គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 5:23-37 ព្រះគម្ពីរបរិសុទ្ធ (KHOV)

23. គាត់​ទទូច​អង្វរ​ទូល​ថា កូន​ស្រី​ទូល‌បង្គំ​ជិត​ស្លាប់​ហើយ សូម​ទ្រង់​យាង​ទៅ​ដាក់​ព្រះ‌ហស្ត​លើ​វា ឲ្យ​បាន​ជា នោះ​វា​នឹង​រស់​វិញ

24. ទ្រង់​ក៏​ចេញ​ទៅ​ជា​មួយ​នឹង​គាត់ ហើយ​មាន​មនុស្ស​កក‌កុញ​ដើរ​តាម​ទៅ ទាំង​ប្រជ្រៀត​ទ្រង់។

25. នោះ​មាន​ស្ត្រី​ម្នាក់​ឈឺ​ធ្លាក់​ឈាម​អស់ ១២ ឆ្នាំ​មក​ហើយ

26. នាង​បាន​ឈឺ​សន្ធឹក នៅ​ដៃ​គ្រូ‌ពេទ្យ​ជា​ច្រើន ហើយ​បាន​ចំណាយ​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មានៗ តែ​មិន​បាន​គ្រាន់​បើ​សោះ ជំងឺ​នោះ​កាន់​តែ​ខ្លាំង​ឡើង​វិញ

27. នាង​បាន​ឮ​និយាយ​ពី​ព្រះ‌យេស៊ូវ ក៏​ចូល​មក​ក្នុង​ហ្វូង​មនុស្ស​ពី​ក្រោយ ទៅ​ពាល់​ព្រះ‌ពស្ត្រ​ទ្រង់

28. ដោយ​គិត​ថា បើ​គ្រាន់​តែ​ពាល់​ព្រះ‌ពស្ត្រ​ទ្រង់​ប៉ុណ្ណោះ នោះ​នឹង​បាន​ជា​ហើយ

29. ឯ​ជំងឺ​ធ្លាក់​ឈាម ក៏​បាត់​ក្នុង​ខណៈ​១​រំពេច​នោះ ហើយ​នាង​បាន​ដឹង​ក្នុង​ខ្លួន​ថា នាង​រួច​ពី​សេចក្តី​វេទនា​នោះ​ហើយ

30. នោះ​ស្រាប់​តែ​ព្រះ‌យេស៊ូវ​ជ្រាប​ក្នុង​ព្រះ‌អង្គ​ទ្រង់​ថា មាន​ព្រះ‌ចេស្តា​ចេញ​ពី​ទ្រង់ ក៏​ងាក​បែរ​ព្រះ‌អង្គ​ក្នុង​ហ្វូង​មនុស្ស​សួរ​ថា អ្នក​ណា​ពាល់​អាវ​ខ្ញុំ

31. ពួក​សិស្ស​ទូល​ថា ទ្រង់​ឃើញ​ថា​ហ្វូង​មនុស្ស​ប្រជ្រៀត​ទ្រង់​ដែរ ម្តេច​ឡើយ​ក៏​មាន​ព្រះ‌បន្ទូល​ថា អ្នក​ណា​ពាល់​ទ្រង់​ដូច្នេះ

32. ទ្រង់​ងាក​ទត​ទី​ជុំ‌វិញ និង​រក​អ្នក​ណា​ដែល​បាន​ធ្វើ​ការ​នោះ

33. ឯ​ស្ត្រី​នោះ​នាង​ដឹង​ការ​ដែល​កើត​មក​ក្នុង​ខ្លួន​ហើយ ក៏​មក​ទាំង​ភ័យ​ញ័រ ទំលាក់​ខ្លួន​ក្រាប​ចុះ​នៅ​ចំពោះ​ទ្រង់ ទូល​តាម​ត្រង់​ទាំង​អស់

34. ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា កូន​ស្រី​អើយ សេចក្តី​ជំនឿ​នាង បាន​ជួយ​សង្គ្រោះ​នាង​ហើយ ចូរ​ទៅ​ឲ្យ​បាន​ប្រកប​ដោយ​សេចក្តី​សុខ​ចុះ ហើយ​ឲ្យ​នាង​បាន​រួច​ពី​សេចក្តី​វេទនា​របស់​នាង​ទៅ។

35. កំពុង​ដែល​ទ្រង់​នៅ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ នោះ​មាន​មនុស្ស​មក​ពី​ផ្ទះ​មេ​សាលា​ប្រជុំ ជំរាប​ថា កូន​ស្រី​លោក​ស្លាប់​ហើយ នៅ​តែ​រំខាន​ចិត្ត​លោក​គ្រូ​ធ្វើ​អ្វី​ទៀត

36. កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ពាក្យ​គេ​ប្រាប់ ស្រាប់​តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​មេ​សាលា​ប្រជុំ​ថា កុំ​ខ្លាច​អី ឲ្យ​គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ

37. ទ្រង់​មិន​ឲ្យ​អ្នក​ណា​ឯ​ទៀត​ទៅ​ជា​មួយ​ឡើយ លើក​តែ​ពេត្រុស យ៉ាកុប និង​យ៉ូហាន ជា​ប្អូន​យ៉ាកុប​ប៉ុណ្ណោះ

សូមអានជំពូកពេញលេញ ម៉ាកុស 5