គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 11:14-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ព្រម​ទទួល​ពាក្យ​នេះ នោះ​គឺ​លោក​នេះ​ហើយ ជា​លោក​អេលីយ៉ា​ដែល​ត្រូវ​មក

15. អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ

16. តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធៀប​ដំណ​មនុស្ស​នេះ​ជា​អ្វី គឺ​ធៀប​ដូច​ជា​កូន​ក្មេង​អង្គុយ​នៅ​ទី​ផ្សារ ដែល​ស្រែក​ទៅ​គ្នា​វា​ថា

17. យើង​បាន​ផ្លុំ​ខ្លុយ​ឲ្យ​ឯង តែ​ឯង​មិន​បាន​រាំ យើង​បាន​ទួញ​ទំនួញ​ឲ្យ​ឯង តែ​ឯង​មិន​បាន​យំ​ទេ

18. ដ្បិត​យ៉ូហាន​បាន​មក​មិន​ស៊ី​មិន​ផឹក​សោះ តែ​គេ​ថា គាត់​មាន​អារក្ស​ចូល

19. ឯ​កូន​មនុស្ស បាន​មក​ទាំង​ស៊ី​ទាំង​ផឹក​ផង គង់​តែ​គេ​ថា មើល​នេះ​ជា​អ្នក​ល្មោភ​ស៊ី​ផឹក​ច្រើន ជា​មិត្រ​សំឡាញ់​របស់​ពួក​យក​ពន្ធ និង​មនុស្ស​មាន​បាប ប៉ុន្តែ ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ដែល​បង្កើត។

20. នោះ​ទ្រង់​ចាប់​តាំង​បន្ទោស​ដល់​អស់​ទាំង​ក្រុង ជា​កន្លែង​ដែល​ទ្រង់​បាន​ធ្វើ​ការ​ឫទ្ធិ‌បារមី​ជា​ច្រើន ពី​ព្រោះ​គេ​មិន​បាន​ប្រែ​ចិត្ត​សោះ គឺ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា

21. វេទនា​ដល់​ឯង ខូរ៉ាស៊ីន​អើយ វេទនា​ដល់​ឯង បេតសៃដា​អើយ ពី​ព្រោះ​ឯ​ការ​ឫទ្ធិ‌បារមី​ដែល​បាន​ធ្វើ​នៅ​កណ្តាល​ឯង បើ​បាន​ធ្វើ​នៅ​កណ្តាល​ក្រុង​ទីរ៉ុស និង​ស៊ីដូន​វិញ នោះ​គេ​នឹង​បាន​ប្រែ​ចិត្ត​ជា​យូរ​មក​ហើយ ទាំង​ស្លៀក​សំពត់​ធ្មៃ ហើយ​ព្រលាំង​ដោយ​ផែះ​ផង

22. ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន នឹង​ទ្រាំ​បាន​ងាយ​ជា​ជាង​ឯង​រាល់​គ្នា

23. ហើយ​ឯ​ឯង កាពើ‌ណិម​អើយ ដែល​ឯង​បាន​ដំកើង​ឡើង​ស្មើ​នឹង​ស្ថាន‌សួគ៌​ហើយ ឯង​នឹង​ត្រូវ​ទំលាក់​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ ពី​ព្រោះ​ឯ​ការ​ឫទ្ធិ‌បារមី ដែល​បាន​ធ្វើ​នៅ​កណ្តាល​ឯង បើ​បាន​ធ្វើ​នៅ​ក្រុង​សូដុំម​វិញ នោះ​ក្រុង​គេ​នឹង​បាន​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

24. ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ នោះ​ក្រុង​សូដុំម​នឹង​ទ្រាំ​បាន​ងាយ​ជា​ជាង​ឯង។

25. នៅ​វេលា​នោះ ព្រះ‌យេស៊ូវ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​ព្រះ‌វបិតា ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌ និង​ផែនដី​អើយ ទូល‌បង្គំ​សរសើរ​ដល់​ទ្រង់ ដោយ​ព្រោះ​ទ្រង់​លាក់​សេចក្ដី​ទាំង​នេះ​នឹង​ពួក​អ្នក​ប្រាជ្ញ ហើយ​នឹង​ពួក​ឈ្លាស‌វៃ តែ​បាន​សំដែង​ឲ្យ​ពួក​កូន​ក្មេង​យល់​វិញ

សូមអានជំពូកពេញលេញ ម៉ាថាយ 11