គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 11:2-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. រីឯ​យ៉ូហាន​ដែល​ជាប់​នៅ​ក្នុង​គុក គាត់​បាន​ឮ​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌គ្រីស្ទ​ទ្រង់​ធ្វើ ហើយ​ក៏​ចាត់​សិស្ស​គាត់​២​នាក់ ឲ្យ​ទៅ​ទូល​សួរ​ទ្រង់​ថា

3. តើ​ទ្រង់​ជា​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក​នោះ ឬ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ចាំ​១​អង្គ​ទៅ​ទៀត

4. ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ចូរ​ទៅ​ប្រាប់​យ៉ូហាន​ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​អ្នក​កំពុង​តែ​ឮ ហើយ​ឃើញ​ចុះ

5. គឺ​ថា​មនុស្ស​ខ្វាក់​បាន​ភ្លឺ មនុស្ស​ខ្វិន​បាន​ដើរ​រួច មនុស្ស​ឃ្លង់​បាន​ជា​ស្អាត មនុស្ស​ថ្លង់​បាន​ឮ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​មនុស្ស​ទាល់​ក្របាន​ឮ​ដំណឹង​ល្អ​ផង

6. មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ។

7. កំពុង​ដែល​អ្នក​ទាំង​២​នោះ​ចេញ​ទៅ​ហើយ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ផ្តើម​មាន​ព្រះ‌បន្ទូល​នឹង​ហ្វូង​មនុស្ស ពី​យ៉ូហាន​ថា តើ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី​នៅ​ទី​រហោ‌ស្ថាន បាន​ទៅ​មើល​ដើម​ត្រែង​រញ្ជួយ​ដោយ​ខ្យល់​ឬ​អី

8. តើ​បាន​ទៅ​មើល​អ្វី បាន​ទៅ​មើល​មនុស្ស​ពាក់​អាវ​ទន់‌ភ្លន់​ឬ​អី មើល​អស់​អ្នក​ដែល​ពាក់​អាវ​ទន់‌ភ្លន់ នោះ​សុទ្ធ​តែ​នៅ​ក្នុង​ដំណាក់​ស្តេច​ទេ

9. ចុះ​អ្នក​រាល់​គ្នា​បាន​ទៅ​មើល​អ្វី មើល​ហោរា​ឬ​អី មែន​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គាត់​ក៏​លើស​ជាង​ហោរា​ផង

10. ដ្បិត​គឺ​ពី​អ្នក​នេះ​ហើយ ដែល​មាន​សេចក្ដី​ចែង​ទុក​មក​ថា «មើល​អញ​ចាត់​ទូត​អញ ឲ្យ​ទៅ​មុន​ឯង ទូត​នោះ​នឹង​រៀប‌ចំ​ផ្លូវ​នៅ​មុខ​ឯង»

11. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​បណ្តា​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក នោះ​គ្មាន​អ្នក​ណា​បាន​ធំ​ជាង​យ៉ូហាន-បាទីស្ទ​ទេ ប៉ុន្តែ អ្នក​ណា​ដែល​តូច​ជាង​គេ​ក្នុង​នគរ​ស្ថាន‌សួគ៌ នោះ​ធំ​ជាង​គាត់​ហើយ

12. តាំង​តែ​ពី​គ្រា​យ៉ូហាន-បាទីស្ទ ដរាប​ដល់​គ្រា​ឥឡូវ​នេះ នោះ​មាន​គេ​ខំ​ប្រឹង​ចាប់​បាន​នគរ​ស្ថាន‌សួគ៌ ហើយ​គឺ​ជា​ពួក​ខំ​ប្រឹង​ពិត​ដែល​ចាប់​បាន​ផង

13. ពី​ព្រោះ​អស់​ទាំង​ហោរា និង​ក្រឹត្យ‌វិន័យ​បាន​ទាយ ដរាប​មក​ដល់​គ្រា​លោក​យ៉ូហាន

14. ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ព្រម​ទទួល​ពាក្យ​នេះ នោះ​គឺ​លោក​នេះ​ហើយ ជា​លោក​អេលីយ៉ា​ដែល​ត្រូវ​មក

15. អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ

16. តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធៀប​ដំណ​មនុស្ស​នេះ​ជា​អ្វី គឺ​ធៀប​ដូច​ជា​កូន​ក្មេង​អង្គុយ​នៅ​ទី​ផ្សារ ដែល​ស្រែក​ទៅ​គ្នា​វា​ថា

17. យើង​បាន​ផ្លុំ​ខ្លុយ​ឲ្យ​ឯង តែ​ឯង​មិន​បាន​រាំ យើង​បាន​ទួញ​ទំនួញ​ឲ្យ​ឯង តែ​ឯង​មិន​បាន​យំ​ទេ

18. ដ្បិត​យ៉ូហាន​បាន​មក​មិន​ស៊ី​មិន​ផឹក​សោះ តែ​គេ​ថា គាត់​មាន​អារក្ស​ចូល

19. ឯ​កូន​មនុស្ស បាន​មក​ទាំង​ស៊ី​ទាំង​ផឹក​ផង គង់​តែ​គេ​ថា មើល​នេះ​ជា​អ្នក​ល្មោភ​ស៊ី​ផឹក​ច្រើន ជា​មិត្រ​សំឡាញ់​របស់​ពួក​យក​ពន្ធ និង​មនុស្ស​មាន​បាប ប៉ុន្តែ ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ដែល​បង្កើត។

20. នោះ​ទ្រង់​ចាប់​តាំង​បន្ទោស​ដល់​អស់​ទាំង​ក្រុង ជា​កន្លែង​ដែល​ទ្រង់​បាន​ធ្វើ​ការ​ឫទ្ធិ‌បារមី​ជា​ច្រើន ពី​ព្រោះ​គេ​មិន​បាន​ប្រែ​ចិត្ត​សោះ គឺ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា

21. វេទនា​ដល់​ឯង ខូរ៉ាស៊ីន​អើយ វេទនា​ដល់​ឯង បេតសៃដា​អើយ ពី​ព្រោះ​ឯ​ការ​ឫទ្ធិ‌បារមី​ដែល​បាន​ធ្វើ​នៅ​កណ្តាល​ឯង បើ​បាន​ធ្វើ​នៅ​កណ្តាល​ក្រុង​ទីរ៉ុស និង​ស៊ីដូន​វិញ នោះ​គេ​នឹង​បាន​ប្រែ​ចិត្ត​ជា​យូរ​មក​ហើយ ទាំង​ស្លៀក​សំពត់​ធ្មៃ ហើយ​ព្រលាំង​ដោយ​ផែះ​ផង

សូមអានជំពូកពេញលេញ ម៉ាថាយ 11