ​ហ្វូង​មនុស្ស គេ​មាន​សេចក្ដី​អស្ចារ្យ​ទាំង​អស់​គ្នា ក៏​និយាយ​គ្នា​ថា អ្នក​នេះ តើ​មិន​មែន​ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​នោះ​ទេ​ឬ​អី

24. តែ​កាល​ពួក​ផារី‌ស៊ី​បាន​ឮ​ពាក្យ​នោះ គេ​ក៏​ឆ្លើយ​ឡើង​ថា មនុស្ស​នេះ​ដេញ​អារក្ស​បាន ដោយ‌សារ​តែ​បេល‌សេប៊ូល ជា​មេ​អារក្ស​ទេ

25. ប៉ុន្តែ ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប​គំនិត​គេ ក៏​មាន​ព្រះ‌បន្ទូល​ថា អស់​ទាំង​នគរ​ណា​ដែល​បែក​ទាស់​តែ​គ្នា​ឯង នោះ​នឹង​ត្រូវ​វិនាស​ទៅ ហើយ​អស់​ទាំង​ក្រុង​ណា ឬ​ផ្ទះ​ណា​ដែល​បែក​ទាស់​តែ​គ្នា​ឯង នោះ​នឹង​នៅ​ស្ថិត‌ស្ថេរ​ពុំ​បាន​ទេ

26. ដូច្នេះ បើ​អារក្ស​ដេញ​អារក្ស នោះ​មុខ​ជា​វា​បែក​ទាស់​គ្នា​វា​ហើយ យ៉ាង​នោះ ធ្វើ​ដូច​ម្តេច​ឲ្យ​រាជ្យ​វា​ស្ថិត‌ស្ថេរ​នៅ​បាន

27. មួយ​ទៀត បើ​ខ្ញុំ​ដេញ​អារក្ស​ដោយ​អាង​បេល‌សេប៊ូល​ពិត នោះ​តើ​កូន​របស់​អ្នក​រាល់​គ្នា​ដេញ​អារក្ស ដោយ‌សារ​អ្វី​វិញ ដូច្នេះ វា​នឹង​ធ្វើ​ជា​ចៅ‌ក្រម​ជំនុំ​ជំរះ​អ្នក​រាល់​គ្នា​ហើយ

28. ប៉ុន្តែ បើ​សិន​ជា​ខ្ញុំ​ដេញ​អារក្ស ដោយ‌សារ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​វិញ នោះ​ឈ្មោះ​ថា នគរ​ព្រះ​បាន​មក​ដល់​អ្នក​រាល់​គ្នា​ហើយ

29. ឬ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​ណា​ចូល​ទៅ​ក្នុង​ផ្ទះ​នៃ​មនុស្ស​ខ្លាំង​ពូកែ និង​ប្លន់​យក​ទ្រព្យ‌សម្បត្តិ​របស់​គេ​បាន វៀរ​តែ​ចង​អ្នក​ខ្លាំង​ពូកែ​នោះ​ជា​មុន​សិន នោះ​ទើប​នឹង​ប្លន់​ផ្ទះ​របស់​គេ​បាន

30. អ្នក​ណា​ដែល​មិន​នៅ​ខាង​ខ្ញុំ អ្នក​នោះ​ទាស់​នឹង​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មិន​ប្រមូល​មក​ខាង​ខ្ញុំ អ្នក​នោះ​ជា​អ្នក​កំចាត់‌កំចាយ​វិញ

31. ហេតុ​នេះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អស់​ទាំង​បាប ហើយ​ពាក្យ​ប្រមាថ នឹង​អត់​ទោស​ឲ្យ​មនុស្ស​លោក​បាន តែ​ឯ​ពាក្យ​ប្រមាថ​ដល់​ព្រះ‌វិញ្ញាណ​វិញ នោះ​មិន​ដែល​បាន​អត់​ទោស ដល់​មនុស្ស​ឡើយ

32. អ្នក​ណា​ដែល​ពោល​ពាក្យ​ទាស់​នឹង​កូន​មនុស្ស នោះ​នឹង​អត់​ទោស​ឲ្យ​បាន តែ​អ្នក​ណា​ដែល​ពោល​ទាស់​នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នោះ​នឹង​អត់​ទោស​ឲ្យ​ពុំ​បាន​ឡើយ ទោះ​នៅ​នា​លោកីយ៍​នេះ ឬ​នៅ​បរលោក​នាយ​ក្តី។

33. ត្រូវ​តែ​រាប់​ថា ដើម​ឈើ​ល្អ ផ្លែ​វា​ក៏​ល្អ ឬ​ថា​ដើម​ឈើ​អាក្រក់ ហើយ​ផ្លែ​វា​ក៏​អាក្រក់​ដែរ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​ដោយ‌សារ​ផ្លែ​វា

34. ពូជ​ពស់‌វែក​អើយ ដែល​អ្នក​រាល់​គ្នា​អាក្រក់​ម៉្លេះ តើ​ធ្វើ​ដូច​ម្តេច​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ពោល​សេចក្ដី​ល្អ​បាន ពី​ព្រោះ​មាត់​តែង​និយាយ តាម​សេចក្ដី​បរិបូរ​ដែល​នៅ​ក្នុង​ចិត្ត

35. ធម្មតា​មនុស្ស​ល្អ តែង​បញ្ចេញ​សេចក្ដី​ល្អ អំពី​កំណប់​ដ៏​ល្អ​ដែល​បាន​កប់​ទុក​ក្នុង​ចិត្ត ឯ​មនុស្ស​អាក្រក់​វិញ គេ​ក៏​បញ្ចេញ​សេចក្ដី​អាក្រក់ អំពី​កំណប់​អាក្រក់​របស់​គេ​ដែរ

36. ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ នោះ​មនុស្ស​លោក​នឹង​ត្រូវ​រៀប​រាប់​ប្រាប់ ពី​អស់​ទាំង​ហេតុ​នៃ​ពាក្យ​ឥត​ប្រយោជន៍ ដែល​គេ​បាន​និយាយ

37. ដ្បិត​អ្នក​នឹង​បាន​រាប់​ជា​សុចរិត ដោយ‌សារ​ពាក្យ​សំដី​របស់​ខ្លួន ឬ​នឹង​ត្រូវ​ទោស ក៏​ដោយ‌សារ​តែ​ពាក្យ​សំដី​នោះ​ដែរ។

38. គ្រា​នោះ ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី​ខ្លះ គេ​ទូល​ទ្រង់​ថា លោក​គ្រូ យើង​ខ្ញុំ​ចង់​ឃើញ​ទី​សំគាល់​ពី​លោក

39. តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ដំណ​មនុស្ស​អាក្រក់ ហើយ​កំផិត គេ​ចេះ​តែ​ចង់​ឃើញ​ទី​សំគាល់ តែ​នឹង​គ្មាន​ទី​សំគាល់​ណា​បាន​ប្រទាន​មក​គេ ក្រៅ​ពី​ទី​សំគាល់​របស់​ហោរា​យ៉ូណាស​ឡើយ

សូមអានជំពូកពេញលេញ ម៉ាថាយ 12